​អ្នកឃ្លាំមើលសង្គម គាំទ្រ​យុទ្ធនាការយុត្តិធម៌សម្រាប់និស្សិតស្រីឈ្មោះ រីដា

យុត្តិធម៌ចំពោះ រីដា។ រូបភាព៖ បណ្ដាញសង្គម

ក្រុម​អ្នកឃ្លាំមើលសង្គម បានគាំទ្រ​យុទ្ធនាការទាមទារយុត្តិធម៌សម្រាប់និស្សិតស្រីឈ្មោះ រីដា ឬជាភាសាអង់គ្លេសថា Justice For Rida ដែល​ជាការបង្ហាញពីការ​ចូលរួម​របស់​មហាជនក្នុងការបំបាត់នូវ​វប្បធម៌និទណ្ឌភាពនៅ​កម្ពុជា។

អ្នកផ្តើមយុទ្ធនាការនេះម្នាក់ លោក ស៊ិន សុផារិទ្ធ បានលើកឡើងនៅក្នុងហ្វេសប៊ុក និងគេហទំព័រ Change.​ORG ថា យុទ្ធនាការនេះដើម្បីលុបបំបាត់វប្បធម៌បើកបរបុកគេហើយរត់ និងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។  បន្ថែមពីនេះ លោកថា ក៏ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះដទៃទៀត ក្នុងចំណោមជនរងគ្រោះដូចករណី​រងគ្រោះដូចនិស្សិតស្រី រីដា តាមរយៈការដាក់ទោសជនល្មើសទៅតាមច្បាប់ដែលមានចែង។

ប្រភពដដែលបន្តថាបើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ នៅតែបរាជ័យក្នុងកាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ថ្ងៃណាមួយគ្រួសារជនរងគ្រោះ ឬពលរដ្ឋអាចនឹងដើរតួជាតុលាការកាត់ក្តីជនល្មើសដោយខ្លួន ឯងមិនខាន។

លោកបន្តថា៖ «ពេលនោះសង្គមយើងគឺកាន់តែឃោរឃៅ ឯសាធារណជនក៏កាន់តែអស់ជំនឿលើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ថែមទៀត។ ប្រទេសជាច្រើនបានប្រឹងប្រែងកសាង និងរក្សា “ទំនុកចិត្តសាធារណជន” មកលើអង្គភាពប៉ូលីស តុលាការ និងស្ថាប័នរដ្ឋ។ យុត្តិធម៌សង្គម ជាកត្តាសំខាន់ណាស់ យើងខ្ញុំសង្ឃឹមថា សមត្ថកិច្ច ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនឹងធានាជានិច្ចនូវយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប» ។

​អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ដែលបានចូលរួមយុទ្ធនាការនេះ​ កញ្ញា សុង ស្រីលាភ បានលើក​ឡើងថា តុលាការប្រជាជនកើតឡើង ដោយសារ​ប្រព័ន្ធ​យុត្តិធម៌ក្នុង​សង្គម​លំអៀងដែលធ្វើឱ្យជនបង្ក​រួចខ្លួន ក្រោមលេសរឿងសតិមិនល្អ ជាដើម។

កញ្ញា នៅចាំព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរកាលពីឆ្នាំ២០១៤ ដែលបង្កឡើងដោយនិស្សិតពេទ្យស្រីម្នាក់បានបើកឡានបុកឪពុក និងកូនពីរនាក់ស្លាប់ជិតរបងក្រសួងមហាផ្ទៃ ហើយនិស្សិតស្រីពេទ្យរូបនោះក៏ត្រូវរួចខ្លួន ក្រោមហេតុផលថា អ្នកបើកបរនោះមានសតិមិនល្អ។ ​

កញ្ញា ក៏បានចោទជាសំណួរថា តើឪពុកនិងកូនពីរនាក់នោះទទួលបានយុត្តិធម៌ឬទេ? ហើយកញ្ញា នឹងរង់ចាំ​មើល​ករណី​របស់កញ្ញា រីដា វិញ ថាតើអាចទទួលបានយុត្តិធម៌អត់?

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា យុត្តិធម៌តាមផ្លូវច្បាប់ចំពោះសំណុំរឿងនេះ គឺតុលាការកំពុងដំណើរការតាមនីតិវិធី ​​ហើយបើថា អយុត្តិធម៌ក៏មិនត្រូវដែរ ដោយលោកថា តុលាការមិនទាន់សម្រេចសេចក្តីនៅឡើយ ។

លោកថា បច្ចុប្បន្ន ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកំពុងបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ ដោយធ្វើយ៉ាងណាជំរុញយុត្តិធម៌ពិតប្រាកដជូនសាធារណជនក្នុងសង្គម ​។

លោកមានប្រសាសន៍ថា៖ «​ខ្ញុំជម្រាបតាំងពីដើមហ្នឹងថា យុត្តិធម៌មិនមែនតាមផ្លូវអារម្មណ៍ មនោសញ្ចេតនា ការគិតរបស់គាត់ទេ គឺទៅតាមផ្លូវច្បាប់។ អ៊ីចឹង អ្វីដែលយើងធ្វើនៅក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹង គឺធ្វើម៉េចដើម្បីឱ្យមានការអនុវត្តច្បាប់ទៅតាមបទបញ្ញត្តិនៃច្បាប់ត្រឹមត្រូវតាមច្បាប់ជាធរមាន។ ហើយក្នុងនោះ ក៏ផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងពីច្បាប់ដែរ ជាជាងប្រើអារម្មណ៍មនោសញ្ចេតនាក្នុងការវាយតម្លៃ ទៅលើស្ថានភាពនៃយុតិ្តធម៌នេះ»។

ម្តាយនិស្សិតស្រីឈ្មោះ ឌុំ រីដា គឺអ្នកស្រី ផាត់ ពៅ នៅថ្ងៃនេះបានសម្រេចដាក់ពាក្យប្តឹងឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា ភេទស្រី ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើករថយន្តបុកកូនស្រីខ្លួនបណ្តាលឱ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា។

ក្នុងពាក្យបណ្តឹងនោះ គ្រួសារជនរងគ្រោះ​ទាមទារឱ្យសមត្ថកិច្ចចាត់វិធានការណ៍ផ្តន្ទាទោសជនបង្កឱ្យបានតឹងរ៉ឹងទៅតាមផ្លូវច្បាប់ និងទាមទារសំណង់ផ្នែករដ្ឋប្បវេណី ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកមេធាវី សុក សំអឿន បញ្ជាក់ថា ​ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺ សំដៅទៅលើជនទាំងឡាយណាដែលបើកបរ​ដោយខុសច្បាប់។ លោកបន្តថា ​​ បច្ចុប្បន្នការអនុវត្តច្បាប់ចរាចរណ៍នៅមិនទាន់បានពេញលេញនៅឡើយទេ។

​លោកមានប្រសាសន៍៖ «ព្រោះនៅក្នុងច្បាប់ចរាចរណ៍ក៏មានការដកពិន្ទុ មានការអីណោះ ហើយនៅស្រុកគេៗខ្លាចបំផុតមិនមែនការពិន័យ ការផាកទេ គឺខ្លាចដកពិន្ទុឯណោះទេ ហើយស្រុកយើងមិនទាន់អនុវត្តអាដកពិន្ទុផងហ្នឹង។ ដោយសារមូលហេតុ វាអាចច្រើនយ៉ាង។»

មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ​ភាពយុត្តិធម៌សង្គមនឹងមិនអាចកើតឡើងឡើយ ប្រសិនបើគ្មានការចូលរួមទាមទារពីមហាជនទូទៅ។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើពលរដ្ឋទាំងអស់គ្នាមិនបានអើពើ មិនបានចូលរួម មិនបានប្រតិកម្មនូវអំពើអយុត្តិធម៌ណាមួយ តែងតែកប់ចោល ហើយការអនុវត្តហ្នឹងអត់មានប្រសិទ្ធភាព ដូចដែលពួកគាត់ប្រតិកម្មហ្នឹងទេ។ អ៊ីចឹង បានជាផ្នែកមួយធ្វើឱ្យខាងថ្នាក់ដឹកនាំហ្នឹង មើលឃើញពីការឈឺឆ្អើលរបស់ប្រជាពលរដ្ឋដែលយល់ថា ​យុត្តិធម៌សង្គមកំពុងធ្លាក់ចុះ។ មានតែការរួមគ្នាប្រតិកម្មបញ្ចេញមតិយោបល់ទាំងអស់គ្នាហ្នឹងទេ ដែលមានប្រសិទ្ធភាព»។ 

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា យុទ្ធនាការទាមទារយុត្តិធម៌នេះ គឺបង្ហាញពីការមិនទុកចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្បិតមានភាពអយុត្តិធម៌​ និងបង្កើតបានជានិទណ្ឌភាពជាច្រើនក្នុងសំណុំរឿងមុនៗ។

កញ្ញាថា យុទ្ធនាការនេះ ជាសម្ពាធមួយដាក់ទៅស្ថាប័នអនុវត្តច្បាប់ឱ្យពិចារណាលើការចង់បានរបស់ពលរដ្ឋ ពោលគឺយុត្តិធម៌សង្គមជាចាំបាច់។

កញ្ញាបន្ថែមថា៖ «អ៊ីចឹង មូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋអស់ទឹកចិត្តហ្នឹង វាមិនមែន ទាក់ទងភាពមិនយកចិត្តទុកដាក់ ក្នុងការដោះស្រាយនៅពេលមានការកើតឡើងគ្រោះថ្នាក់ចរាចរមួយមុខទេ ប៉ុន្តែ វាបានឆ្លងអំពីឃាតកម្ម អំពីការប៉ុនប៉ងសម្លាប់ផ្សេងៗ នៅក្នុងសង្គមដែលរួមមានអ្នកកាសែត អ្នកនយោបាយ អ្នកអត្ថាធិប្បាយសង្គម អ្នកសិល្បៈ អ្នកអីចឹងទៅ។ អ៊ីចឹង វាលាយឡំគ្នាដែលធ្វើឱ្យពលរដ្ឋហ្នឹងចាប់ផ្តើមមានអារម្មណ៍ថា វាអត់មានយុត្តិធម៌នៅក្នុងសង្គម»។

ទោះយ៉ាងណានៅរសៀលនេះ ក្រោយពីពិនិត្យសំណុំរឿង និងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ហើយជននេះត្រូវបានបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

របាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ចេញផ្សាយកាលពីខែកុម្ភៈ បានចាត់ថ្នាក់កម្ពុជាជាប្រទេសមានប្រព័ន្ធយុត្ដិធម៌​អន់ជាងបំផុតនៅលើពិភពលោក។ អង្គការ​មួយ​នេះ ​បាន​វាយ​តម្លៃ​​​ចំណាត់​ថ្នាក់ក​ម្ពុជាក្នុងលំដាប់លេខ១២៥ ក្នុងចំណោមបណ្ដាប្រទេស ១២៦ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​ប្រទេស​វេណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ