ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃនេះ សម្រេចលើកលែងការចោទប្រកាន់ទៅលើប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ក្នុងសំណុំរឿង សមគំនិតធ្វើឱ្យខូចខាតដោយចេតនានិងជេរប្រមាថជាសាធារណៈ ដែលប្តឹងដោយរោងចក្រ អូសេអង់ហ្គាមិន នៅរាជធានីភ្នំពេញ ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា លោកមិនបានចូលរួមក្នុងសវនាការប្រកាសសាលក្រមនៅរសៀលនេះទេ ប៉ុន្តែ មានសហការីរបស់លោកជាអ្នកតាមដាន ដោយថា ខាងតុលាការសម្រេចលើកលែងការចោទប្រកាន់លើរូបលោកជាផ្លូវការហើយ។
ការសម្រេចរបស់តុលាការនេះ ក្រោយពេលលោក ប៉ាវ ស៊ីណា បានដាក់លិខិតប្តឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបានកាត់ទោសកំបាំងមុខលោក ឱ្យជាប់ពន្ធនាគាររយៈ៨ខែ កាលពីចុងឆ្នាំ២០១៨ ។
លោក ប៉ាវ ស៊ីណា អះអាងថា ចំពោះមន្ត្រីសហជីពមូលដ្ឋាន ៦រូបផ្សេងទៀត ដែលត្រូវបានតុលាការកាត់ទោសកំបាំងមុខនោះ មិនបានដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចពេលនោះទេ ប៉ុន្តែ លោកថា ពួកគេគ្រោងនឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ ដោយលោកសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់លើមន្ត្រីសហជីពទាំងនោះផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំក៏សង្ឃឹមថា ក្រុមការងាររបស់ខ្ញុំ ក្រុមការងាររបស់ខ្ញុំមួយចំនួនទៀតដែរ ក្នុងសំណុំរឿងជាមួយខ្ញុំ នឹងទទួលបានការលើកលែងបទចោទប្រកាន់ទាំងនេះដូចគ្នាដែរ នៅក្នុងដំណាក់កាលនៃការប្តឹងឧទ្ធរណ៍ នៅថ្ងៃខាងមុខនេះ។ រីឯ សំណុំរឿងផ្សេងៗទៀត ដែលមិនទាន់បានដំណើរការ ខ្ញុំសំណូមពរឱ្យចៅក្រមដទៃទៀតដែលកាន់សំណុំរឿងរបស់ខ្ញុំ ផ្សេងៗទៀតនោះ សុំឱ្យលោកមេត្តាពិនិត្យយ៉ាងយកចិត្តទុកដាក់ក្នុងការទម្លាក់បទចោទប្រកាន់មកលើរូបខ្ញុំ និងក្រុមការងាររបស់ខ្ញុំផ្សេងទៀត ឱ្យដូចគ្នាទៅនឹងសំណុំរឿងនៅរោងចក្រ អូសេអង់ ដែរ»។
មេដឹកនាំសហជីពដដែល និងមន្ត្រីសហជីពមូលដ្ឋាន ៦រូបទៀត ត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ ដែលប្តឹងដោយរោងចក្រ អូសេអង់ ហ្គាមិន កាលពីខែសីហា ឆ្នាំ២០១២។
មន្ត្រីសហជីពទាំង៧ រូប ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល៨ ខែ ប៉ុន្តែ ទោសទាំងនោះត្រូវបានព្យួរ។
លោក ប៉ាវ ស៊ីណា អះអាងថា បច្ចុប្បន្នសហជីពលោករងបណ្តឹងពីខាងក្រុមហ៊ុន និងអាជ្ញាធរ ចំនួន១៣ បណ្តឹង ដោយលោកផ្ទាល់ត្រូវជាប់បណ្តឹងនៅតុលាការចំនួន៧ ផងដែរ៕









