​អង្គការ​ជន​ពិការ​ថា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្តល់​ហ្វ្រេកង់​វិទ្យុ​ឲ្យ​លោក​នៅ​ភ្នំពេញ​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតអោយ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិរបស់អង្គការ ជនពិការកម្ពុជា និងក្រុមការងារ បានជួបសំណេះសំណាល នាព្រឹកថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៥។ រូបភាព៖ ហ្វេសប៊ុក VPD Radio

អ្នកគ្រប់គ្រងអង្គការជនពិការ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសន្យាផ្តល់ហ្វ្រេកង់វិទ្យុឲ្យលោកដំណើរការនៅភ្នំពេញ​នៅ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ

នាយក​អង្គការ​ជនពិការ​កម្ពុជា​ លោក ងិន សៅរ័ត្ន ប្រាប់ VOD នៅព្រឹកនេះថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សន្យា​ផ្ដល់​ហ្វ្រេកង់​វិទ្យុ​កម្រិត ១​គីឡូ​វ៉ាត់​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​អង្គការ​របស់​លោក​ផ្សព្វផ្សាយ​ពី​បញ្ហា​របស់​ជន​ពិការ។

លោក សៅរ័ត្ន បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សន្យា​បែប​នេះ​ក្នុង​ជំនួប​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ឯ​ទីស្ដីការ​ក្រសួង​ព័ត៌មាន​ផ្ទាល់។

​លោក សៅរ័ត្ន ឲ្យ​ដឹង​បន្ថែម​ថា លោក​កំពុងទាក់ទងទៅខាងមន្ត្រីក្រសួងព័ត៌មាន ដើម្បីដំណើរការកម្មវិធីវិទ្យុរបស់លោកក្រោយចូលឆ្នាំខ្មែរ ដោយលោកបានត្រៀមទាំងសម្ភារ និងធនធានមនុស្សរួចហើយ។

លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជារឿងមួយល្អសម្រាប់បងប្អូនជនពិការ ក៏ដូចអង្គការកម្ពុជាយើង ដោយសារវិទ្យុហ្នឹងអាចជួយឲ្យអង្គការជនពិការយើងផ្សព្វផ្សាយអំពីសិទ្ធិរបស់ជនពិការ ច្បាប់ស្តីពីកិច្ចការពារជនពិការ ក៏ដូចជា អនុសញ្ញាសិទ្ធិជនពិការព្រមទាំងការអនុវត្តល្អនានា និងសេវាកម្មដែលផ្តល់ដោយរដ្ឋាភិបាលដល់បងប្អូនជនពិការកម្ពុជារបស់យើង។ ដូច្នេះ ការផ្សព្វផ្សាយទាក់ទងនឹងការលើកទឹកចិត្តដល់បងប្អូនជនពិការ ហើយនិងសេវាបងប្អូនជនពិការ ពិតជាអាចទូលំទូលាយដល់បងប្អូនជនពិការដែលរស់នៅភ្នំពេញ។»

អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃក្រសួង​ព័ត៌មាន លោក​ ផុស សុវណ្ណ ប្រាប់ VOD ថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះច្បាស់នៅឡើយទេ និងថា ហ្វ្រេកង់នៅភ្នំពេញបាន​ពេញអស់ហើយ ប៉ុន្តែ លោកនឹងពិនិត្យមើលបន្ទាប់ពីចូលឆ្នាំខ្មែររួច។

លោក​ ផុស សុវណ្ណ មានប្រសាសន៍ថា៖ «ខ្ញុំដូចអត់ទាន់ច្បាស់ដែរអូន! ប្រហែលជាគាត់បានជូនពរឯកឧត្តមរដ្ឋមន្ត្រីអ៊ីចឹងទៅ ប្រហែលជាគាត់មានការសន្យាអីមិនដឹងណា៎? អត់អីទេ! ឯកឧត្តមរដ្ឋមន្ត្រី គាត់តែង​គាំទ្រ ប៉ុន្តែ ប្រហែលហ្វ្រេកង់ក៏ខ្ញុំមិនធានាថា នៅភ្នំពេញមានដែរ មើលទៅ ប្រហែលជាមាននៅតាមខេត្តអីទេមិនដឹង? យើងគិតអញ្ចឹងសិនទៅ ប្រហែលក្រោយចូលឆ្នាំទៅអាចមាន…។»

បើតាម លោក សៅរ័ត្ន អង្គការជនពិការកម្ពុជាកំពុងដំណើរការផ្សព្វផ្សាយកម្មវិធីវិទ្យុពីបញ្ហាជនពិការនៅខេត្តចំនួនបី នៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

បើ​តាមអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ កម្មវិធី​ផ្សាយ​បន្ត​ពី​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​មួយ​ចំនួន ដែល​ផ្សាយ​លើ​វិទ្យុ​ចំនួន ៣២​កន្លែង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក ខណៈ​ដែល​អង្គការ​មួយ​នេះ ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយតាម​វិទ្យុ​នានា​ថា ផ្សព្វផ្សាយ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល ដែល​គ្មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់។

តាម​របាយការណ៍​ចង​ក្រង​របស់​អង្គការ​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​វិទ្យុ​ទាំង ​៣២​នោះ​ ស្ថិត​នៅ​ក្នុង​រាជធានី​-ខេត្ត​ចំនួន ​២០​ ដែល​បាន​ជួល​ម៉ោង​សម្រាប់​ផ្សាយ​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ វិទ្យវីអូអេ​ និង​ វិទ្យុវីអូឌី​។ ខេត្ត​ទាំង​នោះ​ រួម​មាន​ខេត្ត​ ត្បូងឃ្មុំ​ ស្វាយរៀង​ ស្ទឹងត្រែង​ សៀមរាប​ ពោធិ៍សាត់​ និង​ ប៉ៃលិន​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ