លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅមេដឹកនាំសហជីព លោក អាត់ ធន់ ឲ្យបញ្ឈប់ការដឹកនាំក្រុមកម្មករតវ៉ាទាមទារប្រាក់អតីតភាពតទៅទៀត ប៉ុន្តែ ក្រុមកម្មករវិញ បានអះអាងថា ការតវ៉ារបស់ពួកគេមិនស្ថិតក្រោមការដឹកនាំពីសហជីពណាមួយនោះឡើយ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានហៅការទាមទាររបស់ក្រុមកម្មកររោងចក្រ W&D ថា ជាការតវ៉ា «ខុសច្បាប់» ហើយលោកថា គ្មានដំណោះស្រាយសម្រាប់ពួកគេនោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «អីចឹងទេ ថៅកែរោងចក្រនឹងចេញប្រាក់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយព្រឹប។ វាទៅរួចទេ? វារលំរោងចក្រទេ? អីចឹង ខ្ញុំសុំអំពាវនាវទៅលោក អាត់ ធន់ សុំកុំឱ្យសមាជិកសមាជិការបស់ខ្លួនបន្ត។ អានេះ តាមដឹងថា ជាសហជីពជាសមាជិករបស់លោក អាត់ ធន់។ ខ្ញុំសុំស្នើឱ្យមានការយោគយល់អំពីបញ្ហានេះ ហើយបន្តទទួលយកទៅតាមច្បាប់ដែលបានកំណត់។ យើងកំពុងទាមទារខុសច្បាប់»។
ខណៈដែលលោក ហ៊ុន សែន ថ្លែងបែបនេះ ក្រុមកម្មកររាប់រយនាក់មកពីរោងចក្រ W&D បានប្រមូលផ្ដុំគ្នានៅមុខគេហដ្ឋានរបស់លោកនៅម្ដុំវិមានឯករាជ្យ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងាររបស់ពួកគេដែលអូសបន្លាយពេលវេលារយៈពេលជិត ៣ខែមកហើយនោះ។
ក្រុមកម្មករទាំងនោះ អះអាងថា ការតវ៉ារបស់ពួកគេ មិនមែនទាមទារបើកប្រាក់អតីតភាពកាងារជាកញ្ចប់នោះទេ ហើយថា ការតវ៉ារបស់ពួកគេក៏ពុំមានសហជីពណាជាអ្នកដឹកនាំដែរ។
តំណាងកម្មករអ្នកស្រី ជា សុខា បានអះអាងនៅកន្លែងប្រមូលផ្ដុំនៅព្រឹកថ្ងៃនេះថា ក្រុមកម្មករជិត ១ពាន់នាក់ ទាមទារចូលធ្វើការងារវិញទាំងអស់គ្នាដោយគ្មានការរើសអើងពីថៅកែរោងចក្រនោះឡើយ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសុំបញ្ជាក់តាមរយៈសារព័ត៌មានមួយនេះថា ពួកខ្ញុំមិនមែនទាមទារឲ្យថៅកែបង់ផ្តាច់ប្រាក់អតីតភាពឆ្នាំចាស់ទាំងអស់នោះទេ គឺពួកខ្ញុំសុំចូលបម្រើការងារវិញទាំងអស់គ្នាដោយគ្មានការរើសអើង ហើយមួយទៀត ពួកខ្ញុំសុំបដិសេធដែលថា ខាងពូ អាត់ ធន់ ខាង ស៊ីខាវឌូ ជាអ្នកញុះញង់នៅពីក្រោយខ្នង។ ខ្ញុំសូមបញ្ជាក់ថា មានខាងស៊ីខាវឌូចូលមក គឺពួកខ្ញុំទៅយំអង្វរគេជួយជំនួយខាងផ្លូវច្បាប់ ព្រោះពួកខ្ញុំគេបញ្ឈប់អត់មានមូលហេតុ។ ពួកខ្ញុំឈប់ទាមទារប្រាក់អតីតភាពទៀតហើយ»។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ក៏បានច្រានចោលការលើករបស់លោកនាយករដ្ឋមន្រ្តីនេះដែរ ដោយលោកថា លោក ហ៊ុន សែន ទទួលបានព័ត៌មានខុសពីមន្រ្តីក្រោមឱវាទ។
លោក អាត់ ធន់ ឲ្យដឹងថា ក្រុមកម្មករឲ្យសហជីពរបស់លោកជួយ គឺករណីថៅកែបញ្ឈប់កម្មករក្នុងចំនួនច្រើនដោយមូលគ្មានមូលហេតុតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «គាត់លើកឡើងនេះ គឺមានការភាន់ច្រឡំ ប្រហែលជាអ្នកចុះទៅធ្វើការហ្នឹងរាយការណ៍ទៅរដ្ឋមន្រ្តីខុស ហើយរដ្ឋមន្រ្តីអាចរាយការណ៍ទៅលោកនាយករដ្ឋមន្រ្តីខុស ដោយសារតែតាមពិតទៅ កម្មករបានឈប់ទាមទារលុយអតីតភាពការងារហ្នឹងយូរហើយតាំងពីទី៨ ខែមួយ ឆ្នាំ២០១៩ម៉្លេះ ហើយខាងស៊ីខាវឌូហ្នឹង មិនដែលទាមទារប្រាក់អតីតភាពការងារជូនពួកគាត់ទេ គឺយើងឲ្យគាត់ហ្នឹងដោះស្រាយអតីតភាពតាមច្បាប់ ហើយកម្មករក៏ឯកភាពតាមយើងដែរ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺថៅកែបញ្ឈប់គាត់មិនឲ្យចូលធ្វើការងារវិញទេ។ នេះជារឿងសំខាន់»។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក ហែម ហឿន ប្រាប់អ្នកសារព័ត៌មានកន្លែងកម្មករតវ៉ាថា ករណីវិវាទការងារនៅរោងចក្រ W&D នេះ គឺក្រសួងមានសិទ្ធត្រឹមតែជួយសម្របសម្រួលប៉ុណ្ណោះ ហើយថារឿងនេះបានដល់ដៃតុលាការទៅហើយ។
លោកបន្ថែមថា៖ «អញ្ចឹង រឿងហ្នឹងបានដល់ដៃតុលាការ។ ក្រសួងមានតែសម្របសម្រួលទេ អត់មានលើសអីពីហ្នឹងទេ ច្បាប់អញ្ចឹង។ ក្រសួងអស់សិទ្ធហើយ មិនមែនដូចគាត់ថាមិញ ក្រសួងមានសិទ្ធ ម៉េចមិនហៅរោងចក្រមកអញ្ចេះមកអញ្ចុះ។ មានមាត្រាណាមួយដែលក្រសួងត្រូវចាប់រោងចក្រ មានមាត្រាណាមួយដែលក្រសួងចាប់កម្មករនៃច្បាប់ស្តីពីការងារ អញ្ចឹងមានន័យថា មានតុលាការមួយគាត់ដែលនិយាយថា អ្នកនេះខុសច្បាប់ អ្នកនោះខុសច្បាប់»។
វិវាទរវាងក្រុមកម្មករ និងថៅកែរោងចក្រ W&D ដែលមានទីតាំងស្ថិតក្នុងខ័ណ្ឌមានជ័យ បានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៨មកម៉្លេះ បន្ទាប់ពីក្រុមកម្មករដល់ទៅជិត ២ពាន់នាក់ បានទាមទារទៅថៅកែរោងចក្រនេះឲ្យបើកប្រាក់អតីតភាពការងារជាកម្ចប់ ដល់ពួកគេនៅមុនឆ្នាំ២០១៩។
វិវាទនេះកាន់តែស្មុគស្មាញថែមទៀត បន្ទាប់ពីកម្មករជាង ១ពាន់នាក់ ត្រូវបានថៅកែរោងចក្រនេះ សម្រេចបញ្ឈប់ពីការងារ និងចោទថា មិនគោរពតាមសេចក្ដីសម្រេចរក្សាការពាររបស់តុលាការរាជធានីភ្នំពេញ៕









