ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ផ្ដល់ជំនួយ១១.៥លានអឺរ៉ូ ឬប្រហែល១២លានដុល្លារ ដល់កម្ពុជាសុំម្រាប់ស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនៅតាមតំបន់ជនបទ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម បានរៀបរាប់នៅលើទំព័របណ្ដាញសង្គមរបស់ខ្លួនបន្ថែមទៀតថា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិសុទ្ធ បានចុះហត្ថលេខាទទួលយកជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នូវឥណទានជាង១២លានដុល្លារ កាលពីថ្ងៃម្សិលមិញនេះ។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ជំនួយរបស់បារាំងនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទឹក ដែលគ្រោងនឹងចាប់ផ្ដើមនៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ។
ក្រសួងបានរៀបរាប់ទៀតថា រដ្ឋាភិបាលកម្ពុជាក៏បានបដិភាគថវិកាចំនួន១២,៥លានអឺរ៉ូ ប្រមាណជាង១៤លានដុល្លារផងដែរទៅក្នុងគម្រោងនេះ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ក៏បានផ្ដល់ជំនួយ ៧៩លានអីរ៉ូ ឬប្រហែលជាង៨៩លានដុល្លារ ដល់កម្ពុជាលើគម្រោងនេះដែរ៕









