អាជ្ញាធរខេត្តក្រចេះព្រមានដកហូតយកដីធ្លីពីអ្នកភូមិនៅឃុំ២ធ្នូ ស្រុកស្នួលវិញ ដែលអាជ្ញាធរខេត្តនេះអះអាងថា អ្នកភូមិទាំងនោះមិនព្រមចូលទៅកាន់ដីដែលអាជ្ញាធរបានវាស់វែងចែកឲ្យតាមមុខសញ្ញារួចរាល់ហើយ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា រដ្ឋបាលខេត្តក្រចេះ ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦៨៩គ្រួសារ ក្នុងចំណោមពលរដ្ឋ៨៧៨គ្រួសារ ដែលត្រូវទទួលបានដីគឺបានចូលទៅកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលគណៈកម្មការបានវាស់វែងដីសម្បទានសង្គមកិច្ចចែកជូនពេលកន្លងមក។ ប៉ុន្តែ ពលរដ្ឋ១៨៩គ្រួសារទៀតមិនបានចូលកាន់កាប់ ឬប្រើប្រាស់ដីរបស់ខ្លួនឡើយ ហើយពលរដ្ឋទាំងនោះប្រឈមនឹងការដកហូតយកដីមកវិញ។
រដ្ឋបាលខេត្តក្រចេះឲ្យដឹងថា ការងាររបស់ខេត្តនឹងចូលបោះជំរុំដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋត្រូវទទួលបានដីក្នុងរយៈពេល១៤ថ្ងៃ ប្រសិនបើពលរដ្ឋទាំងនោះ ជាពិសេសពលរដ្ឋនៅក្រុម៨ ដល់ក្រុម៣៦ មិនមកចូលរួមការពារដីក្នុងរយៈពេល១៤ថ្ងៃជាមួយអាជ្ញាធរទេ នឹងត្រូវដកហូតយកដីពួកគេមកជាដីរដ្ឋវិញ ដោយគិតត្រឹមថ្ងៃទី១២ ខែមេសាខាងមុខនេះ។
កាលពីថ្ងៃទី១១ ខែមករា ពលរដ្ឋជាង១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ បានព្រមទទួលយកដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលក្នុងមួយគ្រួសារ២ហិកតា ដើម្បីបញ្ចប់ជម្លោះ បន្ទាប់ពីពួកគេឡើងមកតវ៉ានៅភ្នំពេញចំនួន១១ដង។ ប៉ុន្តែ នៅថ្ងៃ៥ ខែមីនា ពលរដ្ឋរាប់រយនាក់បានឡើងមកតវ៉ាដល់ភ្នំពេញម្តងទៀត ដោយថា អាជ្ញាធរខេត្តបានបែងចែកដីឲ្យពួកគាត់ជាន់លើដីរបស់ពលរដ្ឋមួយក្រុមផ្សេងទៀត ដែលបានកាន់កាប់ដីនោះយូរឆ្នាំ និងមានផលដំណាំធំៗរួចទៅហើយ ដែលធ្វើឲ្យពួកគេមិនអាចទទួលយកបាន៕









