មនុស្ស​២​នាក់​ស្លាប់​ និង​២​នាក់​របួស​ក្នុង​ករណី​ផ្ទុះ​មីន​ក្នុង​សប្តាហ៍​នេះ​

អាជ្ញាធរសមត្ថកិច្ចចង្អុលបង្ហាញពីឧបករណ៍ដោះមីនរបស់អ្នកស៊ីឈ្នួលដោះមីន ក្រោយពីមានហេតុការណ៍ផ្ទុះគ្រាប់មីនពីការដោះនោះ ស្ដិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ១៤​ ខែមិនា​ ឆ្នាំ​២០១៩​។ រូបភាព៖ ហ្វេសប៊ុក HENG Ratana

ប្រជាពលរដ្ឋពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ក្នុងករណីផ្ទុះមីនបីកន្លែងផ្សេងគ្នាដែលកើតឡើងបន្តបន្ទាប់ក្នុងសប្តាហ៍នេះ។

ប្រធាន​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ ​ស៊ី​ម៉ាក​ លោក​ ហេង​ រតនា​ បានសរសេរសារលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួនពីរនាក់ ក្នុងចំណោមបីនាក់ ស៊ីឈ្នួលបោសសម្អាតគ្រប់មីន បានបាត់បង់ជីវិក្នុងករណីផ្ទុះមីនតោន ដែលកើតឡើងកាលពីរសៀលថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៩ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ប្រភពដដែលបានឲ្យដឹថា ហេតុការណ៍នេះកើតឡើងនៅលើដីចំការរបស់ ឈ្មោះ មាន សីហា ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ជនរងគ្រោះថ្នាក់ស្លាប់ មានឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ រស់នៅក្នុងខេត្តបាត់ដំបង​ និងម្នាក់ទៀតឈ្មោះ ម៉ៅ កំសត់  អាយុ ២០ឆ្នាំ រស់នៅខេត្តឧត្ដរមានជ័យ​ ។

លោក ហេង រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅពេលសង្ស័យថា ដីស្រែឬចំការរបស់ខ្លួនមានមីន ដោយចៀសវាងជួលអ្នកគ្មានជំនាញត្រឹមត្រូវទៅដោះមីន។ លោកថា ការស៊ីឈ្នួលដោះមីនដែលគ្មានការហ្វឹកហ្វឺនជាអំពើខុសច្បាប់។

លោកបានសរសេរថា៖ «សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចៀសវាងដាច់ខាតកុំប្រកបមុខរបររកស៊ីដោះមីនដោយគ្មានការហ្វឹកហ្វឺន និងសម្ភារបច្ចេកទេសត្រឹមត្រូវ​ ហើយមុខរបរបែបនេះជាទង្វើខុសច្បាប់ និងប្រថុយប្រថានជីវិតខ្លួនឯង»។

ដោយឡែកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់កើតឡើងដោយសារផ្ទុះមីននៅខេត្តឧត្តរមានជ័យ ដែលបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។ នៅថ្ងៃទី ១៣ខែមីនា មានករណីផ្ទុះមីនមួយទៀត នៅស្រុកសំឡូត ខេត្តបាត់ដំបង ដែលជនរងគ្រោះអាចធ្លាក់ខ្លូនពិការភាព។

តាមរបាយការណ៍របស់រាជរដ្ឋភិបាលបង្ហាញថា ពីឆ្នាំ១៩៩២ ដល់ ខែធ្នូ ឆ្នាំ២០១៨ ដោះមីនសម្រេចបានលើផ្ទៃដីជាង ១.៨០២ គីឡូម៉ែត្រការ៉េ និងកំទេចចោលគ្រប់មីនប្រឆាំងមនុស្សចំនួន ១.០៦២.៦៦១ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៤.៨៣២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២.៧៦៧.០២០ គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម​ ៥៨នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ ។​  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ