សារចូលឆ្នាំភរិយាលោក កែម ឡី «នឹកស្រុក និងនឹកប្តីខ្លាំងណាស់»

លោកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី (រូប ពីហ្វេសប៊ុក លោកស្រី ប៊ូ រចនា)

ភរិយាលោក កែម ឡី ដែលកំពុងរស់នៅជាមួយកូនៗនៅក្រៅប្រទេសក្នុងភាពជាស្ត្រីមេម៉ាយ លើកឡើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថាលោកស្រី នឹកស្រុកកំណើត និងនឹកប្តីខ្លាំងទោះជាកន្លែងរស់នៅបច្ចុប្បន្នសុខស្រួលក៏ដោយ។​

សារលោកស្រី ប៊ូ រចនា ផ្សព្វផ្សាយលើហ្វេសប៊ុក លោក កែម ឡី នៅថ្ងៃនេះ បានបង្ហាញពីអារម្មណ៍នឹកស្រុក នឹកស្វាមី និងសាច់ញាតិផ្សេងៗទៀត។

លោកស្រី ប៊ូ រចនា៖«ជាង ២ឆ្នាំនេះ នាងខ្ញុំស្ពាយបង្វិចជាស្ត្រីមេម៉ាយ រស់នៅឆ្ងាយពីស្រុកកំណើត។ បើទោះបីទីនេះស្រួលរស់នៅក៏ពិតមែន តែពីរឆ្នាំកន្លងទៅនេះ នាងខ្ញុំពិតជានឹកស្រុកកំណើត នឹកក្រុមគ្រួសារ និងនឹកអនុស្សាវរីយ៍ជាមួយនឹងស្វាមីនាងខ្ញុំណាស់។ ជាង ២ឆ្នាំ​ដែល​គាត់ឃ្លាតឆ្ងាយនេះ​ វាហាក់នៅថ្មីៗ​ នៅនឹងមុខខ្ញុំជានិច្ច។ វាពិបាកបំភ្លេច តែនាងខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ចថា រឹងមាំឡើង។»

ក្រៅពីរៀបរាប់ទុក្ខលំបាកខ្លួនឯងលោកស្រី ប៊ូ រចនា ក៏បានផ្ញើសារលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតដែលលោកស្រីថា មានប្តី ជាប់ឃុំ ឬ ស្លាប់ដោយអយុត្តិធម៌។

លោកស្រី ប៊ូ រចនា៖«ខ្ញុំសរសេរសំបុត្រនេះឡើង មិនមែនក្នុងគោលបំណងផ្តល់នូវភាពសោកសៅ និងភាពអស់សង្ឃឹមនោះទេ តែនាងខ្ញុំមានបំណងចង់សរសេរសារផ្តាំផ្ញើដល់ស្ត្រីៗដែលមាន ស្វាមីជាប់ពន្ធនាគារ ដោយសារភាពអយុត្តិធម៌ ស្វាមីដែលភៀសខ្លួនចេញពីប្រទេសដោយសារការភ័យខ្លាច ស្វាមីដែលគេតាមធ្វើទុក្ខបុកម្និញដោយសារតែធ្វើរឿងដែលត្រឹមត្រូវ និងស្វាមីដែលស្លាប់បាត់បង់ជីវិតដោយសារតែការការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ដូចជាស្វាមីនាងខ្ញុំ ថា សូមរឹងមាំ អត់ធ្មត់ និងមានសង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ។»

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះមួយរូបត្រូវឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅកណ្តាលរាជធានីភ្នំពេញ។​ ក្រោយឃាតកម្មភរិយារបស់លោក រួមជាមួយកូនប្រុស៥នាក់ភៀសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ