ពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ បារម្ភ​ចោរ​គាស់​ផ្ទះ​ពេល​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​

ពលរដ្ឋមួយចំនួនរៀបចំធ្វើដំណើរចេញទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការព្រួយបារម្ភចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ នៅពេលដែលពួកគាត់ទៅលេងស្រុកកំណើត នារដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុងឱកាសបុណ្យប្រពៃណីខ្មែរ ប្រជាពលរដ្ឋដែលចំណាកស្រុកមកធ្វើការ និងប្រកបរបរផ្សេងៗក្នុងរាជធានីភ្នំពេញជាច្រើន នឹងត្រឡប់ទៅលេងស្រុកកំណើត ប៉ុន្តែ ពួកគាត់មានការស្ទាក់ស្ទើរក្នុងការចាកចេញពីផ្ទះ ដោយបារម្ភចោរគាស់ផ្ទះ។ ពួកគាត់បានអំពាវនាវដល់សមត្ថកិច្ចក្នុងមូលដ្ឋានជួយការពារផ្ទះ។

ស្រ្តីវ័យចំណាស់ម្នាក់ ឈ្មោះ រស់ សុខេន អាយុ ៦៣ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជារៀងរាល់ឆ្នាំ អ្នកស្រី និងក្រុមគ្រួសារទៅលេងផ្ទះនៅខេត្តតាកែវ នៅរដូវបុណ្យចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌ។

អ្នកស្រីថា​ នៅពេលទៅលេងផ្ទះម្តងៗ អ្នកស្រីតែងតែមានការព្រួយបារម្ភចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ។ អ្នកស្រីអះអាងថា កាលពីឆ្នាំមុន ចោរបានគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់អ្នកជិតខាង នៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ដោយអ្នកជិតខាងបានទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ចាម ។

អ្នកស្រី រស់ សុខេន បានមានប្រសាសន៍ថា៖ «ខ្ញុំដល់ពេលចូលឆ្នាំ ខ្ញុំបារម្ភណាស់។ ដល់ពេលទៅស្រុក ខ្លាចចោរកាត់សោរលួចអីវ៉ាន់អស់នៅក្នុងផ្ទះ។ ហើយកាលមុន អ្នកជិតខាងជាប់ផ្ទះខ្ញុំនេះ! គាត់ទៅស្រុក គាត់ចាក់សោរក្រៅ ចូលឆ្នាំ ឆ្នាំទៅដែរហ្នឹង គាត់ចាក់សោរក្រៅ ចោរកាត់សោរ លួចឥវ៉ាន់គាត់អស់។»

ប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី គៀន រស្មី អាយុ២៩ មានស្រុកកំណើត នៅខេត្តស្វាយរៀង។​ អ្នកស្រីរស់នៅរាជធានីភ្នំពេញអស់រយ:ពេល៩ឆ្នាំ។ នៅរដូវចូលឆ្នាំ គាត់មានការស្ទាក់ស្ទើរក្នុងការទៅលេងស្រុកកំណើត ដោយបារម្ភបញ្ហាចោរគាស់ផ្ទះ។ ប៉ុន្តែ អ្នកស្រីត្រូវបង្ខំចិត្តទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងសាច់ញាតិ។ អ្នកស្រីបានសំណូមពរឲ្យសមត្ថកិច្ចដើរល្បាតនៅតាមភូមិសាស្រ្ត និងគោលដៅនីមួយៗ នៅពេលដែលពួកគាត់ បិទទ្វារផ្ទះទៅលេងស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ។

អ្នកស្រី គៀន រស្មី បានមានប្រសាសន៍ថា៖ «បងមានការព្រួយបារម្ភដែរ អារឿងចោរលួចគាស់ចូលផ្ទះហ្នឹង តែធ្វើម៉េចរដូវបុណ្យចូលឆ្នាំមានម្ដង។ អ៊ីចឹង ត្រូវទៅលេងបងប្អូន។ អ៊ីចឹង ចែមានសំណូមពរឲ្យសមត្ថកិច្ចគាត់ជួយដើរល្បាតផង។»

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង បានលើកឡើងថា បញ្ហាចោរគាស់ផ្ទះកើតមានក្នុងរាជធានីភ្នំពេញ ទោះបីជាម្ចាស់ផ្ទះស្នាក់នៅផ្ទះក៏ដោយ។ លោកថា មូលហេតុដែលមានចោរគាស់ផ្ទះ គឺដោយសារបញ្ហាប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចនៅមានការខ្វះចន្លោះក្នុងការការពារសន្តិសុខ ដែលត្រូវពង្រឹងបន្ថែមទៀត។

លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា៖ «សូម្បីតែមនុស្សនៅផ្ទះ ក៏មានការចូលគាស់ដែរបាទ។ អ៊ីចឹង អានេះជារឿងមួយដែលថាឲ្យអាជ្ញាធរហ្នឹង គួរតែជួយពង្រឹងសុវត្ថិភាពសន្តិសុខថែមទៀត ដើម្បី​ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅលេងកន្លែងកំសាន្តផ្សេងទៀត មិនមានការព្រួយបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិ​​។»

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស​ ថេត បានបញ្ជាដល់កងកម្លាំងនគរបាលក្រុងទាំងអស់ត្រូ​វបង្កើនការទប់ស្កាត់ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ និងទប់ស្កាត់បញ្ហាអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញ។ លោកចេញបទបញ្ជានេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

លោក ស ថេត បានមានប្រសាសន៍ថា៖ «ផែនការដែលបានធ្វើកន្លងទៅ ទាំងខណ្ឌក្ដី ទាំងការិយាល័យជំនាញក្ដី គឺថា សូមឲ្យអនុវត្តទៅតាមនោះ ដូចជា ការការពារនូវលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលគាត់បានទៅកំសាន្តតាមបណ្ដាលខេត្ត អាចនឹងមានចោរគាស់ ចោរលួច​ ឬក៏ចោរឆក់នៅពេលដែលគាត់ធ្វើដំណើរ។ ដូចនេះ យើងត្រូវធានាឲ្យបានទៅតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៅតាមសេចក្ដីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរបស់យើង។»

យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៨ ករណីចោរកម្មទូទាំងប្រទេសមានជាង៥០០ករណី ដែលកើនឡើងជាង៣០០ករណី បើប្រៀបធៀបឆ្នាំ២០១៧។​

របាយការណ៍បញ្ជាក់ថា​ ក្នុងចំណោម​ជាង៣០០ករណីនេះ គឺនៅភ្នំពេញកើនឡើង២០៤ករណី។ ខណ្ឌនៅភ្នំពេញដែលមានបទល្មើសចោរកម្មច្រើនជាងគេគឺនៅ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ