កម្មករ​ម្នាក់​ស្នាក់​នៅ​ក្រៅ​បន្ទប់​ជួល​ជាង​២​ខែ​ បន្ទាប់​ពី​ថៅកែ​បញ្ឈប់​ពី​ការងារ​​

លោក សៅ ដារ៉ា មានស្រុកកំណើតនៅខេត្តព្រៃវែង អះអាងថា ជាកម្មកររោងចក្រ W&D រៀប​រាប់ប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមដល់អ្នកកាសែត។ រូបភាព៖ ណាត សុភាព

ក្រុម​កម្មករ​រោងចក្រ W&D ម្នាក់ស្នាក់នៅក្រៅបន្ទប់ជួល ដោយថាមកពីថៅកែរោងចក្របញ្ឈប់ពីការងារអស់រយៈពេលជាង២ខែ និងមិនព្រមបើកប្រាក់អតីតភាពការងារជូនកម្មករ។

លោក សៅ ដារ៉ា មានស្រុកកំណើតនៅខេត្តព្រៃវែង អះអាងថា ជាកម្មកររោងចក្រ W&D បានរៀប​រាប់ប្រាប់អ្នកសារព័ត៌មានថា គាត់ត្រូវបានថៅកែបញ្ឈប់ពីការងារអស់រយៈពេលជាង២ខែមកហើយ និងមិនព្រមបើកប្រាក់អតីតភាពការងារដល់រូបគាត់ និងកម្មករផ្សេងទៀតជាដើម។ ករណីនេះនេះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងស្នាក់នៅក្រៅបន្ទប់ជួល ដោយសារមិនមានប្រាក់ឲ្យម្ចាស់ផ្ទះ។

ក្រុមកម្មកររោងចក្រ W &D ហែញត្តិទៅផ្ទះលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍ឲ្យកម្មករដែលត្រូវភាគីរោងចក្របញ្ឈប់បានចូលធ្វើការវិញ នារសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

លោករៀប​រាប់ដូចនេះថា៖ «កាលមុនធ្វើការងារបានលុយ ផ្ញើទៅអ្នកផ្ទះ ផ្ញើទៅអង្គការ [សងបំណុលអង្គការ] ដល់ថ្ងៃបង់ផ្ញើទៅ ទុកខ្លួនឯងបន្តិចបន្តួច គ្រាន់ទុកហូប ជួនណាក៏អត់លុយ ជួនណាក៏មានលុយទៅក៏ហូបទៅ ជួនណាអត់លុយក៏អត់បាយ១ថ្ងៃទៅ ទៅជាខ្យល់ឈឺ»។

អ្វីដែលគួរឲ្យកត់សំគាល់ លោក ដារ៉ា បញ្ជាក់ថា កម្មករផ្សេងទៀតក៏ជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារដូចរូបគាត់ដែរ។

ម្ចាស់ផ្ទះអះអាងថា គាត់ជួលផ្ទះឲ្យកម្មកររូបនោះក្នុងមួយខែ២៥ដុល្លារ ចំនួន៥ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីថា កម្មកររូបនោះជាមនុស្សស្លូតបូត ស្មោះត្រង់ មិនដែលបង្កការលំបាកក្នុងការបង់ប្រាក់ឈ្នួលបន្ទប់នោះទេ។ អ្នកស្រីថាគាត់ អាណិតក៏ឲ្យកម្មកររូបនោះស្នាក់នៅក្រៅបន្ទប់បណ្តោះអាសន្នរហូតមានការងារធ្វើវិញ ទើបយកថ្លៃជួលបន្ទប់​។

អ្នកស្រីនិយាយថា៖ «ខ្ញុំអត់ទាន់សម្រេច​យកគាត់ប៉ុន្មានទេ ព្រោះគាត់អត់មានការងារធ្វើ ឲ្យគាត់នៅបណ្តោះអាសន្នសិន ព្រោះរោងចក្រគាត់មានបញ្ហា ចឹងចាំគាត់មានការងារធ្វើសិន ចាំយើងគិតទៀត​​»។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ផ្តល់ជាអនុសាសន៍ថា មានតែស្ថាប័នរដ្ឋទេ ដែលអាច​ជួយរកដំណោះស្រាយ​ជូនភាគីនិយោជក និងនិយោជិត ឲ្យមានភាពយុត្តិធម៌ទាំងសងខាង។

លោកផ្តល់ជាអនុសាសន៍ថា៖ «ប្រមុខដឹកនាំបានប្រាប់ក្រសួងការងារហើយ ឲ្យ​ធ្វើម៉េច​យកកម្មករចូលធ្វើការងារវិញ ដូច្នេះមានតែស្ថាប័នរដ្ឋទេ ទើបមានសម្ពាធគ្រប់គ្រាន់ក្នុងការដាក់កំហិតទៅកាន់ភាគីនយោជក ដែលមានជំរើសពីរថា បើមិនយកចូល ត្រូវទូទាត់ប្រាក់បំណាច់ជូនពួកគាត់ទៅតាមផ្លូវច្បាប់ ជាហេតុផលដើម្បីធ្វើឲ្យពួកគាត់​មានលទ្ធភាពក្នុងគោលការដោះស្រាយទៅនឹងបញ្ហាជីវភាព​ »។

កាលពីថ្ងៃទី០៥ ខែមីនា ​ម្សិលមិញនេះ កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងខណ្ឌមានជ័យ បាន​ដើរហែក្បួនពីរោងចក្រ ទៅរកកិច្ចអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីរួចមកហើយ ប៉ុន្តែ ពួកគេ​អះ​អាង​ថា មន្ត្រីខុទ្ទកាល័យបានទទួលយកញត្តិ និងសន្យាជូនដំណឹងទៅថ្នាក់ដឹកនាំសម្រេចនៅពេលក្រោយ ប៉ុន្តែ មិន​ទទួលបានដំណោះស្រាយនោះ​ឡើយ។

កាលពីចុងឆ្នាំ២០១៨ កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ា ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ ដោយថា មិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ