អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​​ចិន​នៅ​កោះកុង ជំរុញ​ទៅ​ក្រសួង​ដែនដី​ដោះ​​ស្រាយ​​​បញ្ចប់​​វិវាទ​​​​

តំណាងពលរដ្ឋជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងរៀបចំដែនដី ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំ ពុំទទួលបានសំណង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រុម​ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកពីរក្នុងខេត្តកោះកុង បានជំរុញទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឲ្យពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លី បន្ទាប់ពីក្រសួងបរិស្ថានរុញសុំណុំរឿងដីធ្លីរបស់ពួកគេទៅឲ្យលោក ជា សុផារ៉ា ជាអ្នកដោះស្រាយបន្ត។

តំណាងពលរដ្ឋជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំ ពុំទទួលបានសំណង។

តំណាងពលរដ្ឋជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងរៀបចំដែនដី ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំ ពុំទទួលបានសំណង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អ្នកស្រី សាំង ពុយ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំកោះស្តេច ប្រាប់ វី.អូ.ឌី ថា អ្នកភូមិសម្រេចនាំគ្នាមកតវ៉ាជាថ្មីនៅក្រសួងរៀបចំដែនដីនេះ បន្ទាប់ពីមន្រ្តីក្រសួងបរិស្ថានប្រាប់ថាបញ្ជូនសុំណុំរឿងរបស់ពួកគាត់ទៅក្រសួងរៀបចំដែនដី ជាអ្នកដោះស្រាយបន្ត។

អ្នកស្រី បន្ថែមថា៖ «មកពីលោក នេត្រ ភ័ក្រ្តា ហ្នឹង! គាត់ប្រាប់ថា បញ្ជូនសុំណុំរឿងហ្នឹងមកក្រសួងរៀបចំដែនដី ហើយពួកខ្ញុំក៏មកក្រសួងដែនដី។ ពួកខ្ញុំរំពឹងថា ក្រសួងដែនដីអាចដោះស្រាយឲ្យក្រុមខ្ញុំបាន ពីព្រោះការចេញប្លង់កម្មសិទ្ធហ្នឹង គឺក្រសួងរៀបចំដែនដីជាអ្នកចេញប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំ។ ហើយក្រសួងដែនដីបានពិនិត្យពិច្ច័យហើយ ថាពួកខ្ញុំរស់នៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធស្របច្បាប់ក្នុងការកាន់កាប់ដីកន្លែងហ្នឹង»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ឆៃ គឹមឌុច និយាយថា ការអូសបន្លាយមិនបានដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋនេះ ពួកគាត់ជួបការលំបាកក្នុងជីវភាពគ្រួសារយ៉ាងខ្លាំង ដោយថា ពុំមានដីធ្លីបង្កបង្កើនផល និងជំពាក់បំណុលគេទៀតផង។

តំណាងអ្នកភូមិ​រូបនេះបន្តថា បច្ចុប្បន្នមានពលរដ្ឋ ៧៧គ្រួសារ ស្ថិតក្នុងឃុំចំនួន៥ នៃស្រុកចំនួន២ ដែលពុំទទួលបានការដោះស្រាយផលប៉ះពាល់ បន្ទាប់ក្រុមហ៊ុនរបស់ចិនរំលោភយកដីធ្លីពួកគេកាលពីឆ្នាំ២០០៩។

អ្នកស្រីបន្ថែមថា៖ «ដំណាំដែលគេឈូសឆាយហ្នឹង មានស្វាយច័ន្ទី មានស្វាយ ខ្នុរ ដល់អញ្ចឹងទៅ រយៈពេលជាង១០ឆ្នាំហ្នឹង ពួកគាត់មិនឲ្យយើងចូលបង្កបង្កើនផល។ បើហ៊ានតែចូលធ្វើ មានតែចាប់ដាក់គុកច្រវ៉ាក់ គ្រាន់តែចូល​បោះបង្គោល ចាប់ម្នាក់ដាក់គុកមិនទាន់ដោះលែងវិញផង ដល់អញ្ចឹងរយៈពេលជាង១០ឆ្នាំហ្នឹងអត់បានធ្វើអីទេ។ ហើយកាត់ឲ្យចិនបានហេតុអីបានជាកាត់ឲ្យពលរដ្ឋខ្លួនឯងមិនបាន ព្រោះអីប្រជាជនមានឯកសារដែលចេញពីអាជ្ញាធរភូមិឃុំ»

វិអូឌី មិនអាចសុំការឆ្លើយតប់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេជុំវិញបញ្ហានេះ ដោយទូរសព្ទគ្មានអ្នកទទួល។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ធ្លាប់បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនការដោះស្រាយជូនពលរដ្ឋឲ្យបានឆាប់ ដើម្បី​បញ្ចប់​វិវាទដីធ្លីមួយ​នេះ ដែល​លោក​ថា កើតឡើងដោយសារតែរដ្ឋាភិបាលផ្តល់ដីឲ្យ​ក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍ។

កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៣ម៉ឺន ៦ពាន់ហិកតា​ ស្ថិត​នៅក្នុង​ស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ទៅ​ដល់​ក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ ដោយធ្វើឲ្យប៉ះពាល់ដី​ធ្លី​ទំហំ​ជាង ៦​ពាន់​ហិកតា​របស់​ប្រជាពលរដ្ឋជាង ២០០គ្រួសារ ប៉ុន្តែក្រុមហ៊ុន និងរដ្ឋាភិបាលបានដោះស្រាយជូនពលរដ្ឋបានមួយចំនួនធំ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ ៧៧គ្រួសារ​ទៀត ស្ថិតក្នុង​ឃុំតានូន ឃុំកោះស្តេច ឃុំភ្ញីមាស ឃុំព្រែកខ្សាច់ និងឃុំថ្មស ដែលមានដីទំហំជិត ១ពាន់ហិកតាទៀត​នោះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ