លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រូបិយវត្ថុខ្មែរប្រាក់រៀល មានសារៈសំខាន់ក្នុងការជួយពង្រឹងអធិបតេយ្យភាពជាតិ ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» នៅព្រឹកនេះ លោក ហ៊ុន សែន បញ្ជាក់ថា រូបិយប័ណ្ណកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធទៅនឹងអធិបតេយ្យភាពជាតិពីជំនាន់មួយទៅជំនាន់មួយ។
លោកបន្ថែមថា ការមើលរំលងពីតួនាទីរូបិយវត្ថុជាតិ នឹងធ្វើឱ្យបាត់បង់ភាពម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យភាពជាតិ ហើយប្រទេសជាតិនឹងមានភាពទន់ខ្សោយលើគ្រប់វិស័យ។
លោក ហ៊ុន សែន ថ្លែងថា៖ «តួនាទីរូបិយវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការពង្រឹងអធិបតេយ្យជាតិ ពិតជាមានសារៈសំខាន់ ដោយសាររូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាមធ្យោបាយដល់ការដោះដូរ ជាឧបករណ៍គោលនយោបាយដើម្បីជំរុញកំណើតសេដ្ឋកិច្ច»។
លោក ហ៊ុន សែន បានបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន គឺសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យហ្វូណន រហូតមកទល់ពេលបច្ចុប្បន្ន ដើម្បីបង្ហាញដល់សាធារណជាតិនិងអន្តរជាតិ ពិសេសឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់។
ក្នុងសាវតារូបិយវត្ថុដែលអានដោយ លោក ហ៊ុនសែន បានឱ្យដឹងថា កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុ ដែលមានប្រភពពីជំនាន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេសតាំងពីសតវត្សរ៍ទី១ នៃ គ.ស ក្នុងសម័យនគរភ្នំ ឬហ្វូណន៕