លោក ហ៊ុន សែន អះ​អាង​ថា កម្ពុជា​កំពុង​ខ្វះ​ខាត​ថាមពល​អគ្គិសនី​ដល់​ទៅ ៤០០​មេហ្កាវ៉ាត់

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កម្ពុជា​កំពុង​ខ្វះ​ខាត​អគ្គិសនី​ដល់​ទៅ ៤០០​មេហ្កាវ៉ាត់​នា​ពេល​សព្វ​ថ្ងៃ​នេះ ហើយ​លោក​ថា រដ្ឋាភិបាល​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ។

ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ហ៊ុន សែន បាន​​លើក​ឡើង​​ថា​៖ «មក​ដល់​ពេល​នេះ ម៉ោង​នេះ យើង​ចាប់​ផ្ដើម​ខ្វះ​អគ្គសនី​រហូត​ទៅ​ដល់ ៤០០​មេហ្កាវ៉ាត់​តែ​ម្ដង ដែល​នេះ​យើង​កំពុង​រក​ដំណោះ​ស្រាយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​អះ​អាង​ទៀត​ថា កង្វះ​ខាត​អគ្គិសនី​នា​ពេល​សព្វ​ថ្ងៃ​នេះ​ បណ្ដាល​មក​ពី​កង្វះ​ទឹក​ផ្គត់​ផ្គង់​នៅ​តាម​ទំនប់​វារី​អគ្គិសនី​​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ព្រោះ​ថា ប្រទេស​របស់​យើង​មួយ​ភាគ​ធំ​ប្រើ​ប្រាស់​វារី​អគ្គិសនី ប៉ុន្តែ វារី​អគ្គិសនី​ប្រើ​ដោយ​ទឹក ឥឡូវ​ទឹក​នោះ​វា​រីង ជាពិសេស​វារី​អគ្គិសនី​បញ្ចេញ​ថាម​ពាល​បាន​កម្រិត​ទាប»

ក្រៅ​ពី​លើក​ឡើង​នូវ​ប្រភព​កង្វះ​ថាម​ពល​អគ្គិសនី​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​កំពុង​ស្វែង​រក​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​តាម​រយៈ​នាវា​ផលិត​ថាមពល​អគ្គិសនី ដែល​កម្ពុជា​កំពុង​ស្វែង​រក​ពី​ប្រទេស​តួកគី។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «យើង​កំពុង​តែ​រង់ចាំ​នូវ​ការ​ឆ្លើយ​តប​ពី​សាធារណរដ្ឋ​តួកគី ដើម្បី​នាំ​មក​នូវ​នាវាដែល​ផ្ទុក​ទៅ​ដោយ​ម៉ាស៊ីន​ភ្លើង​សម្រាប់​បញ្ឆេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ »

ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ក៏​ផ្អាក​ជាច្រើន​ម៉ោង និង​ច្រើន​លើក​​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​ជំរុញ​ឲ្យ​មាន​មតិ​រិះគន់​ព្រោង​ព្រាត​លើ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម។

របាយការណ៍​បច្ចុប្បន្នភាព​វិស័យ​ថាមពល​កម្ពុជា ដែល​ចេញ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន បាន​ឲ្យដឹង​ថា ពលរដ្ឋ​កម្ពុជា​ប្រហែល​ពាក់​កណ្ដាល​ប្រទេស ឬ​ប្រហែល ៦.៦២​លាន​នាក់ រស់នៅ​ដោយ​ពុំ​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជាថៃ បាន​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​ដល់​ពលរដ្ឋ​របស់​គេ​គ្រប់​គ្នា ហើយ​វៀតណាម និង​ឡាវ ស្ទើ​តែ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ដល់​ពលរដ្ឋ​ទាំង​អស់។

ថាមពល​អគ្គិសនី​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​ពី​ទំនប់​វារី​អគ្គិសនី​ ៧​ទីតាំង​ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហេះ​ធ្យូង​ថ្ម ៤​ទីតាំង នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ