បុរស​​ម្នាក់​​ត្រូវ​​បាន​​សមត្ថកិច្ច​​ចាប់​​ខ្លួន ក្រោយ​​ទះ​​កំផ្លៀង​​លើ​​ស្ត្រី​​ម្នាក់​

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Phnom Penh Gendarmerie

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់នៅថ្ងៃនេះ ដែលបានទះកំផ្លៀងទៅលើ​ស្ត្រីម្នាក់ឱ្យដួលទៅលើថ្នល់ កាលពីថ្ងៃអង្គារកន្លងមកនេះ។

ទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃនេះ បានឱ្យដឹងថា កម្លាំងជំនាញរបស់កងរាជអាវុធហត្ថ​ បាន​កំណត់អត្តសញ្ញាណជនសង្ស័យថា ជាបុគ្គលិកក្រុមហ៊ុនមួយ ប៉ុន្តែ សមត្ថកិច្ចមិនអាច​បញ្ជាក់ថា ជាក្រុមហ៊ុនអ្វីនោះទេ។

បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យ ​មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានស្នើទៅក្រុមហ៊ុនឲ្យជននោះចេញមុខទទួលខុសត្រូវ។

ប្រភពដដែលបន្ថែមថា ពីរថ្ងៃបន្ទាប់ ក្រុមហ៊ុន​នោះបាន​នាំ​ជនសង្ស័យឈ្មោះ ឡោ ប៊ុនភ័ក្ត្រ មកប្រគល់ឱ្យសមត្ថកិច្ចដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

ទំព័រហ្វេសប៊ុក​បញ្ជាក់ថា៖ «ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនឯកជនមួយ»

បច្ចុប្បន្នកម្លាំងជំនាញ កំពុងសួរនាំជនសង្ស័យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។​

កាលពីថ្ងៃម្សិលមិញ វីដេអូមួយ ដែលបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីហេតុការណ៍ហិង្សាទៅលើស្ត្រីម្នាក់ ដែលកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ​ នៅចំណុចកែងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​។

វីដេអូនោះ បានបង្ហាញពីសកម្មភាពទំនាស់ពាក្យសម្តីរវាងជនសង្ស័យ លោក ឡោ ប៊ុនភ័ក្ត្រ ​ដែលចុះពីរថយន្តទំនើបចូលទៅកាន់កន្លែង​លក់ថ្នាំពេទ្យមួយកន្លែង ជាមួយស្ត្រីម្នាក់ក្នុងចំណោមស្ត្រីពីរនាក់ដែលដើរនៅតាមផ្លូវ។  

ក្រោយប្រកែកគ្នា បុរសជនសង្ស័យ ក៏ដើរចេញពីកន្លែងលក់ថ្នាំពេទ្យ មកវាយមួយកំផ្លៀងទៅលើស្ត្រីម្នាក់ដែលប្រកែកគ្នានោះ បណ្តាលឱ្យដួលមួយជំហរទៅលើថ្នល់តែម្តង។ ក្រោយកើតហេតុការណ៍ហិង្សានេះ បុរសដដែលក៏បានបើករថយន្តចេញទៅបាត់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ