សកម្មជនដីធ្លីសហគមន៍បឹងកក់ស្នើទៅសាលាដំបូងរាជធានីភ្នំពេញឲ្យទម្លាក់បទចោទប្រកាន់មកលើពួកគេ ដោយថា ពួកគេមិនប្រើប្រាស់អំពើហិង្សាទៅលើអតីតសកម្មជនដីធ្លីម្នាក់ទៀតនោះទេ។
នៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសកម្មជនដីធ្លីសហគមន៍បឹងកក់ចំនួន ៤ នាក់ មានឈ្មោះ ង៉ែត ឃុន ឈ្មោះ អេង សុខា ឈ្មោះ អេង ស្រីហ៊ាង និងឈ្មោះ អេង ហួយ ក្នុងសំណុំរឿងហិង្សាដោយចេតនា ដែលប្តឹងដោយអតីតសកម្មជនបឹងកក់ម្នាក់ឈ្មោះ សាទ សុខា។
ក្នុងបន្ទប់សវនាការសកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន បានប្រាប់ទៅចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញថា អ្នកស្រីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ ដោយថា អ្នកដែលប្ដឹងគាត់ទេ បានប្រើប្រាស់អំពើហិង្សានោះ។
សកម្មជនដីធ្លីសហគមន៍បឹងកក់អ្នកស្រី អេង សុខា អះអាងប្រហាក់គ្នាថា នៅក្នុងហេតុការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នោះ អ្នកស្រីគ្រាន់តែចូលទៅឃាត់ម្ដាយតែប៉ុណ្ណោះ ដោយមិនបានវាយឈ្មោះ សាទ ថា ឡើយ។ អ្នកស្រីស្នើទៅចៅក្រមឲ្យទម្លាក់បទចោទប្រកាន់។
ក្រោយពីសួរដេញដោលប្រហែលជា ១ ម៉ោង ចៅក្រមជំនុំជម្រះបានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ ទោះជាយ៉ាងណាក្នុងសវនាការនាថ្ងៃនេះ មិនមានដើមបណ្ដឹងចូលនោះទេ ។









