មន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បដិសេធមិនទទួលសំណើរបស់ស្រ្តីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលស្នើសុំឲ្យលោក ហ៊ុន សែន ជួយផ្ដល់មេធាវីការពារក្ដី ដោយប្រាប់ឲ្យសកម្មជនទាំងនោះទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញ។
សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន និងកូនស្រី នាព្រឹកថ្ងៃនេះ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យលោកជួយផ្ដល់មេធាវីការពារក្ដីដល់ពួកគេ ដោយថា ពួកគេគ្មានលទ្ធភាពស្វែងរកមេធាវីដោយខ្លួនឯង។
ប៉ុន្តែ មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន បដិសេធមិនទទួល ដោយឲ្យពួកគេយកសំណើរនេះទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញ។
លោកថា៖ «មេធាវីហ្នឹង ទាល់តែទៅរកខាងក្រុមមេធាវីសម្ដេច ទៅសួរគេនៅទីស្ដីការគណៈរដ្ឋមន្ត្រី សួរគេនៅផ្លូវកម្ពុជាក្រោម គេប្រាប់ហើយ នៅប៉ុស្តិ៍មួយផ្លូវកម្ពុជាក្រោម ត្រង់ផ្សារស៊ីដនីហ្នឹង វាមានប៉ុស្តិ៍វាមួយ ទៅសួរខាងណុងទៅ នៅផ្សារស៊ីដនី»។
ក្រោយពីមន្ត្រីខុទ្ទល័យមិនទទួលនោះ ពួកគេក៏បាននាំគ្នាទៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ប៉ុន្តែ នៅពេលទៅដល់ មានកម្លាំងចម្រុះជាច្រើនបាននាំគ្នាសួរ ដោយប្រាប់ទៅសកម្មជនដីធ្លីទាំងនោះត្រឡប់ទៅផ្ទះវិញ ដោយរង់ចាំសមត្ថកិច្ចឆ្លើយតបទៅវិញនៅពេលក្រោយ។
សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន ប្រាប់អ្នកសារព័ត៌មាននៅខាងក្រោយទីស្ដីការគណៈរដ្ឋមន្រ្តីថា ក្រុមគ្រួសាររបស់គាត់សង្ឈឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់មេធាវីជួយក្ដីការពារក្ដីឲ្យគ្រួសារគាត់ បើទោះបីជាទីស្ដីការគណៈរដ្ឋមន្ត្រីមិនបានទទួលយកសំណើក៏ដោយ។
អ្នកស្រីថា៖ «ខ្ញុំសង្ឈឹមថា សម្តេចផ្ដល់មេធាវីឲ្យជាចាស់ជរា ហើយខ្ញុំមកដើម្បីមកពឹងគាត់ឲ្យជួយ។ ខ្ញុំចាស់ហើយ ខ្ញុំអត់មានលុយជួលមេធាវីឯកជនការពារខ្លួនខ្ញុំទេ។ ខ្ញុំសង្ឈឹមថា សម្ដេចជួយផ្ដល់មេធាវីឲ្យខ្ញុំ ឲ្យមានភាពយុត្តិធម៌សម្រាប់ខ្ញុំ»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនាករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបង្កើតក្រុមមេធាវីថ្មីមួយ ដើម្បីជួយការពារក្ដីឲ្យស្ដ្រីក្រីក្រនៅកម្ពុជា។ ក្រុមមេធាវីថ្មីបង្កើតឡើងនេះ ត្រូវដាក់ស្ថិតក្រោមការដឹកនាំរបស់មេធាវីរដ្ឋាភិបាល លោក គី តិច ដែលមានសមាជិកជាង៥០នាក់។
ប្រធានក្រុមមេធាវី លោក គី តិច មានប្រសាសន៍ថា លោកមិនទាន់ទទួលបានញត្តិពីប្រជាពលរដ្ឋនៅឡើយ។ លោកបន្តថា រដ្ឋាភិបាលបានផ្ដល់បន្ទប់មួយនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីដល់ក្រុមមេធាវីដើម្បីធ្វើការ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមមេធាវីមិនទាន់បានចូលទៅរៀបចំនៅឡើយទេ។
លោក គី តិច បញ្ជាក់ថា មេធាវីដែលបង្កើតឡើងនេះ គឺក្នុងគោលបំណងជួយការពារក្ដីដល់ស្រ្តីក្រីក្រ ប៉ុន្តែ សម្រាប់ស្ដ្រីដែលមានទំនាស់ដីធ្លីវិញ លោកថា មេធាវីរបស់លោកមិនទទួលទេ ។
លោក គី តិច ថា៖ «សូមបញ្ជាក់ជូនបន្តិចណា! ថា ក្រុមមេធាវីដែលសម្ដេចតេជោបានឲ្យខ្ញុំដឹកនាំបង្កើតនេះ គឺ ជាក្រុមមេធាវីមួយដែលទទួលបន្ទុកជួយការពារតែស្ត្រីក្រីក្រ ជាស្ត្រីហើយ ក្រីក្រ ។ ប៉ុន្តែ បើសិនក្នុងករណីស្រី្តដែរ តែគាត់មានវិវាទរឿងដីធ្លី ឬក៏ជាអ្នកមានទំនាស់ផ្សេងៗទៀត ដែលគាត់មិនមែនជាវិវាទដែលចាត់ទុកថា ជាការក្រីក្រ ជាអ្នករងគ្រោះដែលរំលោភបំពានតាមផ្លូវច្បាប់ណាមួយ អាហ្នឹង ខាងខ្ញុំអត់ទទួលទេ។ អាហ្នឹង ទាល់តែសិក្សាពីគាត់សិន ថាគាត់ប្ដឹងរឿងអី គាត់ចង់ត្រូវការមេធាវីហ្នឹង រឿងអី បើសិនជាគ្រាន់តែជាក្រុមមកដើម្បីធ្វើតែបាតុកម្ម ក្រុមស៊ីឈ្នួលធ្វើបាតុកម្មអីហ្នឹង មិនមែនជាគោលដៅរបស់យើងខ្ញុំទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រុមមេធាវីគួរតែធ្វើការកំណត់ថា ស្ត្រីក្រីក្រកម្រិតណាដែលរដ្ឋាភិបាលយល់ព្រមផ្ដល់មេធាវីជួយការពារក្ដីឲ្យនោះ។ លោកបន្តថា ប្រសិនក្រុមមេធាវីមិនកំណត់ឲ្យច្បាស់លាស់ ប៉ុន្តែ បានបដិសេធចំពោះសំណើរបស់សកម្មជនដីធ្លីនោះ វាបង្ហាញពីការរើសអើង។
លោកថា៖ «បើសិនជាក្រុមមេធាវីមានការច្រានចោលទៅលើករណីនេះ ដោយមិនមានហេតុផលណាមួយច្បាស់លាស់ អាហ្នឹងបង្ហាញឲ្យគេមើលឃើញថា ក្រុមមេធាវីអាចនឹងមានការរើសអើងសកម្មជនដីធ្លីដែលធ្លាប់ជាអ្នករងគ្រោះ ដោយសារ មានការរំលោភពីខាងអ្នកមានលុយ មានអំណាចអីកន្លងមកអ៊ីចឹង។ អ៊ីចឹង គួរតែធ្វើការកំណត់ក្នុងរឿងហ្នឹង ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការរិះគន់ពីសាធារណជន»។
សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន អះអាងថា ការសម្រេចចិត្តស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយផ្ដល់មេធាវីការពារក្ដីឲ្យនេះ បន្ទាប់ពីតុលាការបានកោះហៅក្រុមគ្រួសាររបស់អ្នកស្រី ចូលបំភ្លឺកាលពីថ្ងៃទី១៣ ខែមីនា ក្នុងសំណុំរឿងហិង្សាដោយចេតនា ដែលប្តឹងដោយអតីតសកម្មជនបឹងកក់ម្នាក់ឈ្មោះ សាទ ថា៕









