​ជន​ជាប់​ចោទ​សម្លាប់​លោក​ កែម ឡី​ អះអាង​ថា​ ខ្លួន​គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​

ជនជាប់ចោទឈ្មោះ អឿត អាង ហៅជួបសម្លាប់ ដែលត្រូវបានតុលាការ បើកសវនាការនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦។ រូបភាព៖ ខាន់ លក្ខិណា

ជនជាប់ចោទឈ្មោះ អឿត អាង ហៅជួបសម្លាប់ អះអាងថា ខ្លួនគ្មានលទ្ធភាព ដើម្បីស្វែងរកមេធាវីការពារក្ដី ពាក់ព័ន្ធនឹងសំណុំរឿងបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។

កាលពីចុងខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជិវិតពីបទមនុស្សឃាតទៅលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។ ដោយមិនសុខចិត្តការសម្រេចនេះ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បានប្ដឹងជំទាស់មកតុលាការកំពូល។

នៅថ្ងៃនេះ តុលាការកំពូល បានបើកសវនាការលើបណ្ដឹងសារទុក្ខឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ប៉ុន្តែ សវនាការនេះមិនមានមេធាវីការពារក្ដីឲ្យជនជាប់ចោទរូបនេះទេ។

ប្រធានក្រុមបប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក គង់ ស៊ីម បានសួរទៅ ជួប សម្លាប់ ថាតើលោកចង់រកមេធាវីដោយខ្លួនឯង ឬចង់ឲ្យតុលាការរកឲ្យ?

ស្លៀកសម្លៀកបំពាក់ពណ៌ស្លាទុំ ឈរក្នុងរង្វង់ក្រចកសេះ ហាក់ដូចជាមនុស្សឈឺមិនចង់និយាយ ខណៈតុលាការបានសួរមកកាន់ឈ្មោះ ជួប សម្លាប់ ម្ដងហើយម្ដងទៀតនោះ។

ចៅក្រម និងជនជាប់ចោទ៖ «តើលោកចង់រកមេធាវីដោយខ្លួនឯង ឬចង់ឲ្យតុលាការរកឲ្យ? ឈ្មោះ អឿត អាង ប្រាប់ទៅតុលាការថា គ្មានលទ្ធភាពរកមេធាវីទេ។»

បន្ទាប់មានការលើកឡើងបែបនេះ ប្រធានក្រុមបប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបានសម្រេចលើកពេលសវនាការទៅថ្ងៃក្រោយ មិនបានកំណត់ពេលវេលា ដោយរងចាំតុលាការជួយរកមេធាវីជួយការពារក្ដីឲ្យបានសិន។ លោក គង់ ស៊ីម ថ្លៃងថា មូលហេតុដែលតុលាការចាំបាច់មានមេធាវីការពារនោះ ដោយសារ សំណុំរឿងនេះជាបទល្មើសឧក្រិដ្ឋ។

​លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានតែ​មនុស្សម្នាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ គឺ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ