កុមារកម្ពុជាជាង ៣,៥០០នាក់ ត្រូវបានរកឃើញថា ប្រឈមមុខនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងរយៈពេលត្រីមាសទី១ ក្នុងដើមឆ្នាំនេះ។
តួលេខផ្សព្វផ្សាយដោយមូលនិធិគន្ធបុប្ផានៅថ្ងៃនេះ បានបង្ហាញថា កុមារកម្ពុជាដល់ទៅ ៣,៥៣៨នាក់ ត្រូវបានរកឃើញថា មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ និងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនានារបស់មូលនិធិមួយនេះ នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៩នេះ ដោយបានកើនឡើងជិត ៥ដង បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីកុមារមានជំងឺគ្រុនឈាមហើយនោះ មូលនិធិគន្ធបុប្ផា បានឲ្យដឹងទៀតថា កុមារកម្ពុជាដល់ទៅជិត ៤៣,៨២៩នាក់ទៀត ត្រូវបានរកឃើញថា មានជំងឺធ្ងន់ធ្ងរ ឬកើនឡើង ១០ភាគរយ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មូលនិធិសប្បុរធម៌មួយនេះ បានបង្ហាញថា កុមារកម្ពុជាដល់ទៅ ២៣៣,៦០៤នាក់ ត្រូវបានបញ្ជូនទៅស្វែងរកការពិគ្រោះយោបល់ និងការព្យាបាលនៅតាមមន្ទីរពេទ្យនានានៅក្នុងត្រីមាសទី១កន្លងមកនេះ៕









