ជប៉ុន​​សម្រេច​ទទួល​យក​ពលករជំនាញ​​ពី​កម្ពុជា​ជា​ផ្លូវ​ការ

លោក អុិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ ប្រទេសជប៉ុន។ រូបភាព៖ វេបសាយ ក្រសួងការងារ

 កម្ពុជា-ជប៉ុន​ បាន​​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​បញ្ជូន​ពល​ករជំនាញ​ពីប្រទេស​កម្ពុជា។

យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើទំព័រហ្វេសប៊ុករបស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ ក្រសួង​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​រវាង​ក្រសួង​ការងារ​កម្ពុជា ជា​មួយ​ក្រសួងការបរទេស​ជប៉ុន ដែល​នឹង​ទទួល​យក​ពលករ​ពី​កម្ពុជា​ចាប់​ពី​ខែ​មេសា​ខាង​មុខ។

ប្រភព​ខាងលើ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក អ៊ិត សំហេង មកចុះផ្សាយថា ការ​ចុះ​អនុស្សរណៈនេះ នឹង​ធ្វើ​ឲ្យ​ពលករ​ជំនាញ​កម្ពុជា​​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​ដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ និង​ប្រទេស​ជាតិ ហើយ​វា​ក៏​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ផង​ដែរ។

ជប៉ុន​គ្រោង​ទទួល​យក​ពលករ​ជំនាញ​ជាង​៣៤​ម៉ឺន​នាក់​ ពី​ប្រទេស​ចំនួន៨ រួម​មាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា និង​នេប៉ាល់​ ក្នុងរយៈពេល៥ឆ្នាំ​សម្រាប់​ការងារ​ចំនួន១៤ប្រភេទ រួមមាន​ផ្នែក​ថែ​ទាំ​មនុស្ស​ចាស់ ការ​សំអាត​អាគារ ការ​ផលិត​គ្រឿង​បន្លាស់ ការ​ផលិត​គ្រឿង​ម៉ាស៊ីន ការ​ផលិត​គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក ការងារ​សំណង់ ការ​ផលិត​នាវា ការ​ជួសជុល និង​ដំឡើង​រថយន្ត ការងារ​អាកាសចរណ៍ ការ​រៀប​ចំ​បន្ទប់​ស្នាក់​នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការ​ផលិត​អាហារ និង​ភេសជ្ជៈ និង​ការងារ​នៅ​តាម​ភោជនីយដ្ឋាន។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុង​នោះ​កម្មសិក្សា​ការី​មាន​ប្រមាណជិត៧ពាន់នាក់៕ ​

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ