លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កូនៗរបស់លោកមិនមានភ័ព្វសំណាងដូចកូនៗរបស់អ្នកផ្សេងទៀតដែលមានឱកាស បង្អួតរថយន្ត និងម៉ូតូគ្នា ទាំងមិនទាន់គ្រប់អាយុក្នុងការបើកបរនោះទេ។
នៅក្នុងពិធីជួបជាមួយកីឡាករ កីឡាការិនីកាលពីល្ងាចមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឲ្យឪពុកម្តាយពង្រឹងការអប់រំកូនកុំបណ្តោយឱ្យកូនភ្លើតភ្លើន ហើយបើកបរបង្កគ្រោះថ្នាក់។លោក បន្តថា លោកមិនដែលបានទិញរថយន្តឬ ម៉ូតូឱ្យកូនៗជិះទេ។
លោក ហ៊ុន សែន៖ «បើទោះបីជាខ្ញុំមានសមត្ថភាពពីមុន ខ្ញុំមិនដែលទិញម៉ូតូឱ្យកូនៗរបស់ខ្ញុំនោះទេ ខ្ញុំមិនដែលទិញឡានឱ្យកូនៗរបស់ខ្ញុំនោះទេ។ សូមបញ្ជាក់ជូនកូនរបស់ខ្ញុំគ្មានភ័ព្វសំណាងដូចកូនមនុស្សមួយចំនួននោះទេ។ ពួកគេគ្មានម៉ូតូជិះម៉ូតូប្រណាំងទេ។»
លោកបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ឡើងជួបបញ្ហាទាំងអ្នករងគ្រោះ និងអ្នកដែលបង្ក។ លោកថា អ្នករងគ្រោះអាចបាត់បង់ជីវិត អ្នកបង្កប្រឈមមុខផ្លូវច្បាប់។









