ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលដល់កម្មករ នូវអ្វីដែលរដ្ឋាភិបាលអះអាងថា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង។
ការប្រឹងប្រែងរបស់រដ្ឋាភិបាលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ បានកើនឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ មានចំនួន ១៨២ ដុល្លារក្នុងមួយខែ។
ប៉ុន្តែ តាមការអះអាងរបស់កម្មករម្ចាស់ផ្ទះជួលមួយចំនួននៅពេលដែលដឹងថា ប្រាក់ឈ្មួលរបស់កម្មករត្រូវបានដំឡើង តម្លៃបន្ទប់ជួលក៏ដំឡើងជាបន្តបន្ទាប់ដូចគ្នាដែរ។
ករណីនេះ កម្មករមួយចំនួនអះអាងថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលនេះ វាមិនបានផ្ដល់ផលប្រយោជន៍ច្រើនដល់ពួកគេជាកម្មករនោះទេ ដោយថា ម្ចាស់ផ្ទះជួលបានដំឡើងថ្លៃបន្ទប់ជួលដែរ។ ការដំឡើងថ្លៃឈ្នួលបន្ទប់ជួលនេះ បានធ្វើឱ្យកម្មកររាប់រយនាក់ដែលស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផ្ទុះការតវ៉ា ដើម្បីប្រឆាំងនឹងការដំឡើងថ្លៃឈ្នួលបន្ទប់។
កំពុងឈរតវ៉ា ជាមួយកម្មករផ្សេងទៀត ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក ភ័ក្រ សុភណ្ឌ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ទោះបីជារដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលបន្ថែមដល់ពួកគាត់ ប៉ុន្តែ លោកថា ប្រាក់ឈ្នួលដែលដំឡើងនោះ មិនបានផ្ដល់ផលប្រយោជន៍អ្វីច្រើនដល់ពួកគាត់ជាកម្មករទេ បើសិនជារដ្ឋាភិបាលមិនធ្វើការទប់ស្កាត់កុំឱ្យម្ចាស់ដំឡើងថ្លៃបន្ទប់ជួលនោះ។ បុរសរូបនេះនិយាយថា លោកមិនចង់ឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលបន្ទប់ឡើយ ដោយថា ការដំឡើងនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អ្នកស្រីថា៖ «យើងមិនអាចចិញ្ចឹមប្រពន្ធកូនយើងបានទេ ប្រពន្ធខ្ញុំកូនខ្ចីនៅស្រុក។ ឥឡូវ ខ្ញុំមិនអាចរត់រួចទេ ខ្ញុំនិយាយតាមត្រង់។ អ៊ីចឹង បើសិនណាឡើងប៉ុណ្ណឹងដែរ មិនបាច់ឡើងទេ សម្ដេច ហ៊ុន សែន មិនបាច់ឡើងទេ កុំឡើងអី បើឡើងផ្ទះជួលដដែល កុំឡើងល្អជាង។ ខ្ញុំនៅផ្ទះឡ ផ្លូវវេងស្រេង នៅផ្សារ«កាន់ណា» បើឡើងកាត់កម្មករដដែល មិនចាំបាច់ឡើងទេ»។
កម្មាការិនីម្នាក់ អ្នកស្រី ភាលី អាយុ ៣៦ ឆ្នាំ រៀបរាប់ប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងបោកខោវអាវបណ្ដើរ ថា អ្នកស្រីរស់នៅផ្ទះជួលឡ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះរយៈពេល៩ឆ្នាំមកហើយ ប៉ុន្តែ នៅក្នុងខែនេះ អ្នកស្រីថា ម្ចាស់ផ្ទះបានដំឡើងថ្លៃឈ្នួលបន្ទប់១០ដុល្លារបន្ថែមលើប្រាក់ជួលបន្ទប់២៣ដុល្លារ ឡើងដល់៣៣ ដុល្លារក្នុងមួយខែ ដោយមិនបានប្រាប់ពីមូលហេតុនៃការដំឡើងនោះឡើយ។
អ្នកស្រីថា៖ «យើងឡើងសន្សឹមៗ តិចៗ អត់អីទេ ប្រាក់ខែឡើង១២ដុល្លារ ផ្ទះជួលឡើង១០ ដុល្លារ អាហ្នឹងដេញតាមប្រាក់ខែរោងចក្រហ្នឹង។ អ៊ីចឹង បា្រក់ខែរោងចក្រឡើង២០ដុល្លារ ផ្ទះជួលឡើង២០ដុល្លារដែរមែន? ខ្ញុំចង់ឱ្យជួយសម្រួល កុំឱ្យឡើងថ្លៃម្ល៉ឹងៗ រត់អត់រួចទេ»។
ចាប់ពីខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរចំនួន១២ដុល្លារបន្ថែមទៀត លើប្រាក់ឈ្នួលគោលដែលមានចំនួន១៧០ដុល្លារ ឡើងដល់១៨២ដុល្លារ ក្នុងមួយខែ។ ការសម្រេចដំឡើងប្រាក់ឈ្នួល ១២ដុល្លារបន្ថែមទៀត ដោយរដ្ឋាភិបាលថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករឱ្យកាន់តែប្រសើរឡើង។
យ៉ាងណាក៏ដោយ អ្នកស្រី ភាលី និយាយថា ប្រាក់ឈ្នួលដែលរដ្ឋាភិបាលសម្រេចដំឡើងនោះ មិនបានផ្ដល់ផលប្រយោជន៍ដល់កម្មករប៉ុន្មានទេ ដោយសារ ម្ចាស់ផ្ទះជួលក៏បានដំឡើងថ្លៃឈ្នួល ហើយតម្លៃម្ហូបអាហារនៅលើទីផ្សារក៏បានឡើងថ្លៃផងដែរ។ អ្នកស្រីស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយកុំឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួល ដោយថា ការដំឡើងថ្លៃឈ្នួលផ្ទះ នឹងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
អ្នកស្រីថា៖ «អត់ទៅរួចទេ លុយចេញគ្រប់បែបយ៉ាង ធម្មតាយើងមកពីស្រែ ផ្ទះជួលហូបចុក កូនរៀន ម៉ែចាស់ [ផ្ញើរលុយទៅម៉ែចាស់នៅផ្ទះ] អ៊ីចឹងទៅ។ អូ! ប្រាក់ខែអ្នករោងចក្រមិនងាយទេ [ម្ចាស់ផ្ទះ] ឡើងម្ដង១០ដុល្លារ មិនបាច់ទេ ងាប់ម្នាក់ៗគ្រប់គ្នា! អ៊ីចឹង បានគេទៅល្ងាចមិញតវ៉ាហ្នឹង»។
ស្ត្រីវ័យ៤៤ ឆ្នាំម្នាក់ មានសម្បុរស្រអែម បានប្រាប់ វី.អូ.ឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា អ្នកស្រីបានមកស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រយៈពេល៣ឆ្នាំមកហើយ ម្ចាស់ផ្ទះមិនដែលឡើងថ្លៃឈ្នួលបន្ទប់នោះទេ ប៉ុន្តែ នៅខែមិនា ក្នុងឆ្នាំ២០១៩ ម្ចាស់ផ្ទះបានដំឡើងថ្លៃឈ្នួលបន្ទប់ចំនួន ៥ដុល្លារ។ កម្មការិនីរូបនេះរៀបរាប់ថា ការដំឡើងថ្លៃឈ្នួលបន្ទប់ជួល ៥ដុល្លារ បន្ទាប់ពីរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យកម្មករដំនួន ១២ដុល្លារបន្ថែម។
អ្នកស្រីថា៖ «ប្រាក់ខែឡើងតិចតួច តែរបស់ក៏ឡើង ថ្លៃផ្ទះឡើង មិនរួចខ្លួនទេ។ វាប៉ះពាល់ច្រើន ប្រាក់ខែឡើងតិចតួចទេ តែថ្លៃផ្ទះក៏ឡើង ថ្លៃផ្ទះឡើង៥ដុល្លារ ម្ហូបអាហារក៏ឡើងដែរ»។
ស្ត្រីរូបនេះ និយាយថា ដោយសារម្ចាស់ផ្ទះបានដំឡើងឈ្នួលបន្ទប់បន្ថែមនេះ បានធ្វើកម្មករមួយចំនួននាំគ្នាផ្លាស់ប្ដូរផ្ទះជួល ដោយសារពួកគេមិនមានលទ្ធភាពបង់ថ្លៃបន្ទប់ជួល។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ចុះសម្របសម្រួលដោះស្រាយករណីនេះ ដោយឈរលើច្បាប់ភិតិសន្យាពិសេស។
ច្បាប់ភតិសន្យាពិសេស ឬហៅថា ច្បាប់ជួលផ្ទះ នឹងមិនអនុញ្ញាតឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃផ្ទះសម្រាប់កម្មករ និស្សិត និងសិស្ស ដែលជួលផ្ទះក្នុងអំឡុងពេលពីរឆ្នាំនៃការជួលផ្ទះ និងផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះអាចឈប់ជួលពេលណាក៏បាន។
មាត្រា១ នៃច្បាប់ផ្ទះជួល ចែងថា ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ភតិបតី (ម្ចាស់ផ្ទះជួល) និងភតិកៈ (អ្នកជួលផ្ទះ) ដើម្បីស្ថិរភាពក្នុងជីវភាពរស់នៅសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ច្បាប់ភតិសន្យាពិសេសនេះ អនុវត្តចំពោះភតិកៈជាកម្មករ សិស្ស និងនិស្សិត ដែលជួលអចលនវត្ថុក្នុងគោលបំណងស្នាក់នៅតែប៉ុណ្ណោះ ហើយអចលនវត្ថុដែលជាកម្មសិទ្ធិនៃភតិសន្យា គឺជាបន្ទប់ជួលស្នាក់នៅ។
ប្រធានសហភាពការងារកម្ពុជា លោក អត់ ធន់ ស្នើទៅរដ្ឋាភិបាលឱ្យជួលសម្របសម្រួលករណីនេះ និងយកច្បាប់ជួលផ្ទះមកអនុវត្ត ដើម្បីដោះស្រាយបញ្ហាជូនកម្មករ។
លោក អត់ ធន់ថា៖ «រដ្ឋាភិបាលបានចេញច្បាប់ស្ដីពីការជួលផ្ទះ ការជួលបន្ទប់ហើយ ប៉ុន្តែការអនុវត្តច្បាប់ហ្នឹង មិនទាន់បានល្អ។ ហើយពេលនេះ ខ្ញុំគិតថា ជាពេលសមរម្យល្មមហើយ ដែលរដ្ឋាភិបាលត្រូវប្រើប្រាស់ច្បាប់ហ្នឹង ដើម្បីធានាថា ម្ចាស់ផ្ទះហ្នឹង មិនត្រូវឡើងថ្លៃទៅតាមអំពើចិត្តទេ បើពុំដូច្នេះទេ ទោះបីជាឡើងប្រាក់ខែប៉ុន្មានទៀត វាមិនមានន័យដែរ បើសិនជារដ្ឋាភិបាល មិនមានលទ្ធភាពក្នុងការជួយសម្រួលនៃការអន្តរាគមន៍ឱ្យម្ចាស់ផ្ទះហ្នឹង គឺគាត់ទប់ក្នុងកម្រិតមួយ។ ខ្ញុំយល់ថា វាជាទីផ្សារសេរី ប៉ុន្តែ រឿងខ្លះកាលណាឡើងហួសហេតុពេក វាធ្វើឱ្យប៉ះពាល់ជីវិតកម្មករកាត់ដេរ»។
សហភាពអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសរាប់ថ្ងៃថយក្រោយលើវិធានការព្យួរជាបណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា ក្រោយពីប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្ថានភាពសិទ្ធិមនុស្ស ដែលក្នុងនោះក៏មាននិយាយពីសិទ្ធរបស់កម្មករផងដែរ។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានអំពាវទៅម្ចាស់ផ្ទះជួលទាំងអស់ថា បើចង់ឡើងថ្លៃ សូមកុំដំឡើងខ្ពស់ពេក ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករ។
ក្រុមកម្មករស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ ដោយកុំឱ្យម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលបន្ទប់ជួល។









