ក្រសួង​សាធារណការ​ ស្នើ​ចិន​ជួយ​សិក្សា​អភិវឌ្ឍន៍​រថភ្លើង​ប្រភេទ Monorail​

ទស្សនកិច្ចសិក្សា​ ប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅរោងជួសជុលថែទាំរថភ្លេីង​ និងចុះពិនិត្យនៅតាមទីតាំងស្ថានីយ​មួយចំនួន ព្រមទាំងជិះសាកល្បងរថភ្លេីងប្រភេទនេះ​​ ក្នុងក្រុង​ Chongqing ប្រទេសចិន​ នាថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ ដឹកនាំដោយ​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន។ រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ចិនឯកភាពជួយសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយ​លើទំព័រហ្វេសប៊ុករបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​។

លោក​ ស៊ុន ចាន់ថុល កាលពីម្សិលមិញ​ បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ លោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing។ កិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលេីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

ប្រភពដដែល​បាន​បញ្ជាក់ថា ភាគី​ចិន​ បាន​ទទួល​យក​សំណើរ​បស់រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹក​ជញ្ជូនលើកិច្ចសហប្រតិបត្តិការក្នុងការសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបនៅកម្ពុជា។

ក្រសួងសាធារណការ សរសេរថា៖ «ឯកឧត្តម Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការរវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ[…]»។

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ស្វាគមន៍ដំណោះស្រាយការកបញ្ហាកកស្ទះចរាចរណ៍ ប៉ុន្តែ លោកបារម្ភពីផលប៉ះពាល់ទៅលើបរិស្ថាន ចំពោះការប្រើរថភ្លើងលើអាកាសនេះ។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជារឿងល្អដែរ បើសិនជាយើងមានដំណោះស្រាយពីបញ្ហាហ្នឹង! ប៉ុន្តែ អ្វីដែលយើងត្រូវគិតវិញ Monorail បើសិនជាខ្ញុំគិត អាហ្នឹងរថភ្លើងរត់លើអាកាស! ហើយដល់ពេល បើសិនជាយើងដំឡើងមកអញ្ចឹង យើងគិតថា ទីក្រុងរបស់យើងវាសំបូរទៅដោយអាគារខ្ពស់ៗ ឬក៏អីអញ្ចឹង​ វាបាត់សោភ័ណ្ឌភាព ហើយមួយទៀត វាជាកត្តាមួយដែលអាចបង្កទាក់ទងនឹងការបំពុលបរិយាកាសខ្លះដែរ!»

អ្នកតាមដានបញ្ហាចរាចរណ៍រូបនេះ ចង់ឲ្យមានការថ្លឹងថ្លែងផលប៉ះពាល់ទៅលើបរិស្ថាននិងផលប៉ះពាល់ទៅលើការប្រើប្រាស់ ដោយថា ដើម្បីឲ្យសមិទ្ធិផលនេះបានជាប្រយោជន៍ដល់សង្គមទាំងមូលនិងជាប្រយោជន៍សាធារណៈទាំងអស់គា្ន។

របាយការណ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា គិតមកដល់ត្រឹមខែកក្កដា ឆ្នាំ២០១៨ ចំនួនយានយន្តនៅរាជធានីភ្នំពេញមានការកើនឡើងរហូតដល់ជាង២លាន ១៩ម៉ឺនគ្រឿង។ ចំនួនរថយន្តគ្រប់ប្រភេទមានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន ៧០ម៉ឺនគ្រឿង និងរ៉ឺម៉កកង់បីមានចំនួន១ម៉ឺន ១ពាន់គ្រឿង ដែលបានចុះបញ្ជី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ