អ្នក​ភូមិ​នៅ​កំពង់ធំ​ ជំរុញ​ទៅ​មន្រ្តី​​ឲ្យ​​ពន្លឿន​ការ​ចាក់​​វ៉ាក់សាំង​ការពារ​ និង​ព្យាបាល​​សត្វគោ​ក្របី​របស់​​ពួកគេ​​

ប្រជាពលរដ្ឋរស់នៅឃុំក្រយា ស្រុកបាសាទបាល្ល័ង ខេត្តកំពង់ធំ អះអាងថា សត្វគោរបស់ពួកគេឈឺ និង ងាប់ជាបន្តបន្ទាប់រយៈជិតមួយខែមកនេះ​​។ រូបភាព៖ ពលរដ្ឋសម័យឌីជីថល (Citizen of Digital Age)

អ្នកភូមិនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជំរុញទៅអាជ្ញាធរ​ឲ្យពន្លឿន​វិធានការជួយសង្គ្រោះសត្វគោ​ក្របី ខណៈសត្វទាំងនោះ​បានឈឺ និងងាប់​ជាបន្តបន្ទាប់ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ ប្រាប់ វីអូឌី ថា លោកនឹងឲ្យមន្ត្រីកសិកម្មចុះទៅពិនិត្យមើលករណីសត្វគោក្របីរបស់អ្នកភូមិឈឺងាប់​នោះ ក្រោយទទួលបានដំណឹងកាលពីថ្ងៃទី១៩ ខែមីនានេះ។

ប្រជាពលរដ្ឋម្នាក់​រស់នៅភូមិបុស្សធំ អ្នកស្រី ស៊ុំ ណេន ប្រាប់ វីអូឌី ថា រហូតមកដល់ថ្ងៃនេះ សត្វគោក្របីរបស់អ្នកភូមិនៅតែបន្តឈឺស្លាប់ជាបន្តបន្ទាប់ទៀត ដោយពុំទាន់មានមន្រ្តីជំនាញណាចុះទៅពិនិត្យ និងជួយព្យាបាលឡើយ។

អ្នកស្រី បន្ថែមថា៖ «ពីម្សិល ងាប់អស់២ នៅផ្ទះជិតខ្ញុំ។ ថ្ងៃនេះស្លាប់មួយទៀត។ គ្រាន់តែផ្ទះ(ខ្ញុំ)ងាប់អស់៣ អាធំៗ។ គោស្លាប់អញ្ចឹង គ្មានប្រធានភូមិណាដើររៀបថា គោអ្នកភូមិស្លាប់អស់ប៉ុន្មានអីប៉ុន្មាន? ស្នើឲ្យពេទ្យសត្វមកចាក់ការពារអីគឺអត់ អត់មានផង។ គ្នាពិបាកណាស់ អ្នកស្រែសង្ឃឹមតែគោក្របីហ្នឹងឯង មិនដឹងទៅរកអី? បើគោក្របីស្លាប់អស់អញ្ចេះឯង មិនដឹងសង្ឃឹមអីទៀត ងាប់១ ខាតអស់១លាន២លាន»

អ្នកភូមិបុស្សធំម្នាក់ទៀត លោក​ ទូន ទីម ឲ្យដឹងថា គ្រប់ភូមិនៅក្នុងឃុំក្រយា គឺមានសត្វគោក្របីកំពុងឈឺងាប់ជាបន្តបន្ទាប់។ លោកថា ករណីគោក្របីឈឺងាប់​ក្នុងចំនួនច្រើននេះ នឹងធ្វើឲ្យអ្នកភូមិជួបការលំបាក និងប៉ះពាល់ដល់ជីវភាពគ្រួសារពួកគេ ដោយថា អ្នកភូមិនៅឃុំក្រយាភាគច្រើនជាកសិករប្រកបរបរចិញ្ចឹម​ និងរស់នៅពឹងផ្អែក​លើសត្វគោក្របីទាំងនោះ។

លោកបន្ថែមថា៖ «ស្នើសុំទៅក្រសួងកសិកម្ម ឬមន្រ្តីកសិកម្មខេត្តជួយចុះចាក់ថ្នាំវ៉ាក់​សាំងការពារកុំឲ្យឆ្លងបន្ត។ បើវាងាប់ហូរហែរអញ្ចឹង មិនដឹងជាយ៉ាងណាទេ។ អញ្ចឹង សូមឲ្យអ្នកទាំងអស់ហ្នឹងជួយផង។ ហើយអាជ្ញាធរភូមិឃុំផ្សព្វផ្សាយដល់ថ្នាក់លើបានដឹងផង និងជួយឲ្យប្រជាជនហ្នឹងបានដឹងពីវិធីនៃការចាក់ថ្នាំការពារផងក្រែងបានរស់ខ្លះ។ បើមិនអញ្ចឹងទេ កសិករមិនដឹងសង្ឃឹមអីទេ»

អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា មន្រ្តីជំនាញនៅមន្ទីរកសិកម្មខេត្តបានចុះទៅចាក់ថ្នាំបង្ការហើយ កាលពីម្សិលមិញ​នេះ។

អភិបាលខេត្តកំពង់ធំ បញ្ជាក់​ថា៖ «មន្រ្តីគេចុះទៅម្សិលមិញហើយ។ គេបានចាក់គោប៉ុន្មានគោ គេមានយុទ្ធការរបស់គេ ហើយថ្ងៃទី២៦ មីនាខាងមុខនេះ គេចុះចាក់វ៉ាក់សាំងបន្ថែមទៀត។ មន្រ្តីហ្នឹងបានទៅចុះទៅប្រជាជនហើយ ប៉ុន្តែ ជួបនៅភូមិណាខ្លះ ខ្ញុំមិនទាន់ដឹងទេ»។

​ជំទប់ទី២ នៃឃុំក្រយា លោក ណាន់ វណ្ណី មានប្រសាសន៍ថា កាលពីម្សិលមិញមន្រ្តីជំនាញពេទ្យសត្វខេត្ត និងស្រុក បានចុះមកពិនិត្យរួមទាំងបានចាក់ថ្នាំដល់គោក្របីដែលកំពុងឈឺចំនួន៣ ទៅ៤ក្បាលដែរ ហើយថានឹងបន្តធ្វើយុទ្ធនាការចាក់ថ្នាំទូទាំងឃុំនៅសប្តាហ៍ក្រោយនេះ។

លោក បន្ថែមថា៖ «ដាក់ថ្ងៃគ្នាចុះចាក់១ឃុំហ្នឹងតែម្តង ព្រោះខ្ញុំបានធ្វើផែនការរួចហើយ។ ប៉ុន្តែដោយសារតែសៅរ៍អាទិត្យគេអត់ធ្វើការ អញ្ចឹងថ្ងៃច័ន្ទក្រោយនេះ បានចុះចាប់ផ្តើមធ្វើយុទ្ធនាការ។ ម្សិលមិញនេះ ក្រុមការងារពេទ្យសត្វខេត្ត និងស្រុកមកពីរទៅបីឡានចុះ មកបានចាក់តែអាណាឈឺទេ ដល់អាអត់ទាន់ឈឺ យើងអត់បានចាក់ ដោយសារធ្វើផែនការអត់ទាន់»

លោក ណាន់ វណ្ណី ឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ គោក្របីអ្នកភូមិជាង១០០ក្បាលដែលបានងាប់​ ហើយថា សត្វគោក្របី ទាំងនោះងាប់​ ដោយសារកើតជំងឺសាទឹក និងបុស្សខ្យល់ ហើយអ្នកភូមិនោះពុំមានទឹកគ្រប់គ្រាន់ផ្តល់ឲ្យវា ខណៈអាកាសធាតុក្ដៅខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ