បឹងបេ ៦ ឬហៅម្យ៉ាងទៀតថា ឡូតិ៍លេខ ៦ ដែលស្ថិតក្នុងចំណោមបឹងធម្មជាតិជាច្រើននៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម មិនត្រឹមតែជាប្រភពទឹកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាប្រភពធនធានត្រីសម្រាប់ចិញ្ចឹមប្រជាជនជាច្រើនគ្រួសារ ដែលរស់នៅតាមដងទន្លេមេគង្គផងដែរ ប៉ុន្តែ ប្រជាសហគមន៍ បានអះអាងថា បទល្មើសនេសាទជាច្រើន បានកើតឡើងនៅតំបន់នេះផងដែរ។
សហគមន៍បញ្ជាក់ថា បទល្មើសទាំងនោះ មានដូចជារបាំងលប និងអួនស្បៃមុង ពិសេសនៅរដូវទឹកឡើង ព្រមទាំងមានការប្រើឧបករណ៍ឆក់ អូសយាំងកាវ នៅតាមដងទន្លេ ដោយកើតឡើងភាគច្រើននៅពេលយប់ ហើយមានការជីកស្រះឬ បៀរនៅក្នុងតំបន់បឹងសាធារណៈជាដើម។
អនុប្រធានសហគមន៍នេសាទបឹងបេ៦ នៅឃុំរកាអារ លោក ឡេង ផេង មានប្រសាសន៍ថា បច្ចុប្បន្ន លោកស្ទើរតែគ្មានកម្លាំងដើម្បីរាយការណ៍ពីស្ថានភាពបទល្មើសប្រាប់ទៅអាជ្ញាធរជំនាញទៀតទេ បន្ទាប់ពីការបង្ក្រាបបទល្មើសមិនសូវមានប្រសិទ្ធភាពឡើយ។
មេសហគមន៍រូបនេះ អះអាងបន្តថា ឧបករណ៍នេសាទខុសច្បាប់ប្រភេទអួនឆក់ត្រជាក់ ត្រូវបានប្រើប្រាស់នៅពេលយប់ នៅក្នុងភូមិសាស្ត្រចាប់ពីឃុំខ្ចៅ រហូតដល់ឃុំស្ដៅ។

លោក ឡេង ផេង បន្តថា៖ «បាទ ត្រូវ ព្រោះប្រជាពលរដ្ឋគាត់មកប្តឹង ហើយខ្ញុំនេះជាសហគមន៍ គឺមានចិត្តមួយថា ព្រោះយើងបានផ្តល់ព័ត៌មានឱ្យអាជ្ញាធរឃុំគាត់អ្នកធ្វើ [បង្ក្រាបបទល្មើស] ហើយវាជាបញ្ហាប្រឈម ដល់មិនទាន់បានធ្វើ[បង្ក្រាបបទល្មើស] ប្រជាពលរដ្ឋមកស្រែកដាក់យើងថា សហគមន៍មិនដឹងជាធ្វើស្អី។ វាអត់មានប្រសិទ្ធភាពអីចឹង។ កន្លែងហ្នឹងហើយដែលធ្វើឱ្យខ្ញុំមានទឹកចិត្តថា ដូចមិនចង់បន្តទៀត»។
បឹងបេ៦ មានទំហំជិត ១ម៉ឺនហិកតា មានព្រំប្រទល់ជាប់ឃុំចំនួន៦ រួមមានឃុំព្រែកកុយ ឃុំស្តៅ ឃុំរកាអារ ឃុំខ្ចៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង ជាទីដែលពលរដ្ឋប្រហែល ៨០ភាគរយជាអ្នកប្រកបមុខរបរធ្វើស្រែចម្ការ និងរបរនេសាទ។
មានសម្បុរខ្មៅ និយាយមាត់ៗ ច្បាស់ៗ លោក វ៉ន សំអន ជាអនុប្រធានសហគមន៍នេសាទបេ៦ នៅឃុំរាយប៉ាយ និយាយថា ប្រសិនបើបឹងតំបន់នេះ មិនមានបទល្មើសនេសាទទេ ធនធានត្រីនឹងកើនឡើង ហើយទិន្នផលត្រីនឹងមានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពលរដ្ឋរាប់ម៉ឺននាក់ដែលរស់នៅជុំវិញតំបន់នេះផងដែរ។
ប្រជានេសាទរូបនេះ ជំរុញឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសមានប្រសិទ្ធភាព តាមរយៈការបង្កើនការអនុវត្តច្បាប់ និងការផ្សព្វផ្សាយដល់ពលរដ្ឋ ហើយផ្តល់ថវិការជាតិមួយចំនួនដល់សហគមន៍ សម្រាប់ការចុះល្បាតឱ្យបានញឹកញាប់ជាដើម។

លោកបន្ថែមថា៖ «បាទ រឿងឱ្យមានប្រសិទ្ធភាព ដូចខ្ញុំបាននិយាយដដែលៗ ទីមួយហ្នឹងសុំឱ្យអាជ្ញាធរហ្នឹង ចូលរួម ព្រោះអាជ្ញាធរហ្នឹង គាត់ជាមេគ្រប់គ្រងទាំងអ្នកល្អ ទាំងអ្នកមិនល្អ ទាំងអ្នកល្មើសទាំងអ្នកមិនល្មើស។ អីចឹងក្នុងចំណោមភូមិឃុំរបស់យើងគឺមានគាត់ហ្នឹងហើយ »។
បុរសវ័យជាង ៥០ឆ្នាំរូបនេះ សម្តែងក្តីបារម្ភថា ប្រសិនបើបទល្មើសនៅតែបន្តកើតឡើងឥតឈប់ឈរ ធនធានត្រីនឹងកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏មានពូជត្រីមួយចំនួនចាប់ផ្តើមបាត់បង់ជាបណ្តើរៗដែរ។
ការថយចុះនៃទិន្នផលត្រីបែបនេះ សហគមន៍ដដែលថា នឹងបណ្តាលឱ្យពលរដ្ឋដែលរស់ពឹងអាស្រ័យលើផលនេសាទលក្ខណៈគ្រួសារកាន់តែជួបបញ្ហាប្រឈម ដូចជាបាត់បង់ប្រាក់ចំណូល ហើយត្រូវចំណាយប្រាក់ថែមទៀតសម្រាប់ទិញត្រីចិញ្ចឹមមកបរិភោគជំនួសវិញ។
ប្រធានសហព័ន្ធសហគមន៍នេសាទបឹងបេ៦ លោក អៀង ណាំ មានប្រសាសន៍ថា បទល្មើសនេសាទពិតជាកើតមានក្នុងទីតាំងភូមិសាស្ត្រឃុំទាំង៦នេះប្រាកដមែន ពិសេសបទល្មើសឆក់ និងបូមស្រះឬបៀរ ដែលគេបានជីកសម្រាប់សម្បត្តិឯករាប់រយកន្លែង ក្នុងរដូវប្រាំងនេះ។
លោកថា មូលហេតុដែលធ្វើឱ្យបទល្មើសនៅតែកើតមាន ដោយថាការអនុវតច្បាប់នៅពុំទាន់មានប្រសិទ្ធភាព ម្យ៉ាងក៏ខ្វះកិច្ចសហការរវាងសហគមន៍ ជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញផងដែរ។

លោកបន្ថែមថា៖ «បទល្មើសហ្នឹងវាធ្វើព្យុះធ្វើភ្លៀង ជំនាញ អាជ្ញាធរមិនសូវយកចិត្តទុកដាក់ ក្នុងកិច្ចសហការយើងស្នើទៅហ្នឹង ដូចជាយឺតយ៉ាវ មិនសូវជាមានពេលចូលរួមជាមួយយើង។ ហើយបើមានហើយ ជនល្មើសនៅហ្នឹង រហូតពួកគេបង្កព្យុះភ្លៀង ព័ទ្ធចាប់ ព័ទ្ធរកវៃយើងទៀត ក៏អាជ្ញាធរជំនាញហ្នឹងក៏មិនសូវយកចិត្តទុកដាក់អនុវត្តច្បាប់ ធ្វើឱ្យជនល្មើសបានចិត្ត គំរាមមកលើយើងជាអ្នកចុះទៅការពារហ្នឹងវិញ »។
បឹងបេ៦ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតពីឯកជន ប្រគល់ឱ្យពលរដ្ឋ ដើម្បីគ្រប់គ្រងនិងនេសាទសម្រាប់ចិញ្ចឹមជីវិត កាលពីឆ្នាំ២០១២។
នាយខណ្ឌជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន ទទួលស្គាល់ថា បទល្មើសនេសាទនៅក្នុងខេត្តកំពង់ចាម ពិសេសនៅតំបន់បឹងបេ ៦ ពិតជាកើតមានខ្លះប្រាកដមែន ប៉ុន្តែលោកថាបទល្មើសនេសាទកាលពីឆ្នាំមុន គឺ ថយចុះជាង២០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ។ ចំណែកបទល្មើសអូសអួនឆក់ត្រជាក់ លោកថាក្នុងទឹកដីខេត្តកំពង់ចាម គ្មានបទល្មើសប្រភេទនេះទេ។
យ៉ាងនេះក្តីលោកថា មន្ត្រីជំនាញ តែងបង្កើតកិច្ចសហការល្អជាមួយប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន និងបានចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រដែលសហគមន៍បារម្ភជាហូរហែទៀតផង។
លោក អ៊ុក ណារិន បន្ថែម៖ «ខ្ញុំចង់ឱ្យសហគមន៍ហ្នឹងមេត្តាគិតឡើងវិញ គាត់ ផ្តល់ព័ត៌មានមករដ្ឋបាលជលផលដែលជំនាញ សួរថាតើដែលបដិសេធទេ? ខាងរដ្ឋបាលជលផលអត់ដែរបដិសេធទេ តែងចុះបង្ក្រាបជាមួយគាត់ ហើយរហូតដល់ពេលខ្លះ គាត់មកមិនទាន់ទៀតផង» ។
របាយការណ៍រដ្ឋបាលខណ្ឌជលផលកំពង់ចាម ឱ្យដឹងថាកាលពីឆ្នាំមុនមន្ត្រីជំនាញបានចុះបង្ក្រាបបទល្មើសចំនួន ១៣៩ករណី ក្នុងនោះបទល្មើសដែលបង្ក្រាបនៅស្រុកកងមាស ពិសេសនៅតំបន់បឹងបេ ៦ មានចំនួនជិត៦០ករណី។
ក្នុងនោះអាជ្ញាធរបានបំផ្លាញចោលលូស្បៃមុងជាង២ពាន់មាត់(២ ០៤៧) និងរបាំងលូស្បៃមុងប្រវែងជាង១សែនម៉ែត្រ(១០៣ ៥៤៤) ហើយមានបង្គោលជិត៤ម៉ឺនដើម និងលែងកូនត្រីចម្រុះជាង១តោន ។
បន្ថែមពីនេះ មន្ត្រីជំនាញបង្ក្រាបដៃឬ អួនដាក់កាត់ទន្លេទូទាំងខេត្ត ពិសេសនៅឃុំស្តៅជាង៤០ មាត់ រឹបអូសបានឧបករណ៍ឆក់ជិត៨០គ្រឿង និងបញ្ជូនជនល្មើសពីរនាក់ទៅតុលាការ និងបានដាក់ពន្ធនាគារជាដើម។
នាយកខណ្ឌជលផលដដែល លោក អ៊ុក ណារិន បន្ថែមថា អ្វីដែលពិសេសជាងនេះទៀត កាលពីចុងខែមករាឆ្នាំនេះ សមត្ថកិច្ចមូលដ្ឋាននៅជុំវិញតំបន់បឹងបេ៦ ទាំង៦ឃុំ បានកោះហៅជនសង្ស័យចំនួនជិត១រយគ្រួសារ មកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពដែលអាជ្ញាធរសង្ស័យថាពាក់ព័ន្ធការនេសាទខុសច្បាប់ទៀតផង។
មន្ត្រីជាន់ខ្ពស់ផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលធ្លាប់បានចុះធ្វើការងារជាមួយសហគមន៍នេសាទ មើលឃើញថាស្ថានភាពបទល្មើសនេសាទនៅប្រទេសកម្ពុជានៅតែជាក្តីបារម្ភ។ លោកបន្តថា បទល្មើសនេសាទនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើមន្ត្រីពាក់ព័ន្ធមានឆន្ទៈពិតប្រាកដ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស ដោយមិនពាក់ព័ន្ធនឹងអំពើពុករលួយនោះ។
សង្គមស៊ីវិលរូបនេះ កត់សម្គាល់ថា ប្រជាសហគមន៍កម្រនឹងទទួលបាន កិច្ចសហការស្មោះត្រង់ ពីអាជ្ញាធរដែនដីឬ មន្ត្រីជំនាញ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទណាស់។
លោកមានប្រសាសន៍ថា៖ «តាមពិតដើម្បីបង្ហាញមុខមាត់មន្ត្រីខិលខូចហ្នឹង ថ្នាក់លើប្រាកដជាមិនដឹងទេ។ អីចឹង មានតែសហគមន៍ ប្រជាពលរដ្ឋ សង្គមស៊ីវិល ត្រូវតែបង្ហាញមុខមាត់មន្ត្រីខិលខូចទាំងអស់ហ្នឹង ជាសាធារណៈ។ អាចតាមរយៈផ្តល់ព័ត៌មានតាមសារព័ត៌មាន ឬតាមហ្វេសប៊ុកឬ ដាក់ បណ្តឹងបរិហារ៍ជាផ្លូវការទៅតុលាការតែម្តង។ បាទ! អាហ្នឹងទើបសហគមន៍យើងអាចឈានទៅដល់ គោលដៅមួយជ្រើសរើសមន្ត្រីល្អ មានឆន្ទៈប្រតិបត្តិការងារការពារធនធានធម្មជាតិហ្មឹង»។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងថា ត្រូវផ្ដន្ទាទោសបទល្មើសជលផលថ្នាក់ទី១ ដាក់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។
បទល្មើសទាំងនោះរួមមាន ការកាប់ឆ្ការ ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង បង្កឲ្យភ្លើងឆេះ ឬដុតព្រៃលិចទឹក និងព្រៃកោងកាង។ នេសាទដោយប្រើឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទក្នុងដែននេសាទ ឬនេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតឡើងថ្មី និងរបៀបនេសាទបែបថ្មី ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីជលផលជាដើម៕









