ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីនគរបាល ២នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីបាញ់សម្លាប់ពលរដ្ឋម្នាក់នៅស្រុកបាភ្នំ ដែលត្រូវបានចោទថា ជាចោរលួចរថយន្តកាលពីសប្ដាហ៍មុន។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី២៧ ខែមីនា តុលាការខេត្តព្រៃវែង បានសម្រេចឃុំខ្លួនមន្ត្រីនគរបាល លោក ជឹម រតនៈ និងលោក ជឹម វិន ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
បើតាមច្បាប់ព្រហ្មទណ្ឌ មន្ត្រីនគរបាលទាំង ២រូបនេះ អាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារចន្លោះពី ១០ ទៅ ១៥ឆ្នាំ ប្រសិនបើរកឃើញថា បានប្រព្រឹត្តខុសមែននោះ។
បើតាមដីកាដដែលនេះ មនុស្ស ៣នាក់ទៀត ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទប្តឹងបរិហារកេរ្តិ៍បង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា ៣១១ មាត្រា ៣១២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បានសាទរចំពោះសេចក្ដីសម្រេចបែបនេះរបស់តុលាការ ហើយលោកជំរុញឲ្យតុលាការស្រាវជ្រាវមនុស្សផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «ផ្ដើមចេញពីករណីជាច្រើននេះ គឺយើងឃើញថា គួរតែមានការអប់រំបន្ថែមចំពោះកងកម្លាំង ទាំងមន្ត្រីនគរបាល ធ្វើយ៉ាងណាធ្វើឲ្យមានគុណធម៌ ហើយអនុវត្តទៅតាមផ្លូវច្បាប់ឲ្យបានគ្រប់ កុំឲ្យយកតួនាទី ឬអាវុធដែលខ្លួនមានទៅប្រើប្រាស់ខុសទិសដៅ បង្កជាបទល្មើសនាំប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬក៏ប៉ះពាល់ដល់រាងកាយមនុស្ស»។
បុរសម្នាក់ជាជាងម៉ៅការសំណង់ឈ្មោះ យ៉ន រ៉ាវុធ បានស្លាប់ ហើយបុរសម្នាក់ទៀត បានរងរបួស ក្រោយរងការបាញ់ប្រហារជាច្រើនគ្រាប់ពីសំណាក់ក្រុមសមត្ថកិច្ចចម្រុះកាលពីយប់ថ្ងៃទី២៣ ខែមីនាកន្លងមកនេះ នៅឯភូមិគោកសណ្ដែក ស្ថិតក្នុងឃុំរក្សជ័យ។ បុរសទាំងពីរនាក់នោះ ត្រូវបានសង្ស័យថា ជាចោរលួចរថយន្ត។
ក្រោយពីមានករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងមេនគរបាលម្នាក់នៅខេត្តព្រៃវែង ដោយថា បើសិនមេនគរបាលរូបនោះ នៅតែជួយលាក់បាំងកូនខ្លួនឯងមិនឲ្យចូលខ្លួនទៅទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រៅពីប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនោះ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក៏បានប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសពលោក យ៉ន រ៉ាវុធ ផងដែរ៕









