មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឲ្យអង្គការសង្គមស៊ីវិលក្នុងស្រុកបង្កើតក្រុមការងាររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានាដែលពួកគេប្រឈមជាមួយនឹងក្រុមការងាររបស់រដ្ឋាភិបាល។
ក្រុមអង្គការស៊ីវិល វិស័យឯកជន និងមន្ដ្រីរដ្ឋាភិបាលបានរៀបចំប្រារព្ធ «ទិវាសង្គមស៊ីវិល» នាថ្ងៃអង្គារទី១៩ មីនានេះ នៅរាជធានីភ្នំពេញ ដោយផ្ដោតសំខាន់លើប្រធានបទមួយចំនួនដូចជា បរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល និរន្ដភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។
នៅក្នុងពិធីនៅថ្ងៃនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ថ្លែងថា រដ្ឋាភិបាលបានខិតខំចាត់វិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនៅក្នុងស្រុក ដោយថា រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយទទួលបន្ទុកដោះស្រាយបញ្ហាដែលក្រុមសង្គមស៊ីវិលជួបប្រឈម និងបញ្ហាខ្វែងគំនិតគ្នាមួយចំនួននៅថ្នាក់មូលដ្ឋាន។
លោក ប៊ុន ហុន ស្នើឲ្យក្រុមអង្គការសង្គមស៊ីវិលបង្កើតក្រុមការងារមួយ ដើម្បីធ្វើការជាមួយក្រុមការងារចាត់តាំងដោយរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហដែលពួកគេកំពុងជួបប្រឈម។ ប៉ុន្ដែ លោកក៏អំពាវនាវឲ្យអង្គការសង្គមស៊ីវិលចូលរួមគោរពច្បាប់របស់កម្ពុជា ដូចជាធ្វើរបាយការណ៍ស្ដីពីហិរញ្ញវត្ថុ របាយការណ៍ស្ដីពីផែនការសកម្មភាព និងធ្វើសកម្មភាពទាំងឡាយដោយមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយ។
លោកបន្ដថា៖ «ខ្ញុំក៏សំណូមពរដែរ កាលដែលវេទិកាលើកទី២នេះ គឺមានសំណូមពរថា សុំឲ្យចូលជាសមាជិកក្រុមការងាររដ្ឋាភិបាល។ អានេះដោយសារ គេដាក់ថា ក្រុមការងាររដ្ឋាភិបាលដោះស្រាយសំណើ សំណូមពរបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល អញ្ចឹងមិនមែនអង្គការសង្គមស៊ីវិលមកចូលរួមជាសមាជិកទេ។ ខ្ញុំសំណូមពរឲ្យអង្គការសង្គមស៊ីវិលបង្កើតក្រុមការងារខ្លួនមួយ។ កុំឲ្យសមាជិក ៤០ ឬ៥០នាក់ អូតែច្រើនពេក ងាប់ហើយ។ សូមសហការគ្នាធ្វើម៉េចត្រឹម១០នាក់ចុះក្រោម»។
ក្នុងពិធីនេះផងដែរ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ គូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សង្គមស៊ីវិលនៅក្នុងស្រុកបានជួបប្រឈមបញ្ហាជាច្រើន ដូចជា ការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាល ការរឹតត្បិតតាមអំណាចច្បាប់ ការបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំ អាជ្ញាធរនៅថ្នាក់មូលដ្ឋានអនុវត្តផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងការគំរាមកំហែងផ្សេងៗទៀត។
មន្ដ្រីកម្មវិធីផ្នែកអភិបាលកិច្ច និងសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប លោកស្រី Agata Nieboj សាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ប៉ុន្ដែ លោកស្រីក៏បង្ហាញក្ដីបារម្ភផងដែរអំពីឆន្ទៈពិតប្រាកដ ថាតើរដ្ឋាភិបាលនឹងបើកចំហរសិទ្ធិសេរីភាសង្គមស៊ីវិលកម្រិតណា ឬដល់ពេលណានោះ។
យ៉ាងណាក៏ដោយ លោកស្រី Agata Nieboj អះអាងថា សហភាពអឺរ៉ុបនឹងទទួលយកសំណើ និងក្ដីកង្វល់ទាំងអស់ពីអង្គការសង្គមស៊ីវិល ដើម្បីជជែកជាមួយរដ្ឋាភិបាល។
លោកស្រីបន្ដថា៖ «ខ្ញុំគិតថា វាមានសារៈសំខាន់ក្នុងការកត់សម្គាល់ផងដែរថា មានការបើកចំហរមួយចំនួនពីសំណាក់រដ្ឋាភិបាល។ ខ្ញុំគិតថានេះគឺជាជំហានវិជ្ជមាន ប្រហែលជាជួយដល់ការបើកឲ្យបរិយាកាសអំណោយផល ប៉ុន្ដែ យើងត្រូវរងចាំមើលផងដែរថា វានឹងអនុវត្តតាមរបៀបម៉េច ឬក៏វានៅតែបន្ដទៅមុខក្នុងរយៈពេលវែងឬយ៉ាងណា»។
រដ្ឋាភិបាលបានរៀបចំវេទិកាចំនួន២រួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១៨ និងខែមករា ឆ្នាំ២០១៩ ដោយថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដែលសង្គមស៊ីវិលមួយចំនួនបានរងការចោទថា បានចូលរួមជាមួយអតីតបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់៕