បទយកការណ៍៖ ពលរដ្ឋ​មួយ​ចំនួន​បោះ​បង់​របរ​ចិញ្ចឹម​ក្រពើ​ ព្រោះ​តែ​តម្លៃ​ប្រែប្រួលតាមមាត់​របស់​ឈ្មួញ

បុរសម្ចាស់ទីតាំងចិញ្ចឹមសត្វក្រពើមួយ ដែលស្ថានីយ៍វារីវប្បកម្មចិញ្ចឹមក្រពើនោះស្ថិតនៅឃុំសំបួរ​ ស្រុកសៀមរាប ខេត្តសៀមរាប។ រូបភាព៖ ពេជ្រ ចំរុង

នៅប៉ុន្មានឆ្នាំនេះ អ្នកចិញ្ចឹមក្រពើបានត្អូញត្អែរពីតម្លៃដែលពួកគេលក់ទៅឲ្យឈ្មួញ ដោយសារតម្លៃនៅលើទីផ្សារមានការប្រែប្រួលជានិច្ច ដោយនៅឆ្នាំខ្លះលក់បានថ្លៃខ្ពស់បន្ដិច ប៉ុន្ដែ នៅឆ្នាំបន្ទាប់ បែរជាធ្លាក់ចុះថ្លៃទៅវិញ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយចំនួន បានបោះបង់មុខរបរនេះចោល ព្រោះចំណាយអស់ប្រាក់ និងកម្លាំងកាយច្រើន ប៉ុន្ដែ ការទទួលបានផលចំណេញតិច។

បើទោះតម្លៃមានការប្រែប្រួលបែបនេះក្ដី ម្ចាស់ចិញ្ចឹមក្រពើមួយចំនួនក៏នៅតែបន្ដអាជីវកម្មរបស់ពួកគេ ដោយសង្ឃឹមថា តម្លៃនឹងឡើងថ្លៃវិញនាពេលខាងមុខ។

កំពុងមើលការខុសត្រូវកម្មករដែលកំពុងតែឲ្យចំណីដល់សត្វក្រពើ និងខ្លះកំពុងថែទាំពងក្រពើដែលទើបនឹងកើត ម្ចាស់ស្ថានីយ៍វារីវប្បកម្មចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅឃុំសំបួរ​ ស្រុកសៀមរាប ខេត្តសៀមរាប លោក អ៊ុំ សុមន្ថា បានឆ្លៀតពេលបន្ដិចផ្ដល់បទសម្ភាសន៍ជាមួយអ្នករាយការណ៍ព័ត៌មាន វី.អូ.ឌី ថា លោកបានប្រកបមុខរបរចិញ្ចឹមក្រពើនេះជាង ១០ឆ្នាំមកហើយ។ កសិដ្ឋានរបស់គាត់ គឺស្ថិតនៅលើដីទំហំប្រមាណ១ហិកតាកន្លះ និងមានអាងចិញ្ចឹមក្រពើធំៗ ចំនួន២ និងមានក្រពើតូចធំសរុបជាង ១ពាន់ក្បាល។

លោក អ៊ុំ សុមន្ថា ប្រាប់ថា កសិដ្ឋានរបស់គាត់គឺចិញ្ចឹមយកកូនក្រពើ និងចិញ្ចឹមក្រពើជំទង់ដើម្បីយកស្បែកលក់ឲ្យឈ្មួញមកពីប្រទេសជិតខាង ដូចជា ឈ្មួញថៃ និងវៀតណាម។ លោកសង្កេតឃើញថា រយៈពេល២ឆ្នាំចុងក្រោយនេះ ទីផ្សារក្រពើមានការប្រែប្រួល និងធ្លាក់ចុះជាបន្ដបន្ទាប់ គឺតម្លៃក្រពើបានធ្លាក់ចុះពី ២៧ដុល្លារ មកនៅត្រឹម ១២ដុល្លារ សម្រាប់កូនក្រពើក្នុងមួយក្បាល ហើយវាបានធ្លាក់ចុះថែមទៀតរហូតដល់តម្លៃក្រោម ៩ដុល្លារ។ លោកថា កូនក្រពើនៅកសិដ្ឋានរបស់គាត់ញាស់បានជាមធ្យមជាង ១ម៉ឺនក្បាល និងទទួលបានប្រាក់ចំណូលជាង ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។  

ក្រៅពីទិញកូនក្រពើ លោកថា ពួកឈ្មួញក៏ប្រមូលទិញក្រពើយកស្បែកពីកម្ពុជាផងដែរ ដោយតម្លៃបានធ្លាក់មកត្រឹមពី ៤ ទៅ៥ដុល្លារក្នុងមួយគីឡូប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនៗ តម្លៃគឺពី៦ ទៅ៧ដុល្លារ។ យ៉ាងណាក៏ដោយ លោកថា ការប្រមូលទិញក្រពើយកស្បែកនេះ ហាក់មានភាពស្ងប់ស្ងាត់ និងមិនសូវមានទីផ្សារទេនាពេលបច្ចុប្បន្ននេះ។     

លោកបន្ដថា៖ «កាលវាចាប់ញាស់ គឺនៅពាក់កណ្ដាលខែ៥ គឺចាប់ផ្ដើមញាស់ហើយ។ ពួកអ្នកដែលចិញ្ចឹមក្រពើទាំងអស់នេះគឺសម្រុកលក់ហើយ ព្រោះខ្លាចក្រពើធ្លាក់ថ្លៃ ពីព្រោះប្រសិនបើអ្នកណាចិញ្ចឹមទៅ វាញាស់មុនគេ អាហ្នឹងវាតម្លៃគួរសមបន្ដិច […] តម្លៃកូនក្រពើទាល់តែពេលវាញាស់ បានមានហាងឆេង ដល់ញាស់ គេត្រូវការច្រើន ក្រពើហ្នឹងអាចឡើងបន្ដិចទៅ បើគេមិនត្រូវការទេ ស្ងប់ អាចចុះ ចុះយកតែមែនទែន។»

ម្ចាស់កសិដ្ឋានវ័យ៥០ឆ្នាំរូបនេះបន្ដថា លោកមិនអាចទាយទុកមុនអំពីតម្លៃទីផ្សារក្រពើនៅកម្ពុជាបានទេ ដោយថា វាអាស្រ័យទៅលើការកំណត់ និងតម្រូវការជាក់ស្ដែងរបស់ឈ្មួញ ខណៈលោកថា កសិករកម្ពុជានៅមិនទាន់មានបច្ចេកទេសក្នុងការចិញ្ចឹម និងមិនមានទីតាំងធំទូលាយសម្រាប់ការថែរក្សាកូនក្រពើឲ្យត្រូវតាមស្ដង់ដារ ជាពិសេសដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃនោះឡើយ។

លោកថា មូលហេតុនេះហើយធ្វើឲ្យម្ចាស់កសិដ្ឋានខ្នាតតូច និងការចិញ្ចឹមជាលក្ខណៈគ្រួសារខ្លះបានបង្ខំចិត្ដផ្អាកអាជីវកម្មរបស់ពួកគេ។  

លោកបន្ដថា៖ «ចំពោះតម្លៃហ្នឹង គិតទៅ បើអ្នកចិញ្ចឹមតិចតួច គឺខាត អត់ចំណេញទេ អ្នកចិញ្ចឹមត្រឹម១០០ក្បាលអីឡើង វាអត់ចំណេញទេ។ ប៉ុន្ដែ អ្នកចិញ្ចឹមច្រើន គេចំណេញ ពីព្រោះបើតម្លៃត្រឹម១០ដុល្លារ ឬ៨ដុល្លារ ក៏នៅតែចំណេញដែរ គ្រាន់តែថា យើងចិញ្ចឹមច្រើនទៅបានកូនច្រើនដែរ ដល់អ្នកចិញ្ចឹមតិចបានកូនមកតិច ទប់អត់បាន អញ្ចឹងហើយធ្វើឲ្យអ្នកចិញ្ចឹងខ្លះ បាត់ចង់ចិញ្ចឹមហើយ។»

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងទៀត ស្ថិតនៅភូមិវិហារចិន ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប អ្នកស្រី ស សុខា ប្រាប់ថា កសិដ្ឋានរបស់គាត់ចិញ្ចឹមក្រពើជាង ១០០ក្បាល ដោយថា ដើម្បីយកកូនទៅលក់ឲ្យឈ្មួញ ដែលចាប់ផ្ដើមនៅខែឧសភា។

អ្នកស្រីសង្កេតឃើញថា តម្លៃទីផ្សារក្រពើមានការប្រែប្រួលជាបន្ដបន្ទាប់ក្នុងរយៈពេល ៣ ទៅ៤ឆ្នាំចុងក្រោយនេះ ហើយថា កាលពីឆ្នាំមុន កូនក្រពើក្នុងមួយក្បាលលក់បានតម្លៃ ១៧ដុល្លារ ប៉ុន្ដែ បានធ្លាក់ចុះបន្ដទៀតរហូតដល់ត្រឹមតែ ៩ដុល្លារ ឬក្រោមនេះ។

អ្នកស្រីរំលឹកថា នៅឆ្នាំ២០១៩ កូនក្រពើនៅកសិដ្ឋានរបស់គាត់ញាស់បានចន្លោះពី ១០០០ ទៅ១៥០០ក្បាលក្នុងមួយឆ្នាំ និងរកចំណូលបានប្រមាណ ៧ពាន់ដុល្លារ។ យ៉ាងណាក៏ដោយ អ្នកស្រីថា ចំណូលបានមកពីការលក់ក្រពើនេះ គឺចំណេញបានតិចតួច បន្ទាប់ពីឈ្មួញទម្លាក់តម្លៃតាមចិត្ដរបស់ពួកគេ។ 

អ្នកស្រីបន្ដថា៖ «ទីផ្សារពិបាកណាស់ វាឡើងចុះៗ បើវាញាស់ដំបូងអញ្ចឹងទៅ វាបានថ្លៃតិចទៅ ឲ្យតែញាស់រៀងច្រើនតិច ដឹងតែធ្លាក់ថ្លៃ។ បើឆ្នាំទៅ អាដំបូង បាន១៧ដុល្លារអីដែរ ដល់ក្រោយមកទៀត ចុងដៃ បានតែ ៩ដុល្លារ […] មិនសូវដឹងដែរ ឲ្យតែញាស់រៀងច្រើន គេទម្លាក់តម្លៃ ស្រេចតែទៅលើគេទេ និយាយទៅ។»

អ្នកស្រីបន្ដថា ការចញ្ចឹម និងមើលថែក្រពើមានការលំបាក ហើយម្យ៉ាង អ្នកស្រីមិនសូវយល់ដឹងអំពីតម្លៃទីផ្សារក្រពើដែលចេះតែឡើងចុះ ខណៈចំណីត្រីសម្រាប់សត្វក្រពើក៏ចំណាយខ្ពស់ជាងមុន។

អ្នកស្រីបន្ដថា៖ «ប្រភេទត្រីឡាប់យ៉ាច្រើនយមកពីថៃ បើសៀមរាបយើងគ្មានទេ ត្រីទន្លេ ពីឆ្នាំមុនៗ មានត្រីទន្លេខ្លះ តែឥឡូវ កន្លងមកប៉ុន្មានឆ្នាំនេះ អត់មានទេត្រីទន្លេ។»

នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន សាវិន សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយថា លោកក្ដាប់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។  

បើតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកក្រសួងកសិកម្ម កាលពីចុងខែមករាកន្លងទៅ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ​​បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើ​​​មួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។ ក្នុងនោះ លោក វេង សាខុន ក៏បានប្រាប់ឲ្យម្ចាស់កសិដ្ឋាននោះសហការ​​​ជាមួយរដ្ឋបាលជលផល ក្នុងការអនុវត្តការងារបច្ចេកទេសបន្ថែមទៀត ដើម្បីឲ្យកូនក្រពើត្រូវតាមស្តង់ដាទីផ្សារ​​​អន្តរជាតិ ជាពិសេសការនាំទៅលក់នៅទីផ្សារចិន។

ប្រធាននាយកដ្ឋានរដ្ឋបាលជលផលនៃ​ក្រសួង​កសិកម្ម លោក អេង ជាសាន បានប្រាប់ VOD បន្ថែមថា កម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញក្រពើទៅកាន់ប្រទេសចិន និងប្រទេសផ្សេងបន្ថែម​​​ទៀត។ ​​​លោកថា កន្លងមក ក្រសួងកសិកម្មបានចុះបញ្ជីនាំចេញក្រពើជាមួយអង្គការ សាយតេស (CITES) ប្រទេសស្វីស ប៉ុន្តែ នៅមិនទាន់មានការនាំចេញជាផ្លូវការនៅឡើយនោះទេ។ លោកបន្ដថា បច្ចុប្បន្ន កម្ពុជានាំចេញកូនក្រពើប្រមាណជា ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ។

យោងរបាយការណ៍​របស់​ក្រសួង​​កសិកម្ម​​ មកទល់ពេលនេះ នៅប្រទេសកម្ពុជា មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រហែលជា ៧០០​កន្លែង​នៅ​ទូទាំង​ប្រទេស​  ​ហើយ​ក្នុង​នោះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន​ ៤៤៥កន្លែង ​ត្រូវ​បាន​​ចុះ​បញ្ជី​នៅ​ក្រសួង​កសិកម្ម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ