ស្ពាន​​ជ្រោយ​​ចង្វារ​ទី​១ ​​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ក្រោយ​ពី​ជួសជុល​អស់​ជាង១​ឆ្នាំ

ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់អោយដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

ស្ពាន​មិត្តភាព​ជ្រោយចង្វា​រកម្ពុជា-ជប៉ុន ​ត្រូវ​បាន​ដាក់​សម្ពាធ​ដំណើរ​ការ​ឡើង​វិញនៅថ្ងៃនេះ​ ក្រោយ​ពី​ផ្អាក​ដំណើរការ​ដើម្បី​ជួសជុល​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​នេះ។

ស្ពាន​ដែល​មាន​ប្រវែង​៩៧១​ម៉ែត្រ​ និង​ទទឹង​១៣​ម៉ែត្រ​នេះ ​ត្រូវ​បាន​ជប៉ុន​ចាប់​ផ្ដើម​ដំណើរ​ការ​ជួសជុល​ឡើង​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ដែល​ចំណាយ​ថវិកា​ប្រមាណ​៣០លានដុល្លារអាមេរិក​ជា​ជំនួយ​ឥត​សំណង។

នៅ​ព្រឹក​នេះ​ផង​ដែរ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​ អរគុណ​ដល់​ប្រជាជន​ជប៉ុន​ដែល​បាន​​ជួយ​ជួសជុល​ស្ពាន​នេះ ខណៈ​លោក​ថា ​​ក្រោយ​ការ​ជួសជុល​ ស្ពាន​នេះ​អាច​ប្រើប្រាស់​បាន​រយៈពេល​៥០​ឆ្នាំ​ទៅ​មុខ​ទៀត។

លោក​សរសេរ​ថា៖ « ស្ពាន​ជ្រោយចង្វារ​ទី​១​នេះ ហាក់​បី​ដូចជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​ការ​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ និងដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ការ​ដាក់​អោយ​ប្រើប្រាស់​ថ្ងៃនេះ ក៏ជា​ចំណង​ដៃ​ថ្មី​ដល់​ប្រជាពលរដ្ឋ មុន​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ »។

ស្ពាន​មិត្ត​ភាព​ជ្រោយចង្វា​រត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ក្នុង​ឆ្នាំ​១៩៦៦​ តែ​ត្រូវ​បាន​កាត់​ផ្ដាច់​វិញ​ដោយ​សារ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧២ ​ស្ពាន​នេះ​ត្រូវ​បាន​ជួស​ជុល​ និង​តភ្ជាប់​ឡើង​វិញ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ឆ្នាំ​១៩៩៤ ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន ដោយ​ព្រះ​មហាវីរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​ សម្ដេច​ព្រះបាទ នរោត្ដម សីហនុ ចាប់​ពី​ពេល​នោះ​មក៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ