ក្រសួងមហាផ្ទៃសម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកំពង់ស្ពឺ

រូបភាពនិមិត្តសញ្ញាតំណាងអោយខេត្តកំពង់ស្ពឺ (ប្រភព៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកំពង់ស្ពឺ ដើម្បីសម្គាល់នូវលក្ខណៈរបស់ខេត្ត​មួយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​កាល​ពី​ចុង​ខែ​កន្លង​មក។

ក្នុង​សេចក្តីប្រកាស​​ចុះថ្ងៃទី២៦ ខែមីនា​កន្លង​មក​នេះ ក្រសួងមហាផ្ទៃ​បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាជាផ្លូវការហើយនៅចុងខែមីនានេះ។

ក្នុង​ឧប​សម្ព័ន្ធ​នៃ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ និមិត្ត​សញ្ញា​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​កំណត់​ដោយ​ដើម​ត្នោត ៣​ដើម ស្ថិត​ក្នុង​រង្វង់​មូល​មាន​ផ្ទៃ​បៃតង មាន​រូប​ភ្នំពេជ្រ​និល រូប​ពន្លឺ​ព្រះ​អាទិត្យ រូប​កួរ​ស្រូវ និង​រូប​សៀវភៅ ដែល​តំណាង​ឲ្យ​អក្សរ​សាស្ត្រ​ដែល​បន្សល់​ទុក​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​ព្រះ​សង្ឃ​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​នេះ។

អភិបាល​ខេត្តកំពង់ស្ពឺ លោក វី សំណាង ប្រាប់ វី.​អូ.ឌី ​ថា ខេត្តកំពង់ស្ពឺមាននិមិត្តសញ្ញាតំណាងខេត្តរបស់ខ្លួនហើយ ក្រោយពីក្រសួងមហាផ្ទៃបានពិនិត្យ និងវាយតម្លៃអស់រយៈពេលប្រមាណជាជិត ១ឆ្នាំ ក្រោយពីការដាក់ស្នើ។

អ្នកនាំពាក្យបន្តថា មូលហេតុដែលខេត្តកំពង់ស្ពឺសម្រេចដាក់ស្នើបង្កើតនិមិត្តសញ្ញានេះ ដោយសារមានសារៈសំខាន់ក្នុងការសម្គាល់ភូមិសាស្ត្ររបស់តំបន់ លក្ខណៈសម្បត្តិ និងវត្ថុតំណាងរបស់ខេត្តផងដែរ។

ប្រភពដដែលបន្តទៀតថា ខេត្ត​រាជ​ធានី​ចំនួន ១៦​នៅ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​​កម្ពុជា បាន​កំណត់​និមិត្ត​សញ្ញា​របស់​ខ្លួន​រួច​ហើយ ហើយ​ខេត្ត​ដទៃ​ទៀត​ក៏​បាន​ដាក់​សំណើ​ស្នើ​សុំ​និមិត្ត​សញ្ញា​សម្គាល់​ខេត្ត​របស់​ពួកគេ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ