លោក​ ហ៊ុន សែន​ លើក​ឡើង​​​ថា មូលនិធិ​ស៊ីក្លូ​អាច​នឹងត្រូវ​​លុបចោល​ បើ​មាន​នាយករដ្ឋមន្ត្រីថ្មី​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០នាក់ នៅមជ្ឈមណ្ឌលកោពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ នឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកធាក់ស៊ីក្លូថា មូលនិធិនេះអាចនឹងត្រូវលុបចោលវិញ បើលោកបា​ត់ប​ង់​តំ​​ណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃណាមួយនោះ។

ការអះអាងបែបនេះ​របស់លោក ហ៊ុន សែន ​ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល​ជាមួយសមាជិកអ្នកធាក់ស៊ីក្លូ​ នៅ​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃសុក្រនេះ។

លោក ហ៊ុន សែន ថ្លែងក្នុងពិធីនោះថា មួយជីវិតរបស់លោក ចាប់ពីថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩មក លោកថា បាន​ធ្វើកិ​ច្ចកា​រមនុស្សធម៌រៀងរហូតមក រួមទាំងការបង្កើតឲ្យមានមូលនិធិអ្នកធ្លាក់ស៊ីក្លូនេះផងដែរ។

ប៉ុន្តែ​ មេដឹកនាំរូបនេះ អះអាងថា មូលនិធិអ្នកធាក់ស៊ីក្លូអាច​នឹងបាត់បង់ទៅវិញ បើពលរដ្ឋឈប់គំាំ​ទ្រលោក​ជានាយក​រដ្ឋ​​មន្រ្តីនោះ​។

លោកថា៖ « ប្រសិនបើ ហ៊ុន សែន មិនមែនជានាយករដ្ឋមន្ត្រីបន្តទៀត ក៏អាចនិយាយបានថា វាក៏រលាយទៅវិញដែរ ព្រោះបើអ្នកទាំងអស់គ្នាលែងត្រូវការខ្ញុំហើយ តើខ្ញុំមានកា​រចាំបាច់ដើម្បីបន្តវាធ្វើអ្វីទៀត។ អញ្ចឹង ​ទុកឲ្យនាយ​ករដ្ឋ​មន្ត្រីក្រោយ គេធ្វើកិច្ចការងារនេះទៅ។ ប៉ុន្តែខ្ញុំជឿថា បើនៅតែជា​នាយករដ្ឋមន្ត្រីចេញពីគណបក្សប្រជាជន ខ្ញុំគិតថា​មូ​ល​​​​និធិនេះមិនត្រូវបាត់បង់ទេ»។

កាលពីខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានបង្កើតមូលនិធីស៊ីក្លូ ដែលសមាជិកជា​អ្នកធាក់ស៊ីក្លូ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីមូលនិធិនេះ ម្នា​ក់ៗចំនួន៧ពាន់​រៀលក្នុង​មួយថ្ងៃ និងទទួលបានការព្យាបាល​ជំងឺដោ​យ​ឥតគិ​ត​ថ្លៃដែល​ធានាដោយបេឡាជាតិរបបសន្តិសុខសង្គម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ