ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ ដោយថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមានថ្ងៃឈប់សម្រាកពី២៨ ទៅ៣០ថ្ងៃក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយប្រទេសជិតខាង គឺកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងគេ ដែលលោកថា ការឈប់សម្រាកច្រើនបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិ។
លោក បន្ថែមថា៖ «ក្នុងគោលដៅលើកកម្ពស់បន្ថែមទៀតនូវផលិតភាពរបស់កម្ពុជា ខ្ញុំបានណែនាំឲ្យក្រុមអន្តរក្រសួងនៅក្រោមការសម្របសម្រួលរបស់គណកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងលើកសំណើកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ហើយបានសម្រេចលុបថ្ងៃឈប់សម្រាកសរុបចំនួន៧ថ្ងៃ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២០ទៅ»។
លោក ហ៊ុន សែន អះអាងថា ការធ្វើការងារបន្ថែមចំនួន៧ថ្ងៃនោះ វាបានជំរុញកំណើនសេដ្ឋកិច្ច នៃផលិតផលសរុប០,៥ភាគរយ គឺឡើងពី៦,៥ភាគរយ ទៅ៧ភាគរយ នៅឆ្នាំ២០២០ ហើយថា ការកាត់បន្ថែមថ្ងៃឈប់សម្រាកនេះ ក៏ជាយុទ្ធសាស្រ្តមួយដើម្បីរក្សាអ្នកវិនិយោគផងដែរ។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ គឺមិនមែនមានន័យថា លុបចោលពិធីបុណ្យដែលពលរដ្ឋកម្ពុជាធ្លាប់ប្រារព្ធ ឬធ្វើពលរដ្ឋកន្លងមកនោះឡើយ ដោយថា ចំថ្ងៃនោះ គឺគ្រាន់តែមន្រ្តីរាជការ និងនយោជិតក្នុងវិស័យឯកជនទាំងអស់ត្រូវបំពេញការងារជាធម្មតាប៉ុណ្ណោះ៕









