ជនជាតិ​ដើម​​ចោទ​អាជ្ញាធរ​ស្រុក​លំផាត់ យក​ដី​តំបន់​អភិរក្ស​៥០០​ហិកតា​ពុះ​ជា​ដី​ឡូតិ៍​លក់​

ត្រាក់ទ័រកំពុងឈូសឆាយដីនៅតំបន់អភិរក្សស្រុកលំផាត់។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាសហគមន៍ជនជាតិដើមភាគតិចទំពូននៅស្រុកលំផាត់ ខេត្តរតនគិរី ចោទអាជ្ញាធរថា បានឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីកាប់បំផ្លាញព្រៃឈើ និងយកដីនោះទៅពុះឡូតិ៍លក់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។

តំណាងជនជាតិដើមភាគតិចទំពូនម្នាក់រស់នៅភូមិកែងសាន់ ឃុំសេដា លោក ខាំ នីន អះអាងថា កន្លងមកគាត់បានដាក់ពាក្យប្ដឹងទៅស្រុក និងមន្ទីរបរិស្ថានខេត្តឲ្យពិនិត្យនិងចាត់វិធានការ ករណីកាប់បំផ្លាញព្រៃឈើ ប៉ុន្តែស្ថាប័នទាំងអស់នោះ មិនមានវិធានទេ បែរជាមកប្ដឹងគាត់ទៅវិញ។ លោកបន្តថា ដីព្រៃស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃចំនួន ៥០០ ហិកតា ត្រូវបានមេភូមិកែងសាន់ មេឃុំសេដា និងស្រុក ឃុបឃិតគ្នាកាប់ឈើអស់ ហើយបានយកដីនោះទៅជាពុះឡូតិ៍លក់។

លោកថា៖ «ព្រៃឈើវាអស់ទៅបាត់ហើយ វាអត់ឃើញមានផងហ្នឹង! នៅសល់បន្តិចបន្តួចហ្នឹង។ កាលពីខែ៨ និងខែ៩ ឆ្នាំ២០១៨ វាមិនទាន់អស់ទេ ១០០ហិកតាហ្នឹង លូវអស់ហើយ [ដើមឈើ] ដួលអស់ហើយ គេដាក់ពុះជាឡូតិ៍លក់អស់ហើយ។ មានតែអាជ្ញាធរហ្នឹង ប្រជាពលរដ្ឋណាទៅហ៊ានធ្វើអញ្ចឹងៗទៅ មានតែអាជ្ញាធទេនៅក្រោយខ្នង ទើបហានធ្វើនោះ»។

លោក ខាំ នីន ស្នើទៅក្រសួងបរិស្ថាប័ន និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ និងចាត់វិធានការទៅលើមន្ត្រីថ្នាក់ក្រោម ដោយថា បើមិនដូចនោះទេ ព្រៃឈើនៅតំបន់ដែនជម្រកលំផាត់នឹងវិនាសអស់ឆាប់ៗ។

ប្រធានការិយាល័យរដ្ឋបាលព្រៃឈើស្រុកលំផាត់ លោក សាន សានី បានច្រានចោលការចោទប្រកាន់នេះ ដោយថា មិនមានអាជ្ញាធរណាម្នាក់កាប់ព្រៃឈើក្នុងតំបន់ដែនជម្រក ដើម្បីយកដីពុះឡូតិ៍លក់នោះទេ។

លោកថា៖ «ខ្ញុំដូចអត់មាន អត់ដែលលឺថា មានពុះដីឡូតិ៍លក់ដីព្រៃ នៅក្នុងតំបន់ការពារវាអត់មាន។ ភូមិបាលណា! អត់មានសិទ្ធិទៅពុះឡូតិ៍ចែក ចេញជាប្លង់ឲ្យដែរ ព្រោះតំបន់ការពារអត់មានសិទ្ធិទេ មានតែរដ្ឋាភិបាល»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា មានប្រសាសន៍ថា ក្រសួងនឹងធ្វើកិច្ចការជាមួយមន្ត្រី ដោយថា ប្រសិនបើរកឃើញ មានការកាប់បំផ្លាញព្រៃឈើ ហើយយកដីពុះឡូតិ៍៍លក់មែននោះ ក្រសួងនឹងចាត់វិធានការ។

លោកថា៖ «យើងទទួលយកព័ត៌មាននេះ ហើយយើងខ្ញុំនឹងធ្វើការនេះ ជាមួយនឹងមន្ត្រីជំនាញរបស់មន្ទីរបរិសា្ថននៅក្នុងខេត្ត ដើម្បីចុះពិនិត្យមើលជាក់ស្ដែងថា តើមានការកើតឡើងនៅបញ្ហាទាំងអស់នេះដែរឬទេ? ខ្ញុំបាទសូមជម្រាបថា គ្មាននរណាម្នាក់អាចយកដីព្រៃរបស់រដ្ឋ ឬមួយដីរដ្ឋយកទីលក់ដូរ ឬមួយពុះចែកគ្នា គ្មានការអនុញ្ញាតទេ បើសិនជាយើងរកឃើញថា មានករណីនេះ មានពិតមែននោះ គឺយើងនឹងប្រមូលនូវភស្តុតាង ក៏ដូចជា ធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់»។

លោក ខាំ នីន អះអាងថា កាលពីឆ្នាំ២០១៤ ដីព្រៃអភិរក្សមានទំហំ ៤០០០​ហិកតា ស្ថិតនៅក្នុងឃុំសេដា ប៉ុន្តែបច្ចុប្បន្ន ដីព្រៃអភិរក្សនេះ នៅសល់ប្រមាណ ១០០០​ហិកតាប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ