មន្ដ្រីអង្គការសង្គមស៊ីវិល បានបង្ហាញក្ដីព្រួយបារម្ភជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា និងជំរុញឲ្យមន្ដ្រីកាំកុងត្រូលពង្រឹងការត្រួតពិនិត្យទំនិញខូចគុណភាពដែលហូរមកពីប្រទេសជិតខាងអំឡុងពេលបុណ្យចូលឆ្នាំខាងមុខ។
ប្រធានផ្នែកបរិស្ថាន និងសុខភាពរបស់អង្គការសេដាក លោក គាម មករាឌី មានប្រសាសន៍ថា នៅពេលបុណ្យជាតិធំៗម្ដងៗ ប្រទេសកម្ពុជាតែងនាំចូលគ្រឿងឧបភោគ និងបរិភោគរាប់រយតោនពីប្រទេសជិតខាង ដូចជា បន្លែ ត្រីសាច់ ផ្លែឈើ និងសាច់ជ្រូក ជាដើម។
លោកថា កម្ពុជានាំចូលបន្លែពីខាងក្រៅជាមធ្យមចន្លោះពី ៣០០ ទៅ៥០០តោនក្នុងមួយថ្ងៃ ហើយចំនួននេះអាចកើនឡើងថែមទៀតនៅពេលបុណ្យជាតិម្ដងៗ ខណៈត្រីសាច់ និងការនាំចូលជ្រូកក៏នាំចូលច្រើនផងដែរ។ ប៉ុន្ដែ លោកព្រមានថា ទំនិញ ឬផលិតផលដែលនាំចូលអស់ទាំងនេះ ក៏អាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពប្រជាពលរដ្ឋផងដែរ ដោយសារ វាគ្មានប្រភពច្បាស់លាស់ ផ្ទុកទៅដោយសារធាតុគីមី និងសារធាតុពុលផ្សេងទៀត។
លោកបន្ដថា៖ «ឧទាហរណ៍បន្លែនាំចូល ដូចជា ៣០០ ទៅ៥០០តោនក្នុងមួយថ្ងៃ ហើយដល់ពេលមានពិធីបុណ្យអាចលើសហ្នឹង […] អ្វីដែលយើងព្រួយបារម្ភ គឺថា វាអត់មានប្រភពច្បាស់លាស់ អត់ដឹងថា តើមានការប្រើប្រាស់សារធាតុអីខ្លះដើម្បីថែរក្សាទុកបានយូរ ហើយអត់ដឹងមានប្រើប្រាស់សារធាតុគីមីដែលមានគ្រោះថ្នាក់អី អញ្ចឹង!»
មន្ដ្រីអង្គការសេដាករូបនេះជំរុញឲ្យមន្ដ្រីជំនាញបន្ដពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលទំនិញ និងផលិតផលទាំងឡាយ ដែលគ្មានប្រភពច្បាស់លាស់ ដោយថា ដើម្បីកុំឲ្យបញ្ហានេះបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
លោកបន្ដថា៖ «ប៉ុន្ដែ ប្រសិនបើមានការត្រួតពិនិត្យល្អ ផលិតផលត្រូវបានផ្នែកជំនាញត្រួតពិនិត្យថា តើសារធាតុគីមីមួយចំនួនដែលប្រើលើចំណីអាហារ ត្រូវឃាត់មិនឲ្យនាំចូលក្នុងប្រទេសកម្ពុជាយើងជាការល្អ។»
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បង្ហាញការយល់ឃើញប្រហាក់ប្រែលគ្នានេះ ដោយលោកបន្ទោសទៅលើមន្ដ្រីកាំកុងត្រូល ដែលបណ្ដែតបណ្ដោយឲ្យទំនិញខុសច្បាប់ និងខូចគុណភាពហូរចូលមកក្នុងប្រទេសកម្ពុជា។
លោកបន្ដថា៖ «ការនាំចូលគ្រឿងឧបភោគ បរិភោគហ្នឹង គឺហូរចូលខ្លាំងបំផុតមកពីប្រទេសជិតខាង ពីព្រោះថា ប្រជាពលរដ្ឋខ្មែរអំឡុងពេលហ្នឹង គឺគាត់បានផ្អាកការប្រកបមុខរបរបណ្ដោះអាសន្ន ដើម្បីសម្រាកជួបជុំក្រុមគ្រួសារ […] គ្រឿងឧបភោគ បរិភោគនៃការនាំចូល ក៏អាចបង្កជាបញ្ហាប៉ះពាល់ដែរ ប្រសិនបើមន្ដ្រីកាំកុងត្រូលមិនបានត្រួតពិនិត្យត្រឹមត្រូវលើសុវត្ថិភាពចំណីអាហារ។»
អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ឌឹម ថេង ប្រាប់ VOD ថា មន្ដ្រីជំនាញកំពុងបន្ដពង្រឹងការត្រួតពិនិត្យលើទំនិញផ្ទុកសារធាតុគីមី និងខូចគុណភាព ដែលកំពុងចរាចរណ៍លើទីផ្សារក្នុងប្រទេសកម្ពុជា ជាពិសេសនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោកថា ទំនិញទាំងអស់នោះគឺជាប្រភេទគ្រឿងបរិភោគ ដែលបានលួចលាក់ផលិតនៅក្នុងស្រុក និងខ្លះទៀតនាំចូលមកពីក្រៅប្រទេស។ លោកជំរុញឲ្យពលរដ្ឋបង្កើនការយល់ដឹង និងពិនិត្យឲ្យបានច្បាស់មុននឹងទិញផលិតផលទាំងនោះ ដើម្បីបង្ការការពុលអាហារ បញ្ហាកង្វះអនាម័យ និងបញ្ហាសុខភាពនានា។
លោកបន្ដថា៖ «ការងារកាំកុងត្រូលត្រូវបានដកចេញពីការងារតាមមាត់ច្រកទ្វារព្រំដែនហើយ ការងារនេះជាការងារបស់គយ […] ទំនិញភាគច្រើនគឺជាទំនិញដែលយើងទទួលទាន ដែលសង្កត់ធ្ងន់ដោយសារតែវាមានផលប៉ះពាល់ដល់សុខភាព ក្នុងករណីដែលការដាក់លក់មិនត្រឹមត្រូវ ដែលយើងតែងតែអប់រំ ណែនាំតាមរយៈសិក្ខាសិលាដល់សិស្សានុសិស្ស ក៏ដូចជាអាជីវករផ្សេងៗ។»
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ មេសាកន្លងមកនេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ននៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ ចំពោះការទទួលទានអាហារមិនមានអនាម័យ និងការពិសារនូវគ្រឿងស្រវឹងផ្សេងៗ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលដដែល នៅក្នុងឆ្នាំ២០១៨ មានករណីពុលចំណីអាហារចំនួន១៩ករណី មានអ្នកពុលចំនួន ៨៥២នាក់ ក្នុងនោះ ស្លាប់១៣នាក់ និងពុលស្រា ៥ករណី ហើយមានអ្នកពុលស្រាចំនួន ២០៦នាក់ ក្នុងនោះ ស្លាប់១២នាក់។ ជាងនេះទៅទៀត រយៈពេល ៣ខែដើមឆ្នាំ២០១៩ មានករណីពុលចំណីអាហារចំនួន៦ករណី ដោយមានអ្នកពុលសរុប ២៤៦នាក់ ក្នុងនោះស្លាប់២នាក់។
ចំណែករបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ហាញថា ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំ២០១៧ ស្ថាប័ននេះបានរកឃើញផលិតផលក្លែងក្លាយ និងគ្រឿងទេសខូចគុណភាពប្រមាណជា ៦០០តោន។ ក្រោយមក នៅឆ្នាំ២០១៨ សមត្ថកិច្ចក៏បានរឹបអូស និងដុតបំផ្លាញចោលទំនិញក្លែងក្លាយជាបន្តបន្ទាប់ ដែលមានទម្ងន់ជាង២០០តោន។ ចំណែកនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះបង្រ្កាប និងរឹបអូសបានផលិតផលក្លែងក្លាយ ឱសថខុសច្បាប់ និងផុតសុពលភាពរាប់រយតោនផងដែរ៕









