អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ព្រែកខ្សាច់ ស្ថិតក្នុងខេត្តកោះកុង អះអាងថា សន្តិសុខរបស់ក្រុមហ៊ុនចិនមួយ បានរារាំងមិនឲ្យធ្វើផ្លូវ និងស្ពានចេញចូលសហគមន៍របស់ពួកគេ។
ពលរដ្ឋម្នាក់នៅឃុំព្រែកខ្សាច់ លោក ទិត្យ ស៊ីថា ប្រាប់ វី.អូ.ឌី ថា ដោយសារពលរដ្ឋខ្វះផ្លូវ និងពិបាកចេញចូលសហគមន៍ ពលរដ្ឋប្រហែល ៥០នាក់មកពីភូមិចំនួនពីរក្នុងឃុំព្រែកខ្សាច់ និងអាជ្ញាធរមូលដ្ឋានបាននាំគ្នាកសាងផ្លូវ ១ខ្សែចេញពីភូមិភ្ជាប់ទៅផ្លូវធំចម្ងាយប្រហែល ២០០ម៉ែត្រ កាលពីម្សិលមិញ ប៉ុន្តែ ត្រូវបានសន្តិសុខក្រុមហ៊ុនចិន ញូញៀន មករារាំង ដោយថា ដីកន្លែងពលរដ្ឋធ្វើនោះជាដីរបស់ក្រុមហ៊ុន។
លោក ទិត្យ ស៊ីថា បន្ថែមថា៖ «គេមកប្រាប់ថា ដីហ្នឹងមិនមែនជាដីរបស់ប្រជាពលរដ្ឋទេ គឺដីរបស់ក្រុមហ៊ុនចិន។ ក្រុមហ៊ុនចិនហ្នឹងចូលមកក្រោយប្រជាពលរដ្ឋទេ ដីហ្នឹងនោះ! បើយើងមានផ្លូវហ្នឹង វាបង្កលក្ខណៈងាយច្រើនណាស់ដល់ប្រជាពលរដ្ឋ ដូចជា ការធ្វើដំណើរ ការប្រកបអាជីវកម្មផ្សេងៗ ជាដើម»។
មេឃុំព្រៃខ្សាច់ លោក រាម សារុំ និយាយថា ដោយសារមានការស្នើសុំ និងមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំ លោកបានជូនដំណឹងទៅអាជ្ញាធរស្រុក និងខេត្ត សុំកសាងផ្លូវនោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅរកសេវាផ្សេងៗនៅស្រុក និងទីរួមខេត្តតែប៉ុណ្ណោះ។
មេឃុំរូបនេះ បានបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់សន្តិសុខក្រុមហ៊ុន ដែលចេញមករារាំងមិនឲ្យប្រជាពលរដ្ឋធ្វើផ្លូវ និងស្ពាននេះ ប៉ុន្តែ លោកថា លោកនៅតែគាំទ្រពលរដ្ឋធ្វើផ្លូវនោះរហូតទទួលបានជោគជ័យ ទោះមានការរារាំង និងមានការគំរាមប្តឹងពីភាគីក្រុមហ៊ុនក៏ដោយ។
លោក រាម សារុំ បន្ថែមថា៖ «ក្រុមហ៊ុននេះមកធ្វើដោយតែចិត្តឯង។ ដូចសម្តេច គាត់មានប្រសាសន៍អញ្ចឹង បើក្រុមហ៊ុនមក មិនធ្វើការអភិវឌ្ឍ មកធ្វើការគំរាមកៀបសង្កត់លើពលរដ្ឋ គឺខ្ញុំអត់សហការជាមួយទេ។ ខ្ញុំអ្នកបម្រើប្រជាពលរដ្ឋ ខ្ញុំត្រូវតែសហការជាមួយប្រជាពលរដ្ឋហើយ ទោះខ្ញុំអស់តំណែង ក៏ខ្ញុំអត់ស្តាយដែរ ព្រោះខ្ញុំបម្រើពលរដ្ឋខ្ញុំ។ ក្រុមហ៊ុន គេព្រមានប្តឹង ប៉ុន្តែ ពលរដ្ឋនៅតែធ្វើ គាត់ថា ធ្វើផ្លូវលើដីគាត់។ គាត់រស់នៅយូរហើយ។ ពលរដ្ឋគាត់សុំតែធ្វើផ្លូវសម្រាប់គាត់ទៅរកសេវាពេទ្យនៅមណ្ឌលសុខភាពនៅស្រុក វាជិត បើជិះផ្លូវទឹកទៅកោះកុង អស់តូច ១០០ដុល្លារ។»
វី.អូ.ឌី មិនអាចរកការឆ្លើយតបពីភាគីសន្តិសុខក្រុមហ៊ុន ញូញៀន របស់ចិនបានទេ ជុំវិញបញ្ហានេះ។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មើលឃើញថា ជាញឹកញាប់សន្តិសុខរបស់ក្រុមហ៊ុន ញូញៀន របស់ចិនធ្វើអ្វីមួយមិនខ្លាចញញើតអាជ្ញាធរមូលដ្ឋាននោះទេ ហើយថា សកម្មភាពដែលសន្តិសុខទាំងនោះរារាំងអ្នកភូមិមិនឲ្យធ្វើផ្លូវនេះ គឺបានរំលោភសិទ្ធិពលរដ្ឋ និងសេចក្តីសម្រេចរបស់រដ្ឋាភិបាល។
លោក ហ៊ួរ អ៊ីន បន្ថែមថា៖ «កាលពីឆ្នាំ២០០៨ មានសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី សម្រេចកាត់ឆ្វៀលដីនៅឃុំព្រែកខ្សាច់ហ្នឹងមកឲ្យប្រជាពលរដ្ឋ។ អ៊ីចឹង ខ្ញុំមើលឃើញថា សកម្មភាពដែលក្រុមហ៊ុនប្រើកម្លាំងសន្តិសុខ និងសមត្ថកិច្ចមួយចំនួនទៅរារាំងហ្នឹង រំលោភទៅលើពលរដ្ឋ និងជាអនុវត្តខុសហើយ ព្រោះថា ប្រជាពលរដ្ឋ គាត់គ្រាន់តែធ្វើផ្លូវទេ។ អ៊ីចឹង ពេលក្រុមហ៊ុនមករារាំងអញ្ចឹង ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ពលរដ្ឋហើយ គាត់មិនអាចធ្វើដំណើរទៅទីណាបានដោយសារអត់មានផ្លូវ។»
មេឃុំព្រែកខ្សាច់ រាម សារុំ ឲ្យដឹងថា ផ្លូវដែលអ្នកកំពុងធ្វើនោះមានប្រជាពលរដ្ឋជិត ១៨៤គ្រួសារមកពីភូមិចំនួនពីរដែលត្រូវប្រើប្រាស់ និងឆ្លងកាត់ប្រចាំថ្ងៃ៕