ពលរដ្ឋខ្មែរ ១២នាក់ ត្រូវបានសារព័ត៌មានថៃចុះផ្សាយថា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន អំឡុងពេលពួកគេចូលទៅកាប់ឈើខុសច្បាប់ក្នុងតំបន់ការពាររបស់ថៃ។
សារព័ត៌មានបាងកក ប៉ុស្តិ៍របស់ថៃ បានចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ពលរដ្ឋខ្មែរ ១២នាក់ ត្រូវបានតម្រួតថៃចាប់ខ្លួន បន្ទាប់ពីមានការរាយការណ៍ពីអ្នកភូមិថា មានកម្មករអន្តោប្រវេសន៍មួយក្រុមបានចូលមកកាប់ឈើខុសច្បាប់នៅក្នងឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងស្រុកខុនបុរី ។
សាព័ត៌មានថៃបានឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចសហការជាមួយមេដឹកនាំសហគមន៍ បានចុះទៅដល់ទីតាំង ហើយបានរកឃើញពលរដ្ឋខ្មែរ ១២នាក់ដែលស៊ីឈ្នួលកាប់ឈើ និងរត់ពន្ធឆ្លងដែនខុសច្បាប់កំពុងប្រមូលផ្តុំគ្នា បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនពួកគេ។
ពលរដ្ឋខ្មែរត្រូវបានតម្រួតថៃចាប់ខ្លួនជារឿយៗ បន្ទាប់ពីពួកគេបានឆ្លងដែនខុសច្បាប់ និងចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ចថៃបានឃុំខ្លួនពលរដ្ឋខ្មែរ ១៨នាក់ករណីលួចចូលទៅកាប់ឈើខុសច្បាប់ផងដែរ៕