អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិបន្ដទាមទារជាថ្មីឲ្យដោះលែងអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់ និងជំរុញឲ្យអន្ដរជាតិដាក់សម្ពាធបន្ថែមទៀតមកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០១៩ ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) លើកឡើងថា លោក កឹម សុខា បានបាត់បង់សិទ្ធិសេរីភាពអស់រយៈពេលជាង ១៨ខែមកហើយ ចាប់តាំងពីលោកត្រូវបានគេចាប់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងការផ្ទេរមកជាប់ឃុំនៅក្នុងផ្ទះរហូតមកទល់ពេលបច្ចុប្បន្ននេះ។
អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) ក៏ថ្កោលទោសផងដែរចំពោះស្ថាប័នតុលាការនៅកម្ពុជាថា មានភាព«លម្អៀងនយោបាយ» ទៅរករដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាច ជាពិសេសការអូសបន្លាយនីតិវិធីស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ដែលប្រើពេលអស់ជាង ១៨ខែមកហើយ ប៉ុន្ដែ មិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួននៅឡើយ។
អង្គការអន្ដរជាតិមួយនេះក៏ជំរុញទៅប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដាក់សំពាធបន្ថែមទៀតមកលើរដ្ឋភិបាលលោក ហ៊ុន សែន ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងដើម្បីស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលបក្សកាន់អំណាចថា បានឃុបឃិតជាមួយអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានបញ្ចេញប្រតិកម្មភ្លាមផងដែរថា សហរដ្ឋអាមេរិក និងអតីតបក្សប្រឆាំងមិនមានជាប់ពាក់ព័ន្ធអ្វីដូចការចោទប្រកាន់ឡើយ។
លោក កឹម សុខា ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ។
ក្រោយពីផ្ទេរមកជាប់ឃុំខ្លួននៅក្នុងផ្ទះវិញហើយនោះ លោក កឹម សុខា ក៏ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមវិធានការតាមផ្លូវតុលាការមួយចំនួន ដូចជាហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយបរទេស និងមន្ដ្រីបក្សប្រឆាំងជាដើម៕









