ស្រ្តីបើករថយន្ត Rang Rover បុកនិស្សិតស្រីម្នាក់បណ្តាលឲ្យស្លាប់កាលពីដើមសប្តាហ៍នេះ ត្រូវបានបញ្ជូលទៅសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយសមត្ថកិច្ចធ្វើការសាកសួរនៅព្រឹកនេះ។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត។
ស្រ្តីម្នាក់ដែលគេស្គាល់ឈ្មោះថា យិន ម៉ាណា បានចូលខ្លួនទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនៅថ្ងៃនេះ បន្ទាប់ពីមានបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក្រោយជននេះបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនិស្សិតម្នាក់ស្លាប់។
កាលពីរសៀលថ្ងៃទី២៦ ខែមីនា ស្រ្តីឈ្មោះ យិន ម៉ាណា និងត្រូវជាកូនស្រីម្ចាស់សណ្ឋាគារផងនោះ បានបើកបរឡានម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ទៅបុកនិស្សិតស្រីឆ្នាំទី៤ម្នាក់ស្លាប់ ខណៈនិស្សិតស្រីរូបនោះបើកម៉ូតតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យមហាជនមានការខឹងសម្បារ និងថ្កោលទោសជនបង្ក ហើយបានស្នើទៅសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ យកមកទទួលទោសតាមច្បាប់។ ក្រោយមហាជនផ្ទុះការខឹងសម្បារនេះ ប្រមុខរដ្ឋាបាលបានបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធចាប់ស្រ្តីបង្កគ្រោះថ្នាក់ចរាចរណ៍នោះមកទោសឲ្យខានតែបាន។
ខណៈជនបង្កមិនព្រមចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ កាលពីម្សិលមិញនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រកាសទុករយៈពេល៣ថ្ងៃ ដើម្បីឱ្យជនបង្កចូលខ្លួនមកទទួលទោសតាមច្បាប់ ដោយលោកព្រមានថា បើមិនដូច្នេះសមត្ថកិច្ចជំនាញនឹងចាត់វិធានធានការផ្លូវច្បាប់។
និស្សិតស្រីដែលរងគ្រោះនោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេសខាងអក្សរសាស្រ្តខ្មែរ និងនិស្សិតអាហារូបករណ៍នៅសាលា«ផារ៉ាហ្គន»ផងដែរ៕









