ប្រជាពលរដ្ឋរស់នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អះអាងថា សត្វគោរបស់ពួកគេឈឺ និង ងាប់ជាបន្តបន្ទាប់រយៈជិតមួយខែមកនេះ តែពួកគាត់ថា មិនទាន់មានមន្ត្រីជំនាញចុះទៅជួយចាក់ថ្នាំបង្កា និងព្យាបាលគោរបស់ពួកគេនៅឡើយទេ គិតមកដល់ត្រឹមថ្ងៃអង្គារនេះ។
ពលរដ្ឋម្នាក់រស់នៅភូមិបុស្សធំ ឃុំក្រយា អ្នកស្រី ស៊ុំ ណេ ប្រាប់ វីអូឌី នៅថ្ងៃនេះថា គោរបស់គាត់ងាប់អស់ពីរក្បាល ដោយសារ ជំងឺសារទឹក និងជំងឺបុស្សខ្យល់។ អ្នកស្រីបន្តថា គោឈឺងាប់ជាបន្តបន្ទាប់នេះ មិនមែនមានតែនៅក្នុងភូមិឃុំរបស់គាត់នោះទេ អ្នកស្រីថា នៅក្នុងឃុំផ្សេងទៀតក៏កំពុងងាប់ដែរ។
អ្នកស្រីបន្តថា ចាប់តាំងពីគោឈឺងាប់ រហូតដល់ថ្ងៃនេះ មិនទាន់មានមន្ត្រីជំនាញផ្នែកពេទ្យសត្វចុះទៅចាក់ថ្នាំបង្ការដល់សត្វគោរបស់ពួកគាត់នៅឡើយ។ អ្នកស្រី ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយផ្ដល់មន្ត្រីជំនាញផ្នែកពេទ្យសត្វឲ្យចុះចាក់ថ្នាំបង្កា ដើម្បីទប់ស្កាត់កុំឲ្យសត្វគោរបស់ពួកគាត់ងាប់បន្តទៀត។
អ្នកស្រីថា៖ «អត់ដែលចុះមើលផង អត់ដែលសួរប្រជាជនថា គោក្របីយ៉ាងម៉េច អត់ដែរ។ ស្លាប់ក៏ស្លាប់ចោលទៅ។ ខ្ញុំចង់ស្នើទៅ [រដ្ឋាភិបាល] ជួយមើលសត្វដែលនៅក្នុងភូមិ ក្នុងឃុំមកជួយចាក់ ថែរក្សា ឲ្យបានជា ឲ្យប្រជាជនរីកចម្រើន ព្រោះខ្ញុំចំណាយអស់ពី៤ ទៅ ១០ ម៉ឺនរៀល»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី យ៉ង់ នាង ស៊ីម លើកឡើងថា សត្វគោនៅក្នុងភូមិរបស់គាត់ឈឺងាប់ជិត ១ ខែមកហើយ មិនទាន់មានមន្ត្រីជំនាញផ្នែកពេទ្យសត្វណាម្នាក់ចុះទៅជួយ និងណែនាំពួកគាត់កុំឲ្យបរិភោគសាច់សត្វគោដែលងាប់នោះទេ។ អ្នកស្រីបន្តថា គោរបស់គាត់ងាប់អស់ ៣ ក្បាល ដោយឈឺតែមួយថ្ងៃប៉ុណ្ណោះ។
អ្នកស្រីថា៖ «ព្រឹកឡើងដេញចូលក្រោល វាអត់ក្រោកក៏ឲ្យពេទ្យចាក់ !ចាក់ថ្នាំ២ ម្ពុល ចាក់ហើយក៏អត់បាត់ ចាក់បានប្រហែលកន្លះម៉ោង ក៏ស្លាប់នៅក្នុងក្រោល ក៏យកទៅក្រៅភូមិ ក្រោយទៀតស្លាប់នៅស្រែ វាក្ដៅពេក ស្រេកទឹក វាផឹកទឹកក៏ស្លាប់ ក៏កប់ចោលទៅ»។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា លោកនឹងឲ្យមន្ត្រីកសិកម្មចុះទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ បើសិនមានករណីសត្វគោឈឺងាប់មែននោះ។
លោក ថា៖ «ព័ត៌មាននេះ ខ្ញុំនឹងជូនទៅមន្ទីរកសិកម្ម និងទៅស្រុក ដើម្បីឲ្យចុះធ្វើការនេះ បន្ទាន់ »។
ទោះយ៉ាងណាក៏ដោយជំទប់ទី២ នៃឃុំក្រយា លោក ណាន់ វណ្ណី មានប្រសាសន៍ថា មន្ត្រីជំនាញផ្នែកពេទ្យសត្វបានចុះទៅចាក់ថ្នាំបង្ការសត្វគោប្រជាពលរដ្ឋរួចហើយ។ លោកបន្តថា មូលហេតុដែលបណ្ដាលឲ្យសត្វគោកើតជំងឺសាទឹក និងបុស្សខ្យល់ ដោយសារ ភូមិនោះគ្មានទឹកគ្រប់គ្រាន់ ខណៈអាកាសធាតុក្ដៅខ្លាំង ។
លោក បន្តថា៖ «ភូមិប៉ុន្មានដែលវាអត់គ្រោះថ្នាក់ ដោយសារ គេមានទឹកគ្រប់គ្រាន់ ហើយតំបន់ហ្នឹងមួយ វានៅព្រៃផង វាគ្រោះថ្នាក់ច្រើនជាងគេតែ២ ភូមិហ្នឹង។ វាជ្រកទៅតាមចម្ការស្វាយចន្ទី វាអត់មានជាតិទឹក ដូចភូមិផ្សេងៗ ដូចខាងបារាយណ៍អី! គេមានទឹកហូតទឹកដក់អីទៅ វាអត់គ្រោះថ្នាក់ទេ»។
តាម លោក ណាន់ វណ្ណី សត្វគោដែលងាប់ ដោយសារ ជំងឺសាទឹក និងបុស្សខ្យល់ គិតមកដល់ពេលនេះ គឺមានចំនួន ៦៣ ក្បាល៕









