ម្ដាយរបស់បុរសម្នាក់ដែលត្រូវបានបាញ់ឲ្យរងរបួសនៅក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះសីហនុកាលពីជាង ២ខែមុននោះ បានអះអាងថា កូនប្រុសរបស់គាត់នៅមិនទាន់ជាសះស្បើយនៅឡើយទេ ហើយកំពុងបន្តសម្រាកព្យាបាលបន្តនៅឯមន្ទីរពេទ្យមួយស្ថិតក្នុងខេត្តបាត់ដំបងរហូតមកដល់ពេលនេះ។
ម្តាយរបស់លោក ពៅ សារ័ត្ន គឺអ្នកស្រី អន អៀន ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា រាងកាយមួយកំណាត់ក្រោមរបស់កូនប្រុសអ្នកស្រី នៅបន្តស្ពឹកមិនអាចកម្រើកបានដដែល ហើយកំពុងស្ថិតក្រោមការព្យាបាលពីមន្ទីរពេទ្យផ្នែកសរសៃរមួយកន្លែង ស្ថិតក្នុងឃុំអន្លង់វិល ក្នុងស្រុកសង្កែ។
អ្នកស្រី អន អៀន ប្រាប់ថា ក្រុមគ្រូពេទ្យប្រាប់គាត់ថា កូនប្រុសរបស់អ្នកស្រីអាចប្រឈមនឹងពិការភាពអស់មួយជីវិត ប្រសិនបើកូនប្រុសគាត់នៅតែមិនអាចកម្រើកបាន ក្រោយការព្យាបាលរយៈពេល ៧ ទៅ ១០ខែទៀតនោះ។
អ្នកស្រីបន្ថែមថា៖ «កូនខ្ញុំ មុខរបួសក៏មិនទាន់សះ នៅឈឺដើមទ្រូង ងើបមិនរួច ងាប់មួយកំណាត់ខ្លួនមិនកម្រើកបាន។ ពេទ្យថា ចូល៧ ទៅ១០ខែ ដឹងហើយ ថាដើររួចមិនរួច ដឹងហើយពេលហ្នឹង។ ខ្ញុំបារម្ភកូនហ្នឹង បានខំយកទៅព្យាបាលនៅពេទ្យសរសៃរហ្នឹង។ បើថា លោកពេទ្យសរសៃរជួយមិនរួចហើយ មានតែពិការមួយជីវិតហ្នឹងហើយ។ ម៉ែរកស៊ីចិញ្ចឹមទៅ ម៉ែចាស់ហើយបានអីស៊ីហ្នឹង បើអត់ៗទៅ»។
ស្រ្តីមេម៉ាយរូបនេះឲ្យដឹងថា ខណៈកូនគាត់កំពុងបន្តសម្រាកព្យាលនៅមន្ទីពេទ្យ ខណៈគ្រួសារគាត់ក៏កំពុងខ្វះខាតថវិកាសម្រាកការចំណាយប្រចាំផងដែរ។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុប្រមាណ ៣០០នាក់បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ ពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងដែលបាញ់ចំពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង និងម្នាក់ទៀតរងរបួសស្រាល ខណៈ៤នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន និងរងអំពើហិង្សាទាំងដៃជាប់ចំណង។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ហ៊ុន សែន បានសម្រេចដកអភិបាលរងខេត្តព្រះសីហនុពីររូប ដែលមាន លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ចេញពីតំណែង បន្ទាប់ពីបានចូលរួមដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបយ៉ាងហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ៕









