តុលាការ​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ ១១​នាក់​​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​

មនុស្ស​ចំនួន​០៧​នាក់​ជា​មេខ្លោង​បង្ក​ភាពអនាធិបតេយ្យ ញុះញុង​ឱ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ស្នើ សុំ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ លើដី​មានកម្ម​សិទ្ធិ​របស់ ក្រុមហ៊ុន ហួរ​លី​ត្រេ​ឌី​ង ស្ថិតនៅក្នុង​តំបន់​ភូមិ ចំណោទ រាម ឃុំ បិត​ត្រាំ​ង ស្រុង​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់ កាលពី​រសៀល ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩។ រូបភាព៖ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ

មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មនុស្ស ១១​នាក់ ត្រូវ​តុលាការ​ខេត្ត​នេះ​សម្រេច​ដាក់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ពាក់​ព័ន្ធ​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ហៅ​ថា បាន​បំផុស​បំផុល​ពលរដ្ឋ​ឲ្យ​ចាប់​ដី​ដោយ​ខុស​ច្បាប់។

ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់ វីអូឌី នៅថ្ងៃនេះថា មនុស្ស ៧​នាក់ ដែល​ត្រូវបានកងរាជអាវុធហត្ថខេត្តចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនអស់ហើយ ស្ថិត​ក្រោម​ការ​ចោទប្រកាន់ចំនួន ៤បទល្មើស។

លោក លឹម ប៊ុនហេង ប្រាប់ថា៖ «អយ្យការបានចោទប្រកាន់ចំនួន ៤​បទល្មើស ទី១ បទឆបោក ទី២ បទជ្រៀងជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងាយសាធារណៈ ទី៣ បទប្រើប្រាស់ឯកសារដោយខុសច្បាប់នូវឯកសារបញ្ជាក់វិជ្ជាជីវៈ និងទី៤ បទផ្ដើមគំនិតឲ្យប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនាវត្ថុដោយសុច្ចរិត ព្រោះគាត់បង្កើតជាសមាគម ហើយមានការរៃអង្គាសប្រាក់ ប៉ុន្តែខ្ញុំមិនបញ្ជាក់ពីអង្គហេតុទេ តែខ្ញុំសូមជូនប៉ុណ្ណឹង»

លោកបន្តថា បច្ចុប្បន្ននេះ ចៅក្រមស៊ើបសួរកំពុងធ្វើការស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធ ករណីនឹងរឿងដីធ្លីនេះបន្ថែមទៀត។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ ឲ្យដឹងថា កាលពីម្សិលនេះ តុលាការបានសម្រេចឃុំខ្លួនមនុស្សចំនួន ៤​នាក់ទៀត ដោយចោទប្រកាន់ពីបទ​ប្រើហិង្សាលើ​អ្នក​កាន់​កាប់​អចល​ន​​​វត្ថុ​ដោយ​សុច្ចរិត​ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ក្រោយពីពួកគេបាន​ទៅយក​ទន្ទ្រានដី​ឯកជន​។

ពលរដ្ឋ​ទាំង ១១នាក់​នេះ ត្រូវ​បាម​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ព្រមាន​​កាល​ពី​សប្ដាហ៍​មុន​ថា នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះមេខ្យល់ និងក្រុមពលរដ្ឋ ដែលអាជ្ញាធរ​ខេត្ត​នេះ ចោទ​ថា កំពុងដើរចាប់យកដីធ្លី «អនា​ធិបតេយ្យ» នៅក្នុងខេត្តជាប់សមុទ្រមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ