កម្ពុជា និងចិន បានសម្រេចសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតចាប់ពីឆ្នាំនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ។
គេហទំព័រនគរបាលជាតិបានចុះផ្សាយបន្តទៀតថា ប្រទេសទាំងពីរបានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដែលធ្វើឡើងរវាងរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា លោក ស ខេង អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនាកន្លងមកនេះ និងរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន លោក ចាវ ឃើជឺ។
ក្រៅពីនេះ ចិន និងកម្ពុជាក៏បានចុះហត្ថលេខាលើឯកសារចំនួន ២ទៀត គឺផែនការសកម្មភាពរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិន សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ និងផែនការការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០១៩។
របាយការណ៍ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាឆ្នាំ២០១៨បានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានចំនួនច្រើនជាងបណ្ដាខេត្តផ្សេងទៀត គឺចំនួន ៧៨ ០០០នាក់។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតត្រឹមខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ភាគច្រើនបានប្រព្រឹត្តបទល្មើសចំនួន ២ប្រភេទ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
ហើយគិតត្រឹមខែធ្នូឆ្នាំ២០១៨ ជនជាតិចិនប្រមាណជាង៦០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសចិនវិញ ក្រោយពួកគេបានប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញ ជំរិតទារប្រាក់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕









