ភរិយា​ឧកញ៉ា​ ថោង​ សា​រ៉ាត់​ ស្រែកយំ​នៅមុខ​តុលាការ​ថា​ «អយុត្តិធម៌​ណាស់​»

លោក ស្រី ទាវ ធីតា យំនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩

ភរិយា​ឧកញ៉ា​ ថោង​ សា​រ៉ាត់​ ស្រែកយំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃអង្គារ​ ម្សិលមិញ​ ក្រោយពេល​តុលាការ​សម្រេច​ទោស​លើ​ស្វាមី​លោកស្រី​ ហើយក៏​បាន​អំពាវនាវ​ឱ្យ​លោក​ នាយក​រដ្ឋមន្ត្រី​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។

លោកស្រី​ ទាវ​ ធីតា​ ស្រែកយំ​នេះ​ក្រោយពេល​ដែល​ចៅក្រម​សម្រេច​កាត់ទោស​ឱ្យ​ស្វាមី​លោកស្រី​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​។ លោកស្រី​ចាត់ទុកថា​ នេះ​ជា​រឿង​អយុត្តិធម៌​ព្រោះថា​ លោកស្រី​ និង​ស្វាមី​ មិនដែល​ស្គាល់​ឧកញ៉ា​ អ៊ឹ​ង ម៉េ​ងជឺ​ ទេ​។

លោកស្រី​ ទាវ​ ធីតា​៖ « សម្តេច ​ហ៊ុន​ សែន​ និង​សម្តេច​ ប៊ុ​នរ៉ា​នី​ ជា​ម៉ែ​ជា​ឪរបស់​កូន​ នៅឯណា​ហេតុ​អី​មិន​ចេញ​មក​ជួយ​? ខ្ញុំ​សុំ​ប្រាប់​កាលពី​ថ្ងៃទី២២ ប្តី​របស់ខ្ញុំ​នៅជា​មួយ​ខ្ញុំ​ ខ្ញុំ​មិនដែល​ស្គាល់គ្នា​ជាមួយ​ អ៊ឹ​ង ម៉េ​ងជឺ​ ប្តី​ខ្ញុំ​ក៏​មិនដែល​ស្គាល់គ្នា​ជា​មួយ​ អ៊ឹ​ង ម៉េ​ងជឺ​។ ថ្ងៃទី១ លោកពូ​ ជួន​ សុវណ្ណ​ ឱ្យ​ប្តី​ខ្ញុំ​ទៅ​ប្រជុំ​បក្ស​ ហើយ​មកវិញ​គាត់​ឱ្យ​ប៉េ​អឹម​តែងខ្លួន​ជា​ជនស៊ីវិល​ចាប់​ប្តី​ខ្ញុំ​។ ភ្ជង់​កាំភ្លើង​គ្មាន​សាលក្រម​គ្មាន​អី​ទាំង​អស់ ​ភ្ជង់ដាក់​ឡាន​។»

លោកស្រី​ ក៏បាន​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

លោក​ ស្រី​ ទាវ​ ធីតា​៖ «អយុត្តិធម៌​ណាស់​ សម្តេច​ ហ៊ុន​ សែន​ ត្រូវតែ​ធ្វើ​រឿង​នេះ​ឱ្យ​មាន​យុត្តិធម៌​ ឱ្យ​មាន​យុត្តិធម៌​ឡើងវិញ​ បើ​មិន​អ៊ីចឹង​ទេ ​ប្រទេស​ជាតិ​ក្តៅក្រហាយ​ណាស់ ​គ្មាន​អ្នក​អាច​ជ្រក​កោន​បានទេ​។»

កាលពី​ម្សិលមិញ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កាត់ទោស​លោក​ ថោង​ សា​រ៉ាត់​ ម្ចាស់​បុរី៩៩៩​ និង​អង្គរក្ស៤នាក់​ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ក្នុងករណី​ឃាតកម្ម​បាញ់សម្លាប់​ឧក​ញ៉ា​អ៊ឹ​ង ម៉េ​ងជឺ​ ជា​ថៅកែ​ស៊ីម៉ង់​យ៍​ត្បូងពេជ្រ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៤​។

នៅក្នុង​សប្តាហ៍​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មានការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​របស់​ចិន​ រឿង​ប៉ាវ​ចិន ​តាម​កញ្ចក់​ទូរទស្សន៍​។ លោក​បានសម្រេច​បង្កើត​ក្រុម​មេធាវី​ ដើម្បី​ជួយការ​ពារ​ដល់​ស្ត្រី​ក្រីក្រ​។ ចំណុច​ទាំងនេះ ​គឺ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

ទោះ​យ៉ាងណា ​លោក​ សឹង​ សែន​ករុណា​ មន្ត្រី​ជាន់ខ្ពស់​អង្គ​កា​រអា​ដហុក​ថ្លែង​ក្នុង​កម្មវិធី​ 8 Minute​ Talk​ ថា​ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជា​រឿង​សំខាន់​ជាង​ការបង្កើត​ក្រុម​មេធាវី​ជួយ​អ្នក​ក្រីក្រ​។

របាយការណ៍​របស់​ World​ Justice​ Project​ ចេញផ្សាយ​កាលពី​ខែកុម្ភៈ​ វាយតម្លៃ​លើ​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​ចំនួន១១៣ គឺ​កម្ពុជា​ជាប់លេខ១១២​ ចំណែក​ប្រទេស​អាហ្គា​នី​ស្ថាន​ជាប់លេខ១១១​ ប្រទេស​វេ​ណេហ្សូ​អេឡា​ជាប់លេខ១១៣​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ