រដ្ឋាភិបាល​​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ពិនិត្យ​លទ្ធភាព​ប្រែ​ក្លាយ​​ខេត្ត​កំពង់ឆ្នាំង​ ​ជា​ទី​ដោះដូរ​ទំនិញ​​ដ៏​ធំ​ក្នុង​តំបន់ ​​

រូបសំណាកក្អមដីតំណាងអោយខេត្តកំពង់ឆ្នាំង។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើឱ្យវិស័យឯកជនពិនិត្យមើលអំពីសក្កានុពល​ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ជាប់បឹងទន្លេសាប ​ដោយកែច្នៃតំបន់នេះ ទៅជាតំបន់យុទ្ធសាស្ត្រលើវិស័យដឹកជញ្ជូនរបស់មហាអនុតំបន់ទន្លេមេគង្គ។

ការថ្លែងរបស់​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នេះ ធ្វើឡើងនៅក្នុងសិន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីចុះអនុស្សរណៈយោគយល់គ្នា និងកិច្ច​ព្រមព្រៀង  សហហិរញ្ញប្បទានរវាងអង្គការ UNDP និងក្រុមហ៊ុនរបស់ចិននៅព្រឹកនេះ។

លោក ស៊ុន ចាន់ថុល ថ្លែងថា នៅខេត្តកំពង់ឆ្នាំង មានសក្តានុពលផ្នែកគមនាគមន៍មានស្រាប់ជាច្រើន ​ដោយគ្រាន់តែត្រូវសិក្សាបន្ថែម ព្រមទាំងមានគម្រោងធ្វើផ្លូវ និងស្ពាន ​តភ្ជាប់ពីខេត្តនេះទៅ ខេត្តកំពង់ធំ បង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកាន់តែប្រសើរថែមទៀត។

ចំណុចវិជ្ជមានទាំងនោះ ដែលនាំឲ្យ​ទេសរដ្ឋមន្ត្រីរូបនេះ ស្នើឱ្យវិស័យឯកជនគិតពិចារណា ដោយប្រែក្លាយជាតំបន់ដែលមានសក្តានុពលរបស់មហាអនុតំបន់ទន្លេមេគង្គតែម្តង។

លោកមានប្រសាសន៍ថា៖ «ដែលមាននៅខេត្តកំពង់ឆ្នាំង មានព្រលានយន្តហោះ ហើយមានផ្លូវដែលតភ្ជាប់ចំកណ្តាលប្រទេសយើង[…] ​មានផ្លូវទឹក ហើយផ្លូវពីភ្នំពេញទៅព្រែកក្តាម ទៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ស៊ីសុផុន ប៉ោយប៉ែត ពង្រីកពីពីរគន្លង ទៅ ៤ គន្លង។ ផ្លូវដែកយើងមានហើយ គ្រាន់តែកាត់បន្ត ទៅព្រលានយន្តហោះ ព្រោះតំបន់នោះជាតំបន់ល្អមួយ សម្រាប់ Logistics ។ អីចឹងក៏ខ្ញុំស្នើសុំឲ្យ​ផ្នែកឯកជន លោកទៅពិចារណាពិនិត្យមើល មិនមែនរដ្ឋាភិបាលយើងសាងសង់ថ្មីទេ ឱ្យវិស័យឯកជនលោកពិនិត្យមើល តើអាចរៀបចំតំបន់នោះ ទៅជាតំបន់ Logistics  របស់មហាអនុតំបន់ទន្លេមេគង្គតែម្តង » ។

កាលពីសប្តាហ៍មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាសជាផ្លូវការ ​​​​ឲ្យសាង​សង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កាន់​ខេត្ត​កំពង់ធំ ហើយ​លោក​ថា គម្រោង​សាង​សង់​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​​ចរន្ត​ត្រី​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​អះ​អាង​ទៀត​ថា គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​ប្រវែង​ជាង ៥៧​គីឡូ​ម៉ែត្រ​នេះ នឹង​ជួយ​ផល​ចំណេញ​សម្រាប់​ការ​ធ្វើ​ដំណើរ និងដឹកជញ្ជូនទំនិញ​របស់​ប្រជាជន​ពី​ខេត្ត​កំពង់ឆ្នាំង ​ទៅ​កាន់​ខេត្ត​កំពង់ធំ ព្រមទាំងតំបន់ផ្សេងទៀត។

លោក ស៊ុន ចាន់ថុល អះអាងថា ការសិក្សាគម្រោងសាងសង់ផ្លូវនឹងស្ពាននេះ បានចប់សព្វគ្រប់ហើយ នៅឡើយតែការពិភាក្សាតម្លៃ ដោយលោកថា ប្រាក់សាងសង់គឺជាប្រាក់កម្ចីពីមហាមិត្តចិន ដែលលោកធ្លាប់ឱ្យដឹងអាចចំណាយថវិកាប្រមាណ២រយលានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ