មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ ថៃ បានដោះលែង និងបញ្ជូនពលរដ្ឋខ្មែរ២០នាក់មកវិញ បន្ទាប់ពីពួកគេទាំងនោះចូលទៅកាប់ឈើនៅទឹកដីប្រទេសជិតខាងមួយនេះដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ លោក កេត សោផាន់ បានបញ្ជាក់ប្រាប់ វី.អូ.ឌី បែបនេះតាមបណ្តាញទំនាក់ទំនងសង្គមនាព្រឹកនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ ថាកន្លងមក ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញជារឿយៗពាក់ព័ន្ធនឹងករណីផ្សេងៗ ហើយទន្ទឹមនឹងនេះដែរ ក្រសួងពាក់ព័ន្ធតែងតែរំឭកដល់ពលរដ្ឋខ្មែរកុំឲ្យចូលទៅកាប់ឈើ ឬប្រព្រឹត្តបទល្មើសខុសច្បាប់។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋខ្មែរ ១២នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន អំឡុងពេលពួកគេចូលទៅកាប់ឈើខុសច្បាប់ក្នងឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងស្រុកខុនបុរី នគររាជសីមា៕