​សកម្មជន​ដី​ធ្លី​បឹងកក់​មួយ​គ្រួសាគ្រោង​ប្តឹង​ឧទ្ធរណ៍ ក្រោយ​ចាញ់​ក្តី​នៅ​សាលាដំបូង​

ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សកម្មជនដីធ្លីសហគមន៍បឹងកក់ស្នើទៅសាលាដំបូងរាជធានីភ្នំពេញឲ្យទម្លាក់បទចោទប្រកាន់មកលើពួកគេ ដែលថាពួកគេមិនប្រើប្រាស់អំពើហិង្សាទៅលើអតីតសកម្មជនដីធ្លីទេ។ រូបភាព៖ ខាន់ លក្ខិណា

សកម្មជនដីធ្លីមួយគ្រួសារ​នៅសហគមន៍បឹងកក់ គ្រោងប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសុំណុំរឿងហិង្សាជាមួយអតីតសកម្មជនដីធ្លីដូចគ្នាកាល២ឆ្នាំមុន។

កាលពីថ្ងៃទី១៣ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសកម្មជនដីធ្លីសហគមន៍បឹងកក់ចំនួន៤នាក់ មានឈ្មោះ ង៉ែត ឃុន ឈ្មោះ អេង សុខា ឈ្មោះ អេង ស្រីហ៊ាង និងឈ្មោះ អេង ហួយ ក្នុងសំណុំរឿងហិង្សាដោយចេតនា ដែលប្តឹងដោយអតីតសកម្មជនបឹងកក់ម្នាក់ឈ្មោះ សាទ សុខា ហើយបានសម្រេចកាត់ទោសឲ្យទាំងនេះជាប់ពន្ធនាគារ១ឆ្នាំ ដោយព្យួរទោស​ និងពិន័យជាប្រាក់ម្នាក់២លានរៀល។

ស្រ្តីសកម្មជនដីធ្លីនៅសហគមន៍បឹងកក់វ័យ៨០ឆ្នាំម្នាក់ គឺអ្នកស្រី​ ង៉ែត ឃុន និយាយថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជារឿងអយុត្តិធម៌សម្រាប់គ្រួសារគាត់​ ដោយថា ពួកគាត់​មិនប្រើប្រាស់អំពើហិង្សាទៅលើអតីតសកម្មជនដីធ្លីម្នាក់ទៀតនោះទេ។

សកម្មជនដីធ្លីវ័យចំណាស់រូបនេះឲ្យដឹងថា ពួកគាត់នឹងប្តឹង​ជំទាស់ទៅសាលាឧទ្ធរណ៍ទៀត ដើម្បីឲ្យតុលាការមួយនេះជួយរកយុតិ្តធម៌ ដោយថា ពួកគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ អ្នកស្រី​ ង៉ែត ឃុន ថាអ្នកដែលប្ដឹងគាត់វិញទេ ដែលបានប្រើប្រាស់អំពើហិង្សានោះ។

កាលពីឆ្នាំ២០១៧ អ្នកមានជម្លោះដីធ្លី២ក្រុមនៅសហគមន៍បឹងកក់ បានឈ្លោះ​ប្រកែកគ្នារហូតផ្ទុះអំពើហិង្សាកើតឡើង ដោយកាលនោះមានពលរដ្ឋខ្លះរងរបួលបែកក្បាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ