សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​ ១២​នឹង​៣៥​នាទី​ ថ្ងៃអាទិត្យ ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ប្រថាប់ត្រា​ មុខ​ប៉ុស្តិ​ត្រួតពិនិត្យ​ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ​ កម្ពុជា​-​ឡាវ​ ស្ថិត​ក្នុងភូមិ​កំ​ផា​ន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

នគរបាលច្រកអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឥណ្ឌូ​នេ​ស៊ីម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវមកកម្ពុជា កាលពីម្សិលមិញ។

យោងតាមការចុះផ្សាយលើគេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ បានឲ្យដឹងថា បុរសជនជាតិឥណ្ឌូ​នេ​ស៊ីម្នាក់ត្រូវបានឃាត់ខ្លួនជាមួយនឹងសារធាតុញៀនជាច្រើនកញ្ចប់ ដែលលាក់ក្នុងវ៉ាលីស ខណ:ដែលបុរសរូបនេះធ្វើដំណើរឆ្លងកាត់ តាមច្រកអន្តរជាតិត្រពាំងក្រៀលព្រំប្រទល់កម្ពុជា-ឡាវ។

ប្រភពដដែលបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញសារធាតុញៀន៤៤កញ្ចប់ធំ និងតូច ដែលវេចខ្ចប់ក្នុងកញ្ចប់​កាហ្វេ​ កញ្ចប់​ស្ករគ្រាប់​ និងកញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង។

ស្នងការរងខេត្តស្ទឹងត្រែង លោក សាន់ និមល​ បដិសេធផ្តល់ព័ត៌មានបន្ថែម ដោយលើកឡើងថា​ សមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ។​

សមត្ថកិច្ចខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅច្រកអន្តរជាតិត្រពាំងក្រៀល ជាមួយគ្រឿងញៀន១២០គីឡូក្រាមផងដែរ។

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា​​​សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨០០៣ករណី ដោយរឹបអូសគ្រឿងញៀនគ្រប់​​​ប្រភេទជាង​​​៥៣៣គីឡូក្រាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ