គ្រូ​សិស្ស​គ-ថ្លង់ និង​ពិការ​នៅ​សៀមរាប ទោះ​ពិបាក​នៅ​តែ​ប្រឹង​រក​វិធីសាស្ត្រ​បង្រៀន​​

គ្រូបង្រៀននៅសាលាបង្រៀនសិស្សគ-ថ្លង់ និងពិការភ្នែកក្នុងខេត្តសៀមរាប។ រូបភាព៖ ជន ចាន់រ៉ែន

គ្រូបង្រៀននៅសាលាបង្រៀនសិស្សគ-ថ្លង់ និងពិការភ្នែកក្នុងខេត្តសៀមរាបលើកឡើងថា សិស្សដែលបាត់បង់កាយសម្បទាត្រូវចំណាយពេលយូរ និងជួបការលំបាកច្រើនក្នុងការបង្រៀន តែគ្រូនៅតែពេញចិត្តក្នុងការជួយសិស្សទាំងនេះឲ្យរៀនចប់ និងមានការងារធ្វើ។​

គ្រូបង្រៀនម្នាក់នៅវិទ្យាល័យអប់រំសិស្សគ-ថ្លង់ និងពិការភ្នែកខេត្តសៀមរាប លោក នួន លក្ខណ៍ ប្រាប់ថា លោកគឺជាគ្រូមធ្យមបង្រៀនដល់សិស្សគ-ថ្លង់ និងពិការភ្នែក ខាងផ្នែករូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា។ 

លោកគ្រូ នួន លក្ខណ៍ រៀបរាប់ថា សិស្សគ-ថ្លង់ និងពិការភ្នែកពិបាកយល់ និងចាប់បានមុខវិជ្ជា ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយថា ពួកគេមានកាយសម្បទាមិនគ្រប់គ្រាន់ដូចសិស្សធម្មតា ហើយពួកគេចំណាយពេលប្រមាណ ១៥ឆ្នាំ ទម្រាំបញ្ចប់ការសិក្សានៅថ្នាក់ទី១២។

លោកបន្ដថា៖ «នៅក្នុងការសិក្សាវាពិបាក ដោយសារជាធម្មតាយើងប្រើប្រព័ន្ធអប់រំដូចគ្នា ប៉ុន្ដែ យើងអ្នកមានកាយសម្បទាគ្រប់គ្រាន់ យើងអាចទទួលបានព័ត៌មានយើង ច្រើនជាងពួកគាត់ បើធៀបជាមួយពួកគាត់ដែលបាត់បង់កាយសម្បទាផ្នែកភ្នែក ត្រចៀក និងផ្នែកស្ដាប់ហ្នឹងផងដែរ»។  

បើទោះបីជាការបង្រៀនសិស្សគ-ថ្លង់ និងពិការភ្នែកមានការលំបាកខ្លាំង ប៉ុន្ដែ លោកគ្រូ នួន លក្ខណ៍ អះអាងថា ក្រុមគ្រូបង្រៀនតែងខិតខំជួយទំនុកបម្រុង និងបង្រៀនពួកគេយ៉ាងយកចិត្តទុកដាក់មិនថា ប្រើវិធីសាស្ដ្រអ្វីឡើយ។

លោកបន្ដថា៖ «អាចមានវិធីសាស្ដ្រជាច្រើនក្នុងការជួយគាត់ ដូចជាទាក់ទងនឹងពិការភ្នែក វាពិបាកដោយសារជំនាញហ្នឹងវាខុសពីអ្វីដែលយើងបានបង្រៀនពីមុនមក។ ល្បិចយើងមានដែរ ប៉ុន្ដែ វាយឺត វាអត់សូវបានទាន់ចិត្ត ដែលយើងចង់ថា ប្រសិនបើយើងដាក់វិធីនេះជាមួយសិស្សធម្មតា (១០០ភាគរយ) […] ប៉ុន្ដែដាក់ជាមួយពួកគាត់ម្ដងបានតែ ៥ទៅភាគរយទេ អញ្ចឹង២ដងទៅ៣ដង ទើបបាន៥០ភាគរយ»។

នាយិកាវិទ្យាល័យអប់រំសិស្សគ-ថ្លង់ និងពិការភ្នែកខេត្តសៀមរាប អ្នកស្រី ហុង ធារី ឲ្យដឹងថា នៅឆ្នាំសិក្សា២០១៨-២០១៩នេះ មានសិស្សគ-ថ្លង់ និងពិការភ្នែកចំនួន ១៥៥នាក់ ក្នុងនោះ សិស្សគ-ថ្លង់ មានចំនួន ១៣៥នាក់ និងសិស្សពិការភ្នែកមាន ២០នាក់។ 

អ្នកស្រី ហុង ធារី និយាយថា សាលាបង្រៀនសិស្សគថ្លង់ និងពិការភ្នែក មានចំនួន ១៤ខ្នង ឬ១៥បន្ទប់ ហើយសិស្សទាំងនេះត្រូវសិក្សាតាមប្រព័ន្ធសិក្សារបស់ក្រសួងអប់រំ ដែលមានពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

ក្រៅពីមុខវិជ្ជាបង្រៀនតាមគោលការណ៍របស់ប្រព័ន្ធអប់រំ អ្នកស្រី ហុង ធារី មានប្រសាសន៍ថា សាលារៀនក៏បានផ្ដល់មុខវិជ្ជា និងជំនាញផ្សេងទៀត ដូចជា ផ្នែកដូរតន្ដ្រី ថ្នាក់កុំព្យូរទ័រ និងភាសាអង់គ្លេសជាដើម។

បើតាមនាយិកាអ្នកស្រី ហុង ធារី ចាប់តាំងពីវិទ្យាល័យអប់រំសិស្សគ-ថ្លង់ និងពិការភ្នែកខេត្តសៀមរាប ឬពីមុនមានឈ្មោះថា «សាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក» បង្កើតឡើងនៅឆ្នាំ២០០០ រហូតដល់ពេលបច្ចុប្បន្ននេះ សិស្សដែលបានបញ្ចប់ការសិក្សា ហើយទទួលបានការងារធ្វើមានចំនួន ១៤២នាក់ ដូចជា ការងារផ្នែកសិប្បកម្ម រៀបចំបន្ទប់នៅសណ្ឋាគារ និងនៅតាមភោជនីយដ្ឋានជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ