ក្រសួងសេដ្ឋកិច្ចលើកឡើងថា ទំហំកម្ចីដែលមានជាង១ម៉ឺនលានដុល្លារ មិនមែនជាតួលេខជាក់ស្ដែងនៃបំណុលសរុបរបស់កម្ពុជានោះទេ ដោយថា កម្ពុជាមិនទាន់ដកសាច់ប្រាក់មកប្រើប្រាស់ដល់ទំហំនេះនៅឡើយទេ។
ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២ ខែមេសា ម្សិលមិញ ក្រសួងសេដ្ឋកិច្ចបានបកស្រាយថា ទំហំកម្ចីដែលមានជាង១ម៉ឺនលានដុល្លារ គឺជាកិច្ចព្រមព្រៀងខ្ចីពីបរទេស ដែលមិនមែនមានន័យថា កម្ពុជាជំពាក់បំណុលបរទេសដល់កម្រិតនេះនោះទេ។ ក្រសួងបានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន បំណុលជាក់ស្ដែងរបស់កម្ពុជាមានប្រមាណ៧ពាន់លានដុល្លារប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា៖ « បើគ្រាន់តែចុះកិច្ចព្រមព្រៀងខ្ចីឥណទានពីក្រៅប្រទេស ពុំមានន័យថា យើងជំពាក់បំណុលបរទេសនោះទេ គឺលុះត្រាតែយើងបានដកសាច់ប្រាក់ពីដៃគូយកមកប្រើប្រាស់សិនទើបគិតថា “ជាបំណុលសាធារណៈក្រៅប្រទេស” ហើយជាក់ស្ដែង យើងក៏បង្វែរសាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួន និងសងប្រាក់ដើមជាបណ្ដើរៗទៅដៃគូវិញហើយដែរ » ។
ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ កម្ពុជាបានសងត្រលប់ទៅម្ចាស់បំណុលវិញបានជាង១ពាន់៣រយលានដុល្លារអាមេរិក ដែលស្មើនឹង១៩ភាគរយនៃបំណុលជាក់ស្ដែងរួចហើយ៕









