មន្ត្រីទូតអាមេរិកបានលើកឡើងថា បញ្ហាអំពើពុករលួយនៅកម្ពុជា គឺជាឧបសគ្គដែលធ្វើឲ្យវិនិយោគិនអាមេរិកមានភាពស្ទាក់ស្ទើរក្នុងការវិនិយោគមកកម្ពុជា។
យោងតាមរបាយការណ៍ពាណិជ្ជកម្មអាមេរិកឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ អាមេរិកបានវិនិយោគមកកាន់ប្រទេសកម្ពុជាប្រមាណ៦៥៧លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៧ ការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាមានទំហំប្រមាណ ១៥១លានដុល្លារ។
ទោះជាយ៉ាងណា ទំហំទុនវិនិយោគនេះនៅតិចជាងចិននៅឡើយ ដោយប្រទេសចិនបានដាក់ទុនវិនិយោគប្រមាណ១ពាន់៤រយលានដុល្លារ។
ថ្លែងក្នុងកម្មវិធីជជែកអំពី «សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន៖ ផលប៉ះពាល់មកលើប្រទេសកម្ពុជា» កាលពីល្ងាចថ្ងៃម្សិលមិញនេះ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានលើកឡើងថា ការផ្ដល់គម្រោងវិនិយោគធំៗដែលត្រូវបានកាន់កាប់ដោយវិនិយោគិនមកពីចិនដោយមិនបានបង្ហាញពីតម្លាភាព ជាពិសេសគឺបញ្ហានៃអំពើពុករលួយនៅកម្ពុជាដែលជាឧបសគ្គដល់វិនិយោគិនអាមេរិក។
លោកថា៖ «មើលទៅអាកាសយានដ្ឋាន ផ្លូវល្បឿនលឿន ការផ្ដល់សម្បទានដ៏ធំនៅក្នុងខេត្តកោះកុង ដែលត្រូវបានផ្ដល់ឲ្យទៅក្រុមហ៊ុនចិន ហើយគ្មានអ្នកណាម្នាក់ដឹងពីការចំណាយ និងការផ្ដល់ឲ្យនោះទេ។ នេះហើយដែលមិនបានផ្ដល់ឱកាសដល់ក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនផ្សេងក្នុងការកសាងគម្រោងនេះ។ ទីពីរ បញ្ហាពុករលួយ ដែលជារឿងធំបំផុតមួយសម្រាប់អ្នករកស៊ីអាមេរិកដែលបានលើកឡើង និងជាបញ្ហាពិត។ តែខ្ញុំគិតថា មានវិធីសាស្ត្រដ៏ងាយស្រួលមួយក្នុងការលុបបំបាត់បញ្ហាទាំងនេះ គឺតម្លាភាព តម្លាភាព និងតម្លាភាព»។
លោក Michael Newbill ក៏បានលើកឡើងផងដែរថា ការបើកចំហរព័ត៌មានដល់សារព័ត៌មានឯករាជ្យក្នុងការបើកបង្ហាញពីសកម្មភាពរបស់ក្រុមហ៊ុនដែលធ្វើការនៅកម្ពុជាទាំងនោះ គឺវាសំខាន់ណាស់ក្នុងការបង្ហាញពីតម្លាភាពនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ថាលោកមិនអាចឆ្លើយតបចំពោះការលើកឡើងនេះនោះទេ។
លោកថា៖ «ខ្ញុំអាចនិយាយបានលើរឿងពាណិជ្ជកម្ម ការនាំចេញនាំចូលអី តែរឿងនេះវាហួសពីកម្រិតរបស់ខ្ញុំហើយ។»
VOD មិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននៅឡើយទេ ដោយទូរសព្ទលោកចុចចូលតែគ្មានអ្នកទទួល។
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អៀ សុផល បានឆ្លើយតបតាមសារអេឡិចត្រូនិកEmail មក VOD កាលពីចុងខែមីនាកន្លងទៅ ថា លទ្ធភាពដែលអ្នកវិនិយោគអាមេរិកមកដាក់វិនិយោគនៅកម្ពុជាបន្ថែមនោះមានតិចបំផុត ដោយសារកេរ្តិ៍ឈ្មោះនៃអំពើពុករលួយរបស់ប្រទេសនេះ។
លោកសរសេរថា៖ «កម្រិតនៃអំពើពុករលួយនៅកម្ពុជា និងច្បាប់ពុករលួយបរទេសរបស់អាមេរិក ជាហេតុធ្វើឲ្យអ្នកធ្វើពាណិជ្ជករអាមេរិកអាចជាប់ពន្ធនាគារបាន ប្រសិនជាមានទំនាក់ទំនងជាមួយអំពើពុករលួយនៅកម្ពុជានោះ។»
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា បញ្ហាអំពើពុករលួយនៅតែជាបញ្ហាដែលរាំងស្ទះដល់ការអភិវឌ្ឍនរបស់កម្ពុជានៅឡើយ ដោយលោកស្រី ជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលពីបញ្ហានេះឡើងវិញតាមរយៈពង្រឹងការអនុវត្តច្បាប់។
លោកស្រីថា៖ «ប៉ះពាល់ច្រើន មិនត្រឹមតែអ្នកវិនិយោគទេ វាប៉ះដល់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទៅទៀត រួមទាំង សិទ្ធិសេរីភាព និងប្រជាធិបតេយ្យផង។ កាលណាបើមានអំពើពុករលួយ មានអ្នកខ្ពស់អ្នកទាប មានអ្នកកាចអ្នកស្លូត អ៊ីចឹង! សង្គមអត់មានសន្តិភាពទេ! អ៊ីចឹង បានថា ត្រូវលុបបំបាត់ការរើសអើងក្នុងការអនុវត្តច្បាប់ ដែលធ្វើឲ្យយើងអាចទទួលបានការអនុវត្តស្មើភាពចំពោះការអនុវត្តច្បាប់ ពលរដ្ឋទាំងអស់ គឺរស់នៅក្រោមបន្ទាត់ច្បាប់»
របាយការណ៍អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា នៅឆ្នាំ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេស១៨០។ ចំណាត់ថ្នាក់នេះដូចឆ្នាំ២០១៧ ប៉ុន្តែ កម្ពុជាធ្លាក់មួយពិន្ទុគឺពី២១ មកត្រឹម២០ពិន្ទុ។
ទំហំទុនវិនិយោគដោយផ្ទាល់ពីបរទេសក្នុងឆ្នាំ២០១៧ មកកាន់កម្ពុជា មានទំហំប្រមាណ២ពាន់ ៥រយលានដុល្លារ ដែលក្នុងនោះភាគច្រើនជាទុនវិនិយោគពីប្រទេសចិន និងអាស៊ាន ខណៈទុនវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកមានតែជាង២,៣ភាគរយ៕









