ប្រជា​សហគមន៍​ចោទ​ទាហាន និង​ពលរដ្ឋ​ទន្ទ្រាន​ព្រៃ​ជម្រក​សត្វ​សង្ឃ​រុក្ខវ័ន​ជិត​២​ពាន់​ហិកតា​

ទិដ្ឋភាពនៅទីតាំងព្រៃ​ជម្រក​សត្វ​សង្ឃ​រុក្ខវ័ន ដែលត្រូវបានអះអាងថាទន្ទ្រានពីទាហាន និងពលរដ្ឋនៅតំបន់នោះដែលមានទីតាំងនៅស្រុកចំនួនបី នៃខេត្តឧត្ដរមានជ័យ។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាសហគមន៍អះអាងថា ដីព្រៃសហគមន៍ប្រមាណ២ពាន់ហិកតា ដែលជាដែនជំរកសត្វព្រៃក្នុងខេត្តឧត្តរមានជ័យ ត្រូវបានក្រុមទាហាន និងពលរដ្ឋមួយចំនួនចូលទៅទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ លោក សា ថ្លៃ ប្រាប់ វីអូឌី នៅថ្ងៃនេះថា បច្ចុប្បន្នក្រុមទាហានកងពលលេខ៤២ប្រចាំខេត្តឧត្តរមានជ័យកំពុងចូលទន្រ្ទានយកដី១៨០០ហិកតា នៅក្នុងតំបន់ព្រៃសហគមន៍រតនរុក្ខា ដែលជាដែនជំរកសត្វព្រៃការពារដោយក្រសួងបរិស្ថាន។

លោកបន្ថែមថា៖ «បើសិនជាយើងគិតជាក់ស្តែង មិនមែនអស់ប៉ុណ្ណឹងទេ អា១៨០០ហិកតានោះ គឺទាហាននោះគេស្នើសុំទៅភូមិភាគ ដល់ភូមិភាគនោះចារមកអភិបាលខេត្ត ប៉ុន្តែអភិបាលខេត្តមិនទាន់បានសម្រេចទេ ព្រោះដីនោះជាដីព្រៃរបស់សហគមន៍ដែលក្រសួងបានប្រគល់ឲ្យសហគមន៍ហើយ មានប្រកាសអីត្រឹមត្រូវ​ អញ្ចឹង! អភិបាលខេត្តគាត់អត់ហានសម្រេចទេ ប៉ុន្តែ ពួកទាហាននោះនាំគ្នាឈូសឆាយតែម្តង ហើយឈូសឆាយថ្មីនោះ បើតាមខ្ញុំគិតទៅជាង២០០ហិកតា ប្រហែលចូល២០០ហិកតាណោះ»

ប្រធានគណៈកម្មការព្រៃសហគមន៍រតនរុក្ខា លោក សុខ សឿត បង្ហាញក្តីបារម្ភថា ប្រសិនបញ្ហាទាហានចូលទន្ទ្រានយកដីសហគមន៍នេះមិនត្រូវបានទប់ស្កាត់ឲ្យបានប្រសិទ្ធភាពទេ ដែនជំរកសត្វព្រៃក្នុងខេត្តឧត្តរមានជ័យនឹងវិនាសហិនហោច ហើយសត្វព្រៃនឹងបាត់បង់អស់ផងដែរ។

លោកបន្ថែមថា៖ «ដីនោះវាត្រូវបានដាក់ទៅក្នុងតំបន់ដែនជំរកសត្វព្រៃអស់ហើយ ដល់ពេលគាត់ទៅឈូសឆាយអញ្ចឹង និយាយរួមទៅប៉ះពាល់ហើយ ព្រោះបើនិយាយពីតំបន់ការពារនិងដែនជំរកសត្វព្រៃនេះ សូម្បីតែប្រជាពលរដ្ឋចូលធម្មតាទៅតំបន់ស្នូល តំបន់ដែលសត្វព្រៃនៅ គេមិនឲ្យចូលផង។ បើសិនគិតថា ១៨០០ហិកតា ពេលណាអ្នកផ្សេងគេឃើញមានការទន្ទ្រានបាន គេយកបាន ដល់អញ្ចឹងអ្នកផ្សេងមកធ្វើតាម ចូលយកដែរ យូរៗទៅរលាយអស់ទៅ»

ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បានទទួលស្គាល់ថា ពិតជាមានករណីទន្ទ្រានយកដីក្នុងតំបន់ដែនជំរកសត្វព្រៃពិតមែន ដោយថា ការទន្ទ្រានយកនោះមិនមែនមានតែក្រុមទាហានទេ គឺទាំងប្រជាពលរដ្ឋធម្មតាផងដែរ។

ប្រធានមន្ទីរបរិស្ថានរូបនេះឲ្យដឹងថា ក្រោយទទួលបានព័ត៌មានរូបលោក និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធបានកោះប្រជុំរក្សាដោះស្រាយដោយ បានសម្រេចដកដីដែលឈូសឆាយថ្មីមកវិញ និងបានព្រមានផ្លូវច្បាប់ដោយមិនឲ្យក្រុមទាហាន ឬពលរដ្ឋចូលទៅទន្រ្ទានបន្តទៀតឡើយ។

លោកបន្ថែមថា៖ «គឺយើងបានកំពុងធ្វើការលើរឿងនេះយ៉ាងសស្រាក់សស្រាំ ហើយការអនុវត្តច្បាប់ ក៏យើងកំពុងតែធ្វើដែរ ប្រសិនបើពួកគាត់មិនព្រមបញ្ឈប់ទេ អាចនឹងមានការប្រឈមទៅតុលាការ។ល។ ដូចកន្លងមក ពាក់ព័ន្ធបទល្មើសព្រៃឈើ យើងជំរុញច្រើនសុំណុំរឿងណាស់រហូតទៅដល់ដកហូតបានវត្ថុតាំង គោយន្ត១៥គ្រឿង ដែលសម្រេចបានក្នុងការអនុវត្តនៅក្នុងខេត្តឧត្តរមានជ័យនេះ។ អញ្ចឹង ដូចគ្នា ការកាប់រុករានហ្នឹង ប្រសិនជាគាត់នៅតែបន្តលើដីអាស្រ័យរបស់គាត់ ប្រហែលគាត់ប្រឈមផ្លូវច្បាប់ និងតុលាការដូចគ្នា»

មេបញ្ជាការកងពលលេខ៤២ប្រចាំខេត្តឧត្តរមានជ័យ លោក  សន វ៉ាន បានច្រានចោលការលើកឡើងរបស់ប្រជាសហគមន៍ និងមន្រ្តីបរិស្ថាន ដោយថា ១១៨០ហិកតានោះជាដីដែលអាជ្ញាធរបានផ្តល់ឲ្យក្រុមទាហានរួចយូរមកហើយ និងថា ដីដែលក្រុមទាហានកំពុងឈូសឆាយសព្វថ្ងៃនេះ គឺស្ថិតក្នុងរង្វងដីដែលផ្តល់ឲ្យតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «អត់ទេ ការចោទប្រកាន់នេះជារឿងខុសទេ តាមពិតដីហ្នឹងដីរបស់ខេត្តកាត់មកឲ្យអង្គភាពហើយ។ ដីដែលរុករានហ្នឹងស្ថិតក្នុងរង្វង១១៨០ហិកតា ដែលកងពលស្នើសុំរបស់ខេត្តរួចហើយតើ!»។

កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចរក្សាដីព្រៃជាង៣ម៉ឺនហិកតាទុកជាដែនជំរកសត្វព្រៃដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជំរកសត្វព្រៃ» ស្ថិតក្នុងស្រុកចំនួនបីរួមមាន ស្រុកសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល នៃខេត្តឧត្តរមានជ័យ ប៉ុន្តែ ដែនជំរកសត្វព្រៃមួយនេះ ត្រូវបានប្រជាសហគមន៍ឲ្យដឹងថា កំពុងរងការកាប់បំផ្លាញព្រៃឈើ និងមានការទន្ទ្រានយកដីពីសំណាក់ក្រុមទាហាន និងប្រជាពលរដ្ឋយ៉ាងសកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ